Neuralink របស់ Elon Musk បង្ហើបឱ្យដឹងអំពីប្រព័ន្ធម៉ាស៊ីន​​​បញ្ចូល​ chip កុំព្យូទ័រ​ ទៅក្នុងខួរក្បាលមនុស្ស

Neuralink ទើបតែបានប្រារព្ធពិធីឧទ្ទេសនាមផ្ទាល់នូវប្រព័ន្ធម៉ាស៊ីន​វះកាត់របស់​ខ្លួន​ នៅក្នុងគម្រោងបញ្ចូល​ chip កុំព្យូទ័រ​ទៅក្នុងខួរក្បាលមនុស្សដែលនឹងត្រូវ​អនុវត្ត​ដោយក្រុមហ៊ុន Neuralink របស់មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk។

ក្រុមហ៊ុន Neuralink ថ្មីៗនេះបានធ្វើបទបង្ហាញអំពី demo មួយនៃ chip ដ៏តូចរបស់ខ្លួនដែលមានទំហំប្រហាក់ប្រហែលនឹងកាក់ ដែលក្រុមហ៊ុនកំពុងតែអភិវឌ្ឍ។ Chip នេះនឹងត្រូវបានប្រើសម្រាប់បំពាក់ទៅក្នុងលលាដ៍ក្បាល ហើយអាចអាន និងថតយកសកម្មភាពរបស់ខួរក្បាល។

Chip ដ៏តូចនេះ​ មានទំហំប្រហាក់ប្រហែលនឹងកាក់

ប្រព័ន្ធ​ម៉ាស៊ីន​ និង​ chip ដែលជារ៉ូបូតនេះទំនើប​នេះ​ ត្រូវបានរចនាឡើងដោយក្រុមវិស្វកររបស់ Neuralink និងផលិតដោយ Woke Studios ដែលជាក្រុមហ៊ុនថ្មីមួយមានជំនាញខាងផលិតដៃយន្តសិប្បនិម្មិត មានទីស្នាក់ការនៅសហរដ្ឋអាម៉េរិក។

ខាងក្រោមនេះគឺជាព័ត៌មានខ្លះៗដែលត្រូវបានបង្ហើបឱ្យដឹងដោយក្រុមហ៊ុន Woke Studios អំពីរ៉ូបូតរបស់ ក្រុម​ហ៊ុន​ Neuralink៖

រ៉ូបូតវះកាត់របស់ Neuralink មានកម្ពស់ប្រហែល2.4ម៉ែត្រ និងអាចផ្លាស់ទីបានយ៉ាងល្អ។
ទំហំ ឬប្រវែងរបស់រ៉ូបូត និងសមត្ថភាពនៃការផ្លាស់ទី អនុញ្ញាតឱ្យវាបញ្ជាទៅលើម្ជុលដែលប្រើក្នុងការវះកាត់បានត្រឹមត្រូវបំផុត។
ក្បាលដែលមានតួនាទីរក្សា និងនាំផ្លូវសម្រាប់ឱ្យម្ជុលបញ្ចូល chip ទៅក្នុងលលាដ៍ក្បាល។
នៅលើក្បាលនៃប្រព័ន្ធម៉ាស៊ីន​វះកាត់ មានបំពាក់កាមេរ៉ា និងអង្គវិញ្ញាណជាច្រើន។
លោក Elon Musk បាននិយាយថា រ៉ូបូតនេះអាចតភ្ជាប់ chip បានចំចំណុចបំផុត និងមិនបង្ករបួសស្នាម​ដល់ខួរក្បាល ឬសរសៃឈាមខួរ​ក្បាល​នោះ​ឡើយ។

ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកសរសៃវិញ្ញាណ Neuralink ត្រូវបានលោក Musk បង្កើតឡើងកាលពីឆ្នាំ2016 និងត្រូវបានឧទ្ទេសនាមជាផ្លូវការកាលពីឆ្នាំ2017។

Neuralink មានគោលដៅអភិវឌ្ឍប្រព័ន្ធខួរក្បាល-កុំព្យូទ័រ (brain-machine interfaces) ដែលមានវិសាលភាពធំធេងដើម្បីតភ្ជាប់មនុស្សជាមួយនឹងកុំព្យូទ័រ។ ផលិតផលជាក់ស្ដែងដែលពួកគេកំពុងអភិវឌ្ឍ នោះគឺ chip សម្រាប់បំពាក់ទៅក្នុងលលាដ៍ក្បាល និងភ្ជាប់ទៅនឹងខួរក្បាលដោយផ្ទាល់។

ថ្មីៗនេះ Neuralink បានធ្វើការបំពាក់ chip របស់ពួកគេទៅក្នុងខួរក្បាលសត្វ​ជ្រូក។ លោក Musk ថ្លែងថា សត្វជ្រូកទាំងឡាយដែលត្រូវបានបំពាក់ chip នេះ មានសុខភាពល្អ រីករាយ ហើយមនុស្សមិនអាចដឹងបានថា ជ្រូក​មួយណាជាជ្រូកធម្មតា ឬ​ជ្រូក​បំពាក់​​ chip របស់​កុំព្យូទ័រ​នោះ​ទេ៕

ប្រភព៖ CBS News

Advertisement