អាមេរិក ដាស់តឿន ឱ្យគ្រប់គ្នាប្រយ័ត្នស្ថានីយអវកាសអន្តរជាតិរបស់ ចិន

ស្ថានីយ​អវកាស​អន្តរជាតិ​ដែលមាន​ឈ្មោះថា «Tiangong» កំពុង​ត្រូវបាន​សាងសង់ ដោយមាន​ការចូលរួម​ពី​ប្រទេស​ចំនួន17 ក្នុងនោះ​រួមមាន​ទាំង ចិន បារាំង អាល្លឺម៉ង់ និង​ជប៉ុន​ផងដែរ។ ចិន រំពឹងថា ខ្លួន​នឹង​អាច​ប្រតិបត្តិការ​ស្ថានីយ​អវកាស​នេះ ត្រឹម​ឆ្នាំ2022។ រីឯ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) របស់​អាមេរិក ដែល​ត្រូវបាន​បាញ់​បង្ហោះ​ក្នុង​ឆ្នាំ1998 ធ្វើជា​មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ​អវកាស ត្រូវបាន​រំពឹងថា នឹង​បញ្ចប់​ប្រតិបត្តិការ​ក្នុង​ឆ្នាំ2030 ចំណែក​ដៃគូ​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ រួមមាន​ដូចជា រុស្ស៊ី ជប៉ុន អឺរ៉ុប និង​កាណាដា​ជាដើម។

បន្ទាប់ពី​ទទួលបាន​ដំណឹង​ខាងលើ លោក Jim Bridenstine ប្រធាន​អង្គការ NASA បាន​ថ្លែង​ព្រមាន​ទៅកាន់​សភា​អាមេរិក កាលពី​ថ្ងៃទី23 ខែកញ្ញា ឆ្នាំ2020 អំពី​ភាព​ឈានមុខ​របស់​ស្ថានីយ​អវកាស​ចិន។ លោក​បាន​ថ្លែងថា៖ «ខ្ញុំ​សូម​ប្រាប់​អ្នក​នូវ​រឿង1 ដែល​ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំងណាស់ ហើយ​នោះ​គឺជា​អ្វី ដែល​កំពុង​ខិតជិត​មកដល់​ហើយ គឺ​នៅពេល​ស្ថានីយ​អវកាស​អន្តរជាតិ នោះ​នឹង​បញ្ចប់​អាយុកាល​ប្រើប្រាស់ ដូច្នេះ​ដើម្បី​អាចឱ្យ​អាមេរិក បន្ត​មាន​វត្តមាន​នៅលើ​គន្លង​ផែនដី យើង​ត្រូវតែ​រៀបចំ​ស្ថានីយ​អវកាស​ថ្មី»។

លោក Jim Bridenstine បន្តថា៖ «យើង​ចង់ឃើញ​ការបង្កើត​ដៃគូ​រវាងរ​ដ្ឋ និង​ឯកជន ដែល​អង្គការ NASA អាច​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​នានា ដូច្នេះ​យើង​អាច​រក្សា​វត្តមាន​មនុស្ស​ជា​អចិន្ត្រៃយ៍​លើ​គន្លង​ផែនដី​បាន»។ ជាមួយគ្នានេះ មេ​អង្គការ NASA បានលើកឡើង​ពី​ចិន​ថា ប្រទេស​នេះ​កំពុង​សង់​ស្ថានីយ​អវកាស​អន្តរជាតិ និង​មិនតែប៉ុណ្ណោះ​ការអភិវឌ្ឍ​នេះ គឺមាន​ការចូលរួម​ពី​ប្រទេស​ដៃគូ​អាមេរិក​ទៀតផង។ «វា​នឹង​ក្លាយជា​សោកនាដកម្ម ប្រសិនបើ​យើង​បោះបង់​គន្លង​ផែនដី​នេះ​ចោល»៕

Advertisement