របកគំហើញថ្មី! វត្ថុធាតុច្នៃពីសរសៃអំបោះធ្វើអំពីរោមសត្វ អាចចងចាំរូបរាងដើមរបស់ខ្លួន (វីដេអូ)

ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Harvard បានអភិវឌ្ឍដោយជោគជ័យនូវវត្ថុធាតុដែលមានទម្រង់ជាសរសៃអំបោះ keratin មានសមត្ថភាពអាចចងចាំរូបរាងដើមរបស់វាបាន។

នៅក្នុងសេចក្ដីប្រកាសមួយដែលត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Nature កាលពីថ្ងៃទី6កញ្ញា ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Harvard បានឱ្យដឹងថា ពួកគេបានអភិវឌ្ឍដោយជោគជ័យនូវវត្ថុធាតុជីវសាស្ត្រមួយប្រភេទ ដែលអាចបោះពុម្ភ 3D គ្រប់ទម្រង់រូបភាព ហើយវាមានសមត្ថភាព “ចងចាំ” រូបរាងដើមរបស់វា។ អាថ៌កំបាំងគឺនៅត្រង់ធាតុ keratin ដែលជាប្រូតេអ៊ីនប្រភេទសរសៃដែលមាននៅក្នុងសក់ រោម ចំពុះ និងស្នែង។ល។

ក្រុមអ្នកវិទ្យាសាស្ត្របានចម្រាញ់ keratin ពីសរសៃអំបោះកែច្នៃពីរោមសត្វ និងបង្កើតបានជាវត្ថុធាតុទម្រង់សរសៃដែលមានរចនាសម្ព័ន្ធតាមលំដាប់លំដោយ។

ក្រុមអ្នកវិទ្យាសាស្ត្រខាងលើមានសង្ឃឹមថា វត្ថុធាតុថ្មីនេះនឹងអាចយកទៅប្រើនៅក្នុងវិស័យជាច្រើន រាប់ចាប់ពីវិស័យវាយនភណ្ឌ ដល់វិស័យសុខាភិបាល ព្រមទាំងជួយកាត់បន្ថយសំរាមដែលកើតចេញពីសម្លៀកបំពាក់ និងការពារបរិស្ថានផងដែរ៕

ប្រភព៖ CNET

Advertisement