ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទតៃវ៉ាន់ វាយតម្លៃថា iPhone 12 នឹងលក់ដាច់ខ្លាំង ដូចជំនាន់ iPhone 6

សារព័ត៌មាន Economic Daily News បាន​ចុះផ្សាយ​ព័ត៌មាន​មួយ ពី​ក្រុមហ៊ុន​នៅ​តៃវ៉ាន់​ថា ពួកគេ​អាច​នឹង​លក់ដាច់​អស់ នូវ​រាល់​ការ​កុម្ម៉ង់​ទិញ iPhone 12 ក្នុង​ពេលវេលា​ត្រឹមតែ 45នាទី​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ច្បាស់​ថា បាន​ចំនួន​ប៉ុន្មាន​គ្រឿង​នោះទេ ក្រោយពី​ការប្រកាស​ចេញ iPhone 12 ឆ្នាំ2020 កាលពី​ប៉ុន្មាន​ថ្ងៃមុន។

ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​នៅ​តៃវ៉ាន់​នោះ ក៏បាន​បង្ហាញ​ការ​ជឿជាក់ថា ត្រកូល iPhone 12 នឹង​អាច​លក់ដាច់​បាន​ច្រើន បែប​មិន​ធ្លាប់មាន រាប់​ចាប់តាំងពី​ជំនាន់ iPhone 6 និង 6 Plus មក។

នៅ​សហរដ្ឋអាមេរិក ឯណោះ​វិញ ក្រោយ​ការ​កុម្ម៉ង់​ទិញ​បានចាប់ផ្ដើម មិន​ដល់ក​ន្លះ​ម៉ោង​ផង ការ​កុម្ម៉ង់​ទិញ iPhone 12 Pro ក៏​អស់ពី​ស្ដុក​រលីង។ គេ​បាន​សន្និដ្ឋាន​ទៅលើ​ការដឹកជញ្ជូន​ថា អាច​នឹង​អូសបន្លាយ​ដល់​ខែវិច្ឆិកា ឬ​ធ្នូ​ឯណោះ ទម្រាំ​នឹង​ស្តុក​ថ្មី​មកដល់។

សារព័ត៌មាន​ដដែល ក៏បាន​អះអាង​ដែរ​ថា ដៃគូ​ផ្គត់ផ្គង់​របស់ Apple មាន​ក្រុមហ៊ុន Foxconn និង Pegatron បានផ្ដល់​ជូន​នូវ​ប្រាក់រង្វាន់​លើកទឹកចិត្ត​បន្ថែម ដល់​បុគ្គលិក​ដែល​ដំឡើង iPhone ជំនាន់​ថ្មី ដើម្បី​បំពេញតម្រូវការ​អ្នក​ចង់​កុម្ម៉ង់​ទិញ iPhone 12 ឱ្យបាន​ទាន់ពេលវេលា។

ជម្រាបជូន​ថា កាលពី​ឆ្នាំ2014 ដោយសារ​ការបំពាក់​អេក្រង់​ទំហំ​ធំ ជា​លើកដំបូង​មិន​ធ្លាប់មាន នៅលើ iPhone ពេលនោះ iPhone 6 និង iPhone 6 Plus បាន​ជួយ​ឱ្យ​ក្រុមហ៊ុន Apple លក់​ស្មា​ត​ហ្វូ​ន​ទាំង 2ម៉ូ​ដែល​នេះ បាន​ដល់​ទៅ 135.6លាន​គ្រឿង ក្នុង​រយៈពេល​ត្រឹមតែ 2ត្រីមាស​ដំបូង​នៃ​ការចេញលក់​ឆ្នាំ2014៕

Advertisement