iPhone 12 Pro ពិតជា មាំខ្លាំងណាស់ ទម្លាក់ 3ដងហើយ នៅតែធម្មតា

គណនី YouTube មួយ ឈ្មោះថា PhoneBuff បានធ្វើ​តេស្ត​ទម្លាក់ iPhone 12 និង iPhone 12 Pro ដើម្បី​ជាការ​ពិសោធ ដែល​បានចាប់ផ្ដើម​ដំបូង ដោយ​ការទម្លាក់​ខាង​ខ្នង​ទូរស័ព្ទ​មក​មុន ក្នុង​កម្ពស់ 1.5ម៉ែត្រ…លទ្ធផល​គឺ iPhone 12 ប្រេះ ឬ​ស្រាំ កញ្ចក់​ខាងក្រោយ ខណៈដែល iPhone 12 Pro នៅមាន​រូបរាង និង​ទ្រង់ទ្រាយ​ដូចដើម​យ៉ាង​ល្អ។ បន្ទាប់មកទៀត គឺ​ការធ្វើ​តេស្ត ដោយ​ទម្លាក់​ពី​ផ្នែក​ចំហៀង ដែល​លទ្ធផល​គឺ iPhone ទាំង2 បានន​រង​ការ​ឆ្កូត​បន្តិចបន្តួច​ដូចគ្នា។

ក្រោយមកទៀត គឺ​ការធ្វើ​តេស្ត​ទម្លាក់ ដោយ​ដាក់​ខាង​អេក្រង់​ចុះក្រោម​ម្ដង ដែលជា​លទ្ធផល​ឃើញថា កញ្ចក់ Ceramic Shield ពិតជា​អាច​ការពារ​អេក្រង់ iPhone 12 បាន​យ៉ាង​ល្អ ដោយ​អេក្រង់ iPhone ទាំង2 នោះ មិនមាន​ស្នាម​ប្រេះ ឬ​ស្រាំ សោះឡើយ។

ដោយសារ​អេក្រង់ មិនមាន​ប្រេះ ឬ​ស្រាំ​សោះ ទើបត្រូវ​ឈានចូល​ដល់​ការធ្វើ​តេស្ត​បន្តទៀត ជាការ​ធ្វើតេស្ត​ទម្លាក់​ពី​កម្ពស់​ទាប​ជាង 1.5ម៉ែត្រ និង​ទម្លាក់​ចំនួន 10ដងជាប់ៗគ្នា។ ក្រោយពី​ទម្លាក់ 10ដង​រួចមក គេ​សង្កេតឃើញថា អេក្រង់ iPhone 12 ទាំង 2ម៉ូ​ដែល​នោះ នៅតែ​មិនមាន​ប្រេះស្រាំ​អ្វី​ដដែល។ ប៉ុន្តែ​កញ្ចក់​ខាងក្រោយ​របស់ iPhone 12 រង​ការ​ប្រេះ និង​ស្រាំ​កាន់តែខ្លាំង រហូត​ធ្វើឱ្យ​កាមេរ៉ា​ក្រោយ​មាន​បញ្ហា។ នៅ​មិនទាន់​អស់ចិត្ត​ទេ… គេ​បានធ្វើ​តេស្ត លើកចុងក្រោយ​មួយទៀត ដោយ​ការទម្លាក់ iPhone 12 ទាំង 2នោះ ទៅលើ​ដុំថ្ម​ស៊ីម៉ង់ត៍​ម្ដង ហើយ​លទ្ធផល គឺ​នៅតែ​មិនអាច​ធ្វើឱ្យ​អេក្រង់ iPhone 12 ផ្លាស់ប្ដូរ​ទ្រង់ទ្រាយ​ដើម​បានឡើយ។

សូម​រំឭក​ដែរ​ថា អេក្រង់ iPhone 12 ទាំង 4ម៉ូ​ដែល ត្រូវបាន​ការពារ ដោយ​កញ្ចក់​ការពារ​បែប​ថ្មី ដែល Apple ឱ្យ​ឈ្មោះថា Ceramic Shield ព្រមទាំង​បាន​អះអាង​ទៀតថា វា​អាច​ទ្រាំទ្រ​នឹង​ការធ្លាក់​បានល្អ​ប្រសើរ​ជាង​មុន រហូតដល់​ទៅ 4ដង​ឯណោះ។

ការអះអាង​របស់ Apple នេះ បាន​នាំឱ្យ​កើតមាន​ការចង់​ដឹងថា តើ​អេក្រង់ iPhone 12 អាច​ទ្រាំទ្រ​នឹង​ការធ្លាក់ បាន​ខ្លាំង​ដល់​កម្រិតណា?។ ដូច្នេះហើយ ទើប​មានការ​បង្កើត​វីដេអូថ្មីៗជាច្រើន ដែលជា​ការធ្វើ​តេស្ត​លើ​អេក្រង់ iPhone 12 នេះ៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

Advertisement