Amazon ឧទ្ទេសនាមបច្ចេកវិទ្យាទូទាត់ថ្លៃទំនិញ ដោយការស្កេនបាតដៃ

Amazon ឧទ្ទេសនាមបច្ចេកវិទ្យាទូទាត់ថ្លៃទំនិញ ដោយការស្កេនបាតដៃ

Amazon One គឺជាឧបករណ៍បច្ចេកវិទ្យាថ្មីបំផុតរបស់ក្រុមហ៊ុន Amazon ហើយវាអនុញ្ញាតឱ្យគ្រប់គ្នាទូទាត់ថ្លៃទំនិញនៅក្នុងហាង ដោយគ្រាន់តែប្រើប្រាស់បាតដៃផ្ទាល់ខ្លួន។

កាលពីថ្ងៃទី29កញ្ញា ក្រុមហ៊ុន Amazon បានឧទ្ទេសនាម Amazon One ដែលជាបច្ចេកវិទ្យាជីវមាត្រ (biometric technology) ថ្មី អនុញ្ញាតឱ្យអតិថិជនទូទាត់ថ្លៃទំនិញដោយការស្កេនបាតដៃ។ ដើម្បីអាចប្រើបច្ចេកវិទ្យានេះបាន អ្នកប្រើប្រាស់ត្រូវតែភ្ជាប់ទិន្នន័យរបស់បាតដៃជាមួយនឹងប័ណ្ណឥណទាន។ ជាដំបូង Amazon One នឹងត្រូវប្រើសាកល្បងនៅក្នុងហាង Amazon Go ចំនួន2កន្លែងដែលមិនមានអ្នកគិតលុយ ដែលស្ថិតនៅក្បែរទីក្រុង Seattle។ តាមពេលវេលា ក្រុមហ៊ុននេះនឹងឧទ្ទេសនាមបច្ចេកវិទ្យាថ្មីនេះនៅទីតាំងផ្សេងៗទៀត។

ក្រុមហ៊ុន Amazon ក៏រំពឹងថានឹងអាចលក់បច្ចេកវិទ្យាស្កេនបាតដៃនេះទៅឱ្យអតិថិជនដទៃ ដូចជាហាងលក់រាយ ពហុកីឡដ្ឋាន និងអគារការិយាល័យជាដើម។ល។ ក្រុមហ៊ុននេះក៏បានបង្ហើបឱ្យដឹងថា ខ្លួនកំពុងតែចរចាជាមួយនឹងអតិថិជនធំៗមួយចំនួនដែលមានសក្ដានុពលខ្ពស់ផងដែរ។

នេះគឺជារូបមន្តដែល Amazon បានធ្វើការសាកល្បងកាលពីមុនរួចមកហើយ។ កាលពីខែមីនា Amazon ធ្លាប់បាននិយាយថា នឹងលក់បច្ចេកវិទ្យាគ្រប់គ្រងហាងមិនមានអ្នកគិតលុយ ដែលបច្ចេកវិទ្យានេះមានឈ្មោះថា “Just Walk Out”។ ជាមួយនឹងបច្ចេកវិទ្យានេះ អតិថិជនដែលមកទិញទំនិញ គ្រាន់តែស្កេនកម្មវិធី QR Code របស់ហាងនៅពេលចូលហាង រួចរើសយកទំនិញដែលត្រូវការ និងមិនចាំបាច់រង់ចាំដល់វេនគិតលុយ។ កាមេរ៉ា និងអង្គវិញ្ញាណសិប្បនិម្មិតដែលមានមុខងារតាមដានទំនិញ នឹងកត់ត្រាមុខទំនិញដែលត្រូវបានអតិថិជនដាក់ចូលទៅក្នុងត្រក (កន្ត្រក) ទំនិញ រួចដកប្រាក់ក្នុងប័ណ្ណឥណទានរបស់អតិថិជនដោយស្វ័យប្រវត្ត។

យ៉ាងនេះក្ដី ការផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យានេះរបស់ Amazon ទៅឱ្យហាងលក់រាយនានា អាចជួបឧបសគ្គមួយចំនួន។ គេមិនដឹងថា គូប្រជែងរបស់ Amazon ចង់ប្រើប្រាស់បច្ចេកវិទ្យានេះនៅក្នុងហាងរបស់ពួកគេ និងផ្ដល់ទិន្នន័យអតិថិជនរបស់ពួកគេមកឱ្យ Amazon ដែរ ឬអត់នោះឡើយ។ Dilip Kumar អនុប្រធានផ្នែកបច្ចេកវិទ្យា និងហាងលក់រាយរបស់ Amazon បានឱ្យដឹងថា Amazon One នឹងប្រមូលទិន្នន័យអំពីទីកន្លែងទិញដូររបស់អតិថិជន ពោលគឺមិនប្រមូលយកទិន្នន័យស្ដីអំពីមុខទំនិញ ឬពេលវេលាដែលអតិថិជនទិញទំនិញនៅក្នុងហាងនានារបស់ក្រុមហ៊ុនអតិថិជនរបស់ Amazon នោះឡើយ។

Amazon One​ ជា​ឧបករណ៍​បច្ចេក​វិទ្យាទូទាត់ថ្លៃទំនិញ ដោយការស្កេនបាតដៃ

Amazon គឺជា “អ្នកលេង” ដែលមានឥទ្ធិពលខ្លាំង ទាំងនៅលើទីផ្សារលក់រាយអនឡាញ ទាំងនៅក្នុងទីផ្សារអហ្វឡាញ (offline/ផ្សារបុរាណ)។ ក្រុមហ៊ុននេះត្រូវបានគេព្យាករថា នឹងកាន់កាប់រហូតដល់ជិត40% នៃទីផ្សារពាណិជ្ជកម្មអេឡិកត្រូនិកសរុបក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះក៏មានការអភិវឌ្ឍខ្លាំងក្លាទៅក្នុងវិស័យលក់រាយបែបបុរាណ ដោយមានបណ្ដាញហាង Amazon Go, Whole Foods, ហាងផ្កាយ4 និងហាង Amazon Books រួមនឹងបណ្ដាញហាងចាបហួយ Fresh ផងដែរ។

ដើម្បីបំបាត់ការសង្ស័យរបស់អ្នកប្រើប្រាស់ ទាក់ទិននឹងទិន្នន័យជីវមាត្រ ក្រុមហ៊ុន Amazon បានអះអាងថា ទិន្នន័យរបស់បាតដៃ នឹងមិនត្រូវបានរក្សាទុកក្នុងឧបករណ៍ Amazon One នោះឡើយ តែជំនួសមកវិញ ទិន្នន័យនេះនឹងត្រូវបានបំប្លែងទៅជាកូដ និងរក្សាទុកនៅក្នុងតំបន់សុវត្ថិភាពនៃប្រព័ន្ធកុំព្យូទ័រពពក ឬហៅថា cloud computing។ អ្នកប្រើប្រាស់មានសិទ្ធិក្នុងការបញ្ជាឱ្យលុបទិន្នន័យជីវមាត្រនេះ ក្រោយពីបានប្រើប្រាស់រួច។

មូលហេតុដែល Amazon ជ្រើសយកបច្ចេកវិទ្យាស្កេនបាតដៃនេះ ក៏ព្រោះតែវាមានលក្ខណជាឯកជនច្រើនជាង បើធៀបនឹងបច្ចេកវិទ្យាដទៃ ដូចជាការស្កេនផ្ទៃមុខ និងប្រស្រីភ្នែកជាដើម។ ភាគីខាង Amazon និយាយថា៖ “អ្នកនឹងមិនអាចដឹងអំពីអត្តសញ្ញាណរបស់មនុស្សណាម្នាក់ បើសិនគ្រាន់តែមើលទៅលើបាតដៃរបស់ពួកគេ”៕

ប្រភព៖ CNBC

Advertisement