ក្រុមហ៊ុននៅពីក្រោយជោគជ័យរបស់ Among Us ៖ មាន​បុគ្គលិក​តែ​3​នាក់​គត់​ ប៉ុន្តែ​រក​ចំណូល​​បាន​3.2​លាន​ដុល្លារ​ពីការ​លក់​ឧបករណ៍​ស្រមោល!

កំពូល​អ្នកលេង​ YouTube ដែល​មា​ន​រហ័សនាម​ថា Pewdiepie

នៅក្នុងថ្ងៃទី25កញ្ញា ឆ្នាំ2020កន្លងទៅ ចំនួនអ្នកដែលបានលេងហ្គេម Among Us ក្នុងពេលតែមួយនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង3.5លាននាក់។

Among Us គឺជាហ្គេមមួយដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីបណ្ដាអ្នកលេងនៅក្នុងប្រទេសជាច្រើនក្នុងពិភពលោក។ ចំនួនអ្នកលេងហ្គេមនេះ បានកើនឡើងទៅតាមបែបទ្វេគុណ ដូច្នេះ ក្រុមអ្នកអភិវឌ្ឍក៏បានប្រកាសថា នឹងរំសាយចោលគម្រោងអភិវឌ្ឍវគ្គបន្ទាប់ ដើម្បីយកពេលវេលាមកថែទាំវគ្គបច្ចុប្បន្ន។

យោងតាមស្ថិតិ បានបង្ហាញថា Among Us មានអ្នកលេងជាង1លាននាក់នៅក្នុងថ្ងៃទី3កញ្ញា។ មកដល់ពាក់កណ្ដាលខែកញ្ញា ហ្គេមនេះមានអ្នកទាញយកមកលេងនៅលើឧបករណ៍ចល័តចំនួនជាង86.6លានលើក។ ថ្ងៃទី25កញ្ញា ចំនួនអ្នកលេងក្នុងពេលតែមួយនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង3.5លាននាក់។

ជាមួយនឹងជោគជ័យនេះ មានមនុស្សតិចណាស់ដែលដឹងថា InnerSloth គឺជាក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក មានសមាជិកតែ3នាក់ប៉ុណ្ណោះ រួមមានអ្នកសរសេរកូដម្នាក់ វិចិត្រករម្នាក់ និងអ្នករចនាក្រាហ្វិកម្នាក់។ Forest Willard គឺជាអ្នកសរសេរកម្មវិធី (កូដ) និងជាអ្នកគ្រប់គ្រងការងារជំនួញរបស់ក្រុមហ៊ុន។ កាលពីទើបតែបង្ហាញខ្លួន (2018) Among Us ត្រូវបានគេទាញយកមកលេង មិនដល់1,000លើកផង បើទោះជាទទួលបានចំណាប់អារម្មណ៍ពីក្រុមអ្នកលេងហ្គេមជាច្រើននៅកូរ៉េខាងត្បូង និងប្រេស៊ីល។

រហូតមកដល់រដូវក្ដៅឆ្នាំ2020នេះ ទើប Among Us មានឈ្មោះល្បី បន្ទាប់ពីបានបង្ហាញវត្តមាននៅសហរដ្ឋអាមេរិក និងត្រូវបាន streamer ល្បីឈ្មោះនៅលើ Twitch ដែលមានមនុស្សចំនួន2.8លាននាក់បានចុះឈ្មោះក្នុងការផ្សាយផ្ទាល់ទិដ្ឋភាពនៃបទពិសោធន៍ជាមួយអ្នកលេងហ្គេមនេះ។ Among Us កាន់តែមានឈ្មោះល្បីខ្លាំង ក្រោយពីកំពូលអ្នកលេង YouTube ដែលមានឈ្មោះថា Pew DiePie និងសិល្បករមួយចំនួននៅសហរដ្ឋអាមេរិក ក្លាយជាសមាជិករបស់ក្រុមហោះហើររបស់ Among Us។

Among Us យកថ្លៃ5ដុល្លារពីអ្នកលេងម្នាក់ៗនៅលើ PC Steam ឬ Itch.io។ ចំណែកនៅលើទូរស័ព្ទ ហ្គាមនេះមិនគិតថ្លៃនោះទេ ប៉ុន្តែមានការផ្សាយពាណិជ្ជកម្ម។ អ្នកលេងហ្គេម Among Us អាចទិញឧបករណ៍ស្រមោលបន្ថែមសម្រាប់តួអង្គរបស់ខ្លួន។

Willard ឱ្យដឹងថា InneerSloth មានគម្រោងបន្ថែមមុខងារថ្មីមួយចំនួនទៀតសម្រាប់ Among Us ដូចជា ការបន្ថែមមិត្ត ឬទម្រង់គ្មានពណ៌ជាដើម។ បើតាម Willard មុខងារថ្មីទាំងនេះ នឹងជួយឱ្យអ្នកលេងទទួលបានភាពសប្បាយរីករាយកាន់តែងាយស្រួលជាងមុន។

ក្រុមហ៊ុននៅពីក្រោយជោគជ័យរបស់ Among Us ៖ មានបុគ្គលិកតែ3នាក់គត់ ប៉ុន្តែរកបានចំណូលបាន3.2លានដុល្លារពីការលក់ឧបករណ៍ស្រមោល!បច្ចុប្បន្ន ក្រុមហ៊ុន InnerSloth បដិសេធការបង្ហើបឱ្យដឹងអំពីប្រាក់ចំណូលសរុបរបស់ហ្គេម Among Us នេះ។ ប៉ុន្តែ យោងតាមការវិភាគរបស់ Sensortower ចំនួនលើកដែល Among Us ត្រូវបានទាញមកលេងក្នុងខែសីហាឆ្នាំនេះ បានកើន661% បើធៀបនឹងខែកក្កដាឆ្នាំដដែល ពោលគឺឡើងដល់18.4លានលើក គឺច្រើនជាង18,000ដងបើធៀបនឹងតួលេខនៃការទាញយកនៅក្នុងដំណាក់កាលទើបបង្ហាញខ្លួន។ ចាប់ពីថ្ងៃទី1កញ្ញា ដល់ថ្ងៃទី14កញ្ញា តួលេខនៃការទាញយកថ្មី បានកើន127% ពោលគឺជិត42លានលើក ហើយតួលេខនេះនៅតែបន្តកើនឡើងរហូតមកដល់ពេលនេះ។

សហរដ្ឋអាមេរិកគឺជាប្រទេសដែលនាំមុខគេក្នុងការលេងហ្គេម Among Us ដោយមានជាង20.5លាននាក់ ស្មើនឹង23.7% បើធៀបនឹងតួលេខនៃការទាញយកសរុប។ ចំណែកប្រេស៊ីលវិញ ឈរលំដាប់ទី2 (16.6លានលើក/19.2%) និងម៉ិកស៊ិក ឈរលំដាប់លេខ3 (6.8លានលើក/8%)។

Among Us នៅលើ Google Play ត្រូវបានទាញយកជាង60.4លានលើក ខណៈនៅលើ Apple Store មានជាង26លានលើក។

អំពីប្រាក់ចំណូលដែលបានមកពីការលក់ទំនិញស្រមោលទៅឱ្យអ្នកលេងហ្គេម មកដល់បច្ចុប្បន្ន Among Us រកបានជាង 3.2លានដុល្លារ ក្នុងនោះនៅសហរដ្ឋអាមេរិក Among Us រកបានជាង1.6លានដុល្លារ ស្មើនឹង48% នៃប្រាក់ចំណូលសរុប។ ប្រេស៊ីលឈរលេខ2 ជាមួយនឹងប្រាក់ចំណូលជាង335,000ដុល្លារ និងកូរ៉េខាងត្បូងឈរលេខ3 ជាមួយនឹងប្រាក់ចំណូលជាង330,000ដុល្លារ។

Among Us រកបានប្រាក់ចំណូលជាង1.9លានដុល្លារនៅលើ Apple Store ខណៈនៅលើ Google Play ហ្គេមនេះរកបានជាង1.3លានដុល្លារ។

ភាគីខាងក្រុមហ៊ុន InnerSloth បានឱ្យដឹងថា Among Us ទទួលបានចំណាប់អារម្មណ៍ និងការចូលលេងច្រើន គឺដោយសារវាមានវិធីលេងប្រកបដោយភាពងាយស្រួល និងនាំមកនូវការសប្បាយរីករាយ។ Among Us មានលក្ខណស្រដៀងគ្នាទៅនឹងល្បែងបៀ Werewolves of Millers Hollow ជាល្បែងដែលអ្នកលេងត្រូវគិត និងចោទប្រកាន់គ្នាដើម្បីស្វែងរកជនដៃដល់។ ចំណុចខុសគ្នា ប្រហែលជាទាក់ទិននឹងទិដ្ឋភាព និងភារកិច្ចដែលក្រុមទាំងពីរត្រូវធ្វើដើម្បីដណ្ដើមជោគជ័យ៕

ប្រភព៖ CNN

Advertisement