កម្មវិធីជំរិតទារប្រាក់ Exorcist 2.0 កំពុងត្រូវបានវាយប្រហារតាមរយៈគេហទំព័រដែលផ្ដល់កម្មវិធីក្រែក (Cracked Software)

សម្រាប់​លោកអ្នក​ដែល​កំពុងតែ​ប្រើប្រាស់​កុំព្យូទ័រ​ដើម្បី​សិក្សា ឬ​ប្រកប​អាជីវកម្ម ប្រហែលជា​ធ្លាប់​ដឹង​ហើយ​ថា​កម្មវិធី​កុំព្យូទ័រ​ភាគច្រើន​គឺមាន​តម្លៃ​ថ្លៃ មិន​ត្រឹមតែ​ថ្លៃ​ធម្មតា​ទេ មាន​កម្មវិធី​មួយចំនួនទៀត​គឺ​វា​ថ្លៃ​លើសពី​តម្លៃ​កុំព្យូទ័រ​ទៅទៀត។ ដូច្នេះហើយ​បានជា​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ និង​មាន​ប្រាក់ខែ​ទាប បាន​ងាក​ទៅរក​គេហទំព័រផ្សេងៗ ដើម្បី​ទាញយក​កម្មវិធី​ទាំងនោះ​ដោយ​មិនចាំបាច់​ចំណាយលុយ​កាក់ ដែល​គេ​និយម​ហៅថា​ជា​កម្មវិធី ក្រែក (Cracked Software)។

ការទាញយក​កម្មវិធី​តាមរយៈ​គេហទំព័រ​ទាំងនោះ​តែងតែ​ជួប​បញ្ហាផ្សេងៗដូចជា​មេរោគ ឬ​កម្មវិធី​នោះ​ពុំមាន​ដំណើរការ​ត្រឹមត្រូវ ប៉ុន្តែ​នៅពេលថ្មីៗនេះ​អ្នកស្រាវជ្រាវ​បាន​រកឃើញថា មាន​ជនអនាមិក​បាន​បង្កើត​គេហទំព័រ​ក្លែងក្លាយ​ថា​មាន​កម្មវិធី​ក្រែក តែ​តាម​ការពិត​កម្មវិធី​ទាំងនោះ​គឺជា​កម្មវិធី​ជំរិត​ទារប្រាក់ (Ransomware) ប្រភេទ Exorcist 2.0 ទៅវិញ។

ជា​ឧទាហរណ៍​ជនអនាមិក​បាន​ផ្សព្វផ្សាយ​នៅក្នុង​គេហទំព័រ​មួយ​ថា​មានកម្ម​វិធី​សម្រាប់ Windows 10 Activator 2020 ដែល​អាចឱ្យ​លោកអ្នក​បញ្ចូល​កម្មវិធី Windows 10 ដោយ​មិនចាំបាច់​ចំណាយលុយ។ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​ទាញយក​ហើយ​បើក​កម្មវិធី​នោះ វា​នឹង​អ៊ិន​គ្រីប (encrypted) ឯកសារ​ទាំងអស់​នៅក្នុង​កុំព្យូទ័រ ហើយ​អ្វីដែល​លោកអ្នក​អាច​បើក​បាន​គឺជា​ឯកសារ​មួយ​ដែល​ប្រាប់​លោកអ្នក​ឱ្យ​បង់ប្រាក់​ចំនួន​ពី ២៥០ដុល្លារ​រហូតដល់ ១០,០០០ដុល្លារ ដើម្បី​អាច​បើក​ឯកសារ​ទាំង​នោះបាន​ឡើងវិញ។

ដូច្នេះ​ដើម្បី​ចៀសវាង​ការបាត់បង់​ទិន្នន័យ ក៏ដូចជា​ប្រាក់កាស លោកអ្នក​គួរតែ​ធ្វើការ​ចម្លង​ឯកសារ (backup) ដែលមាន​នៅក្នុង​កុំព្យូទ័រ​ទៅ​ទុក​ក្នុង​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ខាងក្រៅ (External Storage Devices) ផ្សេងទៀត​ឱ្យបាន​ញឹកញាប់​តាម​ដែល​អាចធ្វើ​ទៅបាន ជាពិសេស​មុននឹង​លោកអ្នក​បញ្ចូល​កម្មវិធី​ថ្មី៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Advertisement