Coder ដែលបានបង្កើតបណ្ដាញសង្គមដំបូងគេបង្អស់ក្នុងពិភពលោក រកបាន4ពាន់លានដុល្លារកាលពីសម័យនោះ

Coder ដែលបានបង្កើតបណ្ដាញសង្គមដំបូងគេបង្អស់ក្នុងពិភពលោក រកបាន4ពាន់លានដុល្លារកាលពីសម័យនោះ
David Bohnett ស្ថាបនិក​របស់​ GeoCities

GeoCities បានជួយឱ្យគ្រប់គ្នាចងចាំថា អ្វីដែលយើងធ្វើនៅលើបណ្ដាញសង្គមនាបច្ចុប្បន្ន មិនមែនជារឿងថ្មីឡើយ ព្រោះថា ពួកវាត្រូវបានគេប្រើច្រើននៅក្នុងដំណាក់កាលដំបូងរបស់យុគសម័យ World Wide Web។

វិលត្រលប់ទៅរកឆ្នាំ1995 David Bohnett អ្នកសរសេរកូដវ័យក្មេងម្នាក់ មានគំនិតដ៏ចម្លែកមួយកាលពីសម័យនោះ។ គាត់ចង់ផ្សាយផ្ទាល់វីដេអូមួយនៅលើអ៊ីនធើណិត ស្ដីអំពីផ្លូវកែងរវាងមហាវិថី Hollywood និងតំបន់ Vine នៅឯទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។

មិត្តរបស់ David មានការិយាល័យមួយនៅ Hollywood ត្រង់ម្ដុំផ្លូវកែងខាងលើ ដូច្នេះ គាត់ក៏ឈរទីនោះដើម្បីធ្វើការផ្សាយផ្ទាល់ (livestream)។ David បានច្នៃកាមេរ៉ា webcam មួយគ្រឿងដើម្បីថត ព្រោះថា សម័យនោះ ឧបករណ៍នេះមិនទាន់មានប្រើទូលំទូលាយនៅឡើយ។ វីដេអូនេះទទួលបានការចូលមើលយ៉ាងច្រើន។

Hollywood ជាស្រុកកំណើតរបស់វិស័យឧស្សាហកម្មភាពយន្ត ប៉ុន្តែ វាក៏ជាទីដែលបណ្ដាញសង្គមបានចាប់កំណើតផងដែរ។

ដោយយល់អំពីវិធីដែលអ៊ីនធើណិត និងគេហទំព័រជំនាន់ដើម កំពុងប្ដូរផ្លាស់របៀបទំនាក់ទំនងរបស់មនុស្ស David ក៏បានបង្កើតជាថ្នាលបច្ចេកវិទ្យាមួយសម្រាប់គ្រប់គ្នាកសាងទីតាំងអនឡាញរបស់ខ្លួន។ GeoCities.com ដែលជាគេហទំព័រដំបូងគេបង្អស់មួយក្នុងពិភពលោក កាលពីទសវត្សរ៍ទី90 ដើមទសវត្សរ៍ទី20 បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្កើតគេហទំព័រផ្ទាល់ខ្លួនដោយមិនគិតថ្លៃ។

GeoCities មិនមែនជាគេហទំព័រដំបូងគេក្នុងលោកដែលបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតគេហទំព័រដោយខ្លួនឯងនោះទេ ប៉ុន្តែ ក្រោយការសាកល្បង David ដឹងថា បែបនេះគឺមិនទាន់គ្រប់គ្រាន់។ ពួកគេត្រូវការអ្វីដែលច្រើនជាងនេះ។ ជាក់ស្ដែង ពួកគេចង់ក្លាយជាអ្វីមួយដែលធំធេង ដូចជាសហគមន៍មួយជាដើម។

GeoCities
បណ្ដាញសង្គម​ GeoCities

ប្រការខាងលើបាននាំឱ្យ David និងសហការីដំបូងៗ ធ្វើការសម្រេចចិត្តមួយដែលប្លែកពីគេឯង។ ជំនួសឱ្យការដែលអនុញ្ញាតឱ្យគ្រប់គ្នាដំណើរគេហទំព័រ GeoCities បានដាក់ពួកវានៅក្នុង “ទីក្រុង” មួយ។ ផ្អែកទៅលើខ្លឹមសារនៃគេហទំព័រ បណ្ដាទីក្រុងនេះត្រូវបានដាក់ឈ្មោះទៅតាមទីតាំងដែលមានពិត។

គេអាចនិយាយបានថា នោះគឺជារូបមន្តដំបូងបំផុតរបស់បណ្ដាញសង្គម ជាកន្លែងដែលគ្រប់គ្នាអាចចែករំលែក និងចូលរួមក្នុងអ្វីមួយដែលពួកគេចាប់អារម្មណ៍។ ឧទាហរណ៍ដូចជា ក្រុង Wall តំណាងឱ្យហិរញ្ញវត្ថុ ខណៈ Hollywood គ្រប់គ្រងផ្នែកកំសាន្ត និង Nashville សម្រាប់ចម្រៀងស្រុកស្រែជាដើម។ វិធីរៀបរៀងនេះ បានធ្វើឱ្យមានការពេញចិត្តជាខ្លាំងនៅជំនាន់នោះ។

GeoCities បានជួយឱ្យយើងដឹងថា អ្វីដែលយើងកំពុងធ្វើនៅលើបណ្ដាញសង្គមនាបច្ចុប្បន្ន គឺមិនមែនថ្មីថែងនោះឡើយ ព្រោះពួកវាមានវត្តមានតាំងតែពីដំណាក់កាលដំបូងនៃយុគសម័យរបស់ World Wide Web មកម្ល៉េះ។ គ្រប់គ្នាចូលចិត្តក្លាយជាផ្នែកមួយនៃសហគមន៍ ប្រការនេះមានភាពត្រឹមត្រូវតាំងតែពីរាប់ពាន់ឆ្នាំមុនសម័យអ៊ីនធើណិត ហើយវានៅតែត្រូវរហូតដល់បច្ចុប្បន្ន។

GeoCities បានក្លាយជាគេហទំព័រដែលមានឈ្មោះល្បីយ៉ាងឆាប់រហ័សនៅលើអ៊ីនធើណិត។ GeoCities ធ្លាប់បានក្លាយជាគេទំព័រដែលគេចុះឈ្មោះប្រើប្រាស់ច្រើនជាងគេលំដាប់ទីបីក្នុងពិភពលោក ដោយមានជិត40លានគណនី។ ប្រការដែលសំខាន់ នោះគឺថា GeoCities ទទួលបានជោគជ័យមុនពេលអ៊ីនធើណិតត្រូវបានប្រើទូលំទូលាយដូចបច្ចុប្បន្ន។

ដល់ឆ្នាំ1998 GeoCities បានរីកចម្រើនខ្លាំង រហូតដល់ David សម្រេចចិត្តយកក្រុមហ៊ុននេះឡើងផ្សារហ៊ុន។ ដំបូងឡើយ មូលបត្ររបស់ពួកគេនៅលើ NASDAQ មានតម្លៃតែ17ដុល្លារ/ហ៊ុនប៉ុណ្ណោះ ប៉ុន្តែក្រោយមក វាបានឡើងដល់100ដុល្លារ/ហ៊ុន។

នៅក្នុងពេលដែលក្រុមហ៊ុនថ្មីៗកំពុងជួបការលំបាកនៅចុងទសវត្សរ៍ទី90 GeoCities នៅតែបន្តរីកចម្រើនខ្លាំងឡើង និងក្លាយជាសហគមន៍មួយដែលមានមនុស្សរាប់លាននាក់ប្រើប្រាស់។ សហគមន៍នេះ កាន់តែមានតម្លៃ រហូតធ្វើឱ្យ Yahoo! សម្រេចចិត្តទិញ GeoCities ក្នុងតម្លៃ4ពាន់លានដុល្លារកាលពីឆ្នាំ1999។ ប៉ុន្តែ មកដល់ឆ្នាំ2009 ក្រុមហ៊ុន Yahoo! បានសម្រេចចិត្តបិទទ្វារ GeoCities។

GeoCities
David Bohnett ស្ថាបនិក​របស់​ GeoCities

ដូច្នេះ ពីដំណាក់កាលដែលបង្កើតបានជាកាមេរ៉ា webcam សាមញ្ញមួយគ្រឿង 5ឆ្នាំក្រោយ David រកបានប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ ទាំងអស់នេះគឺជាលទ្ធផលនៃចក្ខុវិស័យដែលអាចមើលឃើញអំពី​អនាគត​​នៃ​សហគមន៍​​អនឡាញ​របស់​ស្ថាបនិក។

គ្រប់គ្នាប្រហែលជារស់នៅដោយជីវភាពហឺហា នៅពេលមានប្រាក់ខ្ទង់រាប់ពាន់លានដុល្លារដូចជា David។ ប៉ុន្តែ David មិនធ្វើដូច្នោះឡើយ។ បុរសនេះនៅតែបន្តផ្ដោតទៅលើការផ្ដល់សិទ្ធិដល់គ្រប់គ្នា ដើម្បីប្រើប្រាស់អ៊ីនធើណិត។

លោក David បានបង្កើតមូលនិធិមិនស្វែងរកកម្រៃមួយ ក្នុងបំណងកែលម្អសង្គម។ ការងារដំបូងមួយដែលមូលនិធិនេះបានធ្វើ នោះគឺការបង្កើតមជ្ឈមណ្ឌលអ៊ីនធើណិត។ ជាមូលដ្ឋាន ពួកវាគឺជាបន្ទប់អ៊ីនធើណិត ជាកន្លែងដែលអ្នកអាចចូលទៅប្រើប្រាស់កុំព្យូទ័រដោយមិនបាច់បង់ថ្លៃ។ នាបច្ចុប្បន្ន បណ្ដាមជ្ឈមណ្ឌលបែបនេះនៅតែមាន ដោយអង្គការខាងលើកំពុងដំណើរការមជ្ឈមណ្ឌលចំនួនប្រហែល60កន្លែង ដើម្បីបន្តជួយដល់គ្រប់គ្នាលើវិស័យអ៊ីធើណិត៕

Advertisement