Samsung Galaxy S20 Fan Edition ជាស្មាតហ្វូនកម្លាំងខ្លាំង តែតម្លៃទាបជាង S20 ធម្មតា

កាលពី​យប់​ថ្ងៃទី24 កញ្ញា​កន្លងទៅ ក្រុមហ៊ុន សាម​សុង បានបង្ហាញ​ចេញ​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ពិសេស​គឺ Galaxy S20 Fan Edition ដោយ​វា​មាន​បូក​បញ្ចូល​លក្ខណសម្បត្តិពិសេសៗលើស  Galaxy S20 ដែល​ចេញ​កាលពីដើមឆ្នាំ និង​មានតម្លៃ​ទាប​ជាង​ទៀតផង។

ការ​កុម្ម៉ង់​ទិញ S20 FE លើ​ទីផ្សារ​មួយចំនួន​បាន​បើកទទួល​កាលពី​ថ្ងៃទី23 ខែកញ្ញា​តទៅ ហើយ​សម្រាប់​នៅ​អាមេរិក​មាន​លក់​ផ្ដាច់​មុខតែ​ប្រភេទ 5G ក្នុងតម្លៃ 699ដុល្លារ​ប៉ុណ្ណោះ ឯ​នៅ​ទីផ្សារ​ចក្រភព​អង់គ្លេស មាន​ទាំង​ប្រភេទ 4G និង 5G ដោយ​ប្រភេទ 4G តម្លៃ 599ផោន ( 763ដុល្លារ) និង​ប្រភេទ 5G តម្លៃ 699ផោន ( 890ដុល្លារ)។

លក្ខណ​ស​ម្ប​តិ្តត្រួសៗលើ Galaxy S20 FE គឺមាន​ចែកចេញជា​ប្រភេទ 4G និង​ប្រភេទ 5G ដែល​ប្រភេទ 4G ប្រើប្រាស់​ឈី​ប Exynos 990 និង​ប្រភេទ 5G ប្រើប្រាស់​ឈី​ប Snapdragon 865។ ម៉ូ​ដែល​ទាំង2 មាន RAM ប្រភេទ LPDDR5 ទំហំ 6GB ដូចគ្នា និង​ប្រើប្រាស់​អង្គ​ផ្ទុក UFS 3.0 ទំហំ 128GB មាន​រន្ធ​ដោត​មេម៉ូរី​បាន​ទំហំ​ដល់ 1TB។

អេក្រង់​របស់ S20 FE មាន​ចោះ​រន្ធ​តូច​ចំ​កណ្ដាល​សម្រាប់​បំពាក់​កាមេរ៉ា​ទំហំ 32MP ដែលមាន Aperture f/2.2 ហើយ​វា​មាន​បង្កប់​ទ្រនាប់​ស្គែ​ន​ម្រាមដៃ​លើ​អេក្រង់ ដែលមាន​ទំហំ 6.5អ៊ី​ញ ជា​ប្រភេទ Super AMOLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+ មាន Refresh Rate 120Hz និង​គាំទ្រ​នូវ HDR 10+ ហើយ​អេក្រង់​នេះ​ការពារ​ដោយ​កញ្ចក់ Gorilla Glass 3។

កាមេរ៉ា​ខាងក្រោយ 3គ្រាប់ ដែល​កាមេរ៉ា​មេ​ទំហំ 12MP មាន​បច្ចេកវិទ្យា Dual-Pixel និង​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង OIS ហើយ​មាន Aperture f/1.8។ កាមេរ៉ា​បន្ទាប់​ជា Ultrawide ទំហំ 12MP ដែលមាន Aperture f/2.2 និង​ចុងក្រោយ​ជា​កាមេរ៉ា Telephoto ទំហំ 8MP ដែល​អាច Zoom Optical 3ដង និង Zoom Digital បាន 30ដង ហើយ​មាន Aperture f/2.4។ វា​មាន​ថ្ម​ទំហំ 4500mAh អាច​សាក​ថ្ម​បាន 25វ៉ា​ត់ និង​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​បាន​កម្លាំង 15វ៉ា​ត់ និង​មាន​មុខងារ Wireless PowerShare ទុក​សាក​ថ្ម​ឱ្យ​ឧបករណ៍​ដទៃ​បានដែរ។

ក្នុង​ប្រអប់​មាន​ដុំ​សាក​កម្លាំង​ត្រឹម 15វ៉ា​ត់​ប៉ុណ្ណោះ និង​នៅមាន​ចំណុច​ពិសេស​ផ្សេងទៀត ដូចជា​រន្ធ​បំពង​សំឡេង​ស្ទេ​រី​អូ AKG ជាមួយ​បច្ចេកវិទ្យា​សំឡេង Dolby, សមត្ថភាព​ធន់​នឹង​ទឹក និង​ធូលី​ដី​កម្រិត IP68 និង​ប្រើប្រាស់ USB-C ជាមួយ USB 3.2 ជាដើម​ទៀតផង៕

Advertisement