ក្រុមឌីហ្សាញ និងវិស្វករ​ Apple កំពុងត្រៀមផលិតម៉ាស់ពិសេស ចែកឱ្យបុគ្គលិក

ក្រុមហ៊ុន Apple គ្រោង​នឹង​ផលិត​ម៉ាស់ 2ប្រភេទ ជាពិសេស​គឺ Apple FaceMask និង Apple ClearMask ដែល​រួមគ្នា​ឌី​ហ្សា​ញ​ដោយ​ក្រុម Industrial Design និង​ក្រុម​វិស្វករ​ប្រចាំ​នៅ Apple ការិយាល័យ​កណ្ដាល​នៅ​អាមេរិក។

ការផលិត​ម៉ាស់​ពិសេស សម្រាប់​ចែកជូន​បុគ្គលិក​ទូទៅ ទាំង​ក្នុង​ហាង Apple Store និង​ក្នុង Office ដើម្បី​បង្ការ​ការឆ្លង​វីរុស​កូ​វីដ-19។ ម៉ាស់ Apple មានការ​ឌី​ហ្សា​ញ​ជា 3ស្រទាប់ ដែលមាន​មុខងារ​ទប់​សារធាតុតូចៗមិនឱ្យ​ចេញទៅ​ក្រៅ និង​ចូលមកក្នុង​បាន ដូច​ម៉ាស់​កំណាត់​ដទៃទៀត​ដែរ តែ​ម៉ាស់​នេះ​អាច​បោក​សម្អាត​ដោយ​ទឹក និង​ប្រើ​ឡើងវិញ​បាន​រហូតដល់ 5ដង។

Apple បាន​ប្រាប់​ដល់ Bloomberg ថា ខ្លួន​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ និង​សាកល្បង​ដោយ​ប្រុងប្រយ័ត្ន​បំផុត ដើម្បី​ស្វែងរក​វត្ថុធាតុដើម​សមរម្យ សម្រាប់​ចម្រោះ​ខ្យល់ ដែល​មិន​ប៉ះពាល់​ដល់​ចង្វាក់​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​ពេទ្យ។

គួរ​ជម្រាបជូន​ដែរ​ថា ក្រុមហ៊ុន Apple បាន​ងាក​មក​ផលិត​ម៉ាស់​នេះ​តាំងពី​ខែមេសា 2020ម្ល៉េះ។ លោក Time Cook នាយក​ប្រតិបត្តិ Apple ក៏​ធ្លាប់បាន​បរិច្ចាគ​ម៉ាស់​ច្រើនជាង ២០លាន​ម៉ាស់​ដែរ អំឡុងពេល​ផ្ទុះ​មេរោគ​កូ​វីដ-19 ភ្លាមៗ ជូន​ដល់​បុគ្គលិក​សុខាភិបាល​ទូទាំង​អាមេរិក ព្រមទាំង​ផលិត​ម៉ាស់ ជា​គ្រឿង​បរិក្ខារ​ពេទ្យ​ជូន​ពួកគេ​ផងដែរ៕

Advertisement