TikTok បរិច្ចាគប្រាក់ $ 30ម៉ឺន ជួយរំលែកទុក្ខប្រជាជនហ្វីលីពីន រងគ្រោះដោយឥទ្ធិពលព្យុះ

TikTok ប្រចាំ​ប្រទេស​ហ្វីលីពីន បានធ្វើការ​បង្ហោះ​សេចក្តីជូនដំណឹង​មួយ ដោយ​ភ្ជាប់​នឹង​អត្ថន័យ​ចូលរួម​រំលែក​ទុក្ខ​ដល់​ប្រជាជន​ហ្វីលីពីន ដែល​បាន​រងគ្រោះ​ដោយ​ឥទ្ធិពល​ព្យុះធំផ្ទួនៗគ្នា។

ក្រុមហ៊ុន TikTok បាន​បរិច្ចាគ​ជា​ទឹកប្រាក់​ចំនួន 30ម៉ឺន​ដុល្លារ ស្មើនឹង​ប្រាក់​ហ្វីលីពីន 15លាន​ហ្វ៊ី​លី​ពី​ន ប៉េ​សូ ក្នុងនោះ​ផងដែរ ជំនួយ​ជា​ទឹកប្រាក់​ពាក់កណ្ដាល​ចំនួន 15ម៉ឺន​ដុល្លារ ត្រូវបាន​ប្រគល់​ជូនទៅ កាកបាទក្រហម​ហ្វីលីពីន ជា​អាហារ និង​សម្លៀកបំពាក់​សង្គ្រោះបន្ទាន់ និង​ពាក់កណ្ដាល​ទៀត ត្រូវ​បរិច្ចាគ​ជូន​ដោយផ្ទាល់។

កាលពី​សប្ដាហ៍​មុន ឥទ្ធិពល​ព្យុះធំជាប់ៗគ្នា បាន​បក់បោក​ប៉ះ​តំបន់​ជាច្រើន​នៅ​ប្រទេស​ហ្វីលីពីន រួមទាំង​ប្រជុំជន​ក្នុង​ទីក្រុង​ម៉ានីល និង​កោះ Luzon ដែល​ធ្វើឱ្យប៉ះពាល់​ដល់​មនុ​ស្សចា​ស់-ក្មេង​ច្រើនជាង 2លាន​នាក់។

លោក Richard Gordon អ្នកនយោបាយ និង​ជា​សមាជិក​ព្រឹទ្ធសភា​តំណាង កាកបាទក្រហម​ហ្វីលីពីន បាន​មានប្រសាសន៍ថា៖ “កាកបាទក្រហម​ហ្វីលីពីន តែងតែ​យកចិត្តទុកដាក់ និង​ស្ម័គ្រចិត្ត​ក្នុងការ​បម្រើ​ជូន​ប្រជាជន​ទូទៅ​ដែល​រងគ្រោះ។ ជាមួយនឹង​ការបរិច្ចាគ​ពី​ក្រុមហ៊ុន TikTok យើង​មាន​សេចក្តីសោមនស្ស​រីករាយ​បំផុត ដើម្បី​បន្តសកម្មភាព​មនុស្សធម៌​ឥត​ព្រំដែន​របស់​យើង​បន្តទៀត៕

Advertisement