អ្នកវិទ្យាសាស្ត្ររកឃើញវិធីថ្មីសម្រាប់ព្យាបាលជំងឺមហារីក ដោយ​គ្មាន​ផល​ប៉ះ​ពាល់៖ ​វិធី​នេះ​ធ្លាប់ត្រូវបានគេបង្អាប់ថាជារឿងស្រមើស្រមៃកាលពីជាង10ឆ្នាំមុន!

អ្នកវិទ្យាសាស្ត្ររកឃើញវិធីថ្មីសម្រាប់ព្យាបាលជំងឺមហារីក ដោយគ្មានផលប៉ះពាល់៖ វិធីនេះធ្លាប់ត្រូវបានគេបង្អាប់ថាជារឿងស្រមើស្រមៃកាលពីជាង10ឆ្នាំមុន!

ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យា Tel Aviv នៃប្រទេសអ៊ីស្រាអែល ទើបតែបានប្រកាសលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាព្យាបាលជំងឺមហារីកបែបថ្មីដែលមានឈ្មោះថា “កន្ត្រៃល្អិត” ដែលវាអាចជួយព្យាបាលជំងឺមហារីកឱ្យជាដាច់ និងមិនមានផលប៉ះពាល់អ្វីឡើយ។

ថ្មីៗនេះ សារព័ត៌មាន The Times of Israel របស់ប្រទេសអ៊ីស្រាអែល បានចុះផ្សាយថា ក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេសនេះ ទើបតែបានរកឃើញវិធីថ្មីក្នុងការព្យាបាលជំងឺមហារីក ដោយការប្រើប្រាស់វិធីសាស្ត្រ “កន្ត្រៃល្អិត” សំដៅទៅលើការកាត់កោសិកាមហារីកនៅលើសត្វកណ្ដុរក្នុងបន្ទប់ពិសោធន៍ ខណៈដែលវាមិនប៉ះពាល់ដល់កន្លែងផ្សេងៗដែលនៅជុំវិញកោសិកាមហារីកនោះ។

សាស្ត្រាចារ្យ Dan Peer អ្នកឯកទេសផ្នែកជំងឺមហារីកមកពីសាកលវិទ្យាល័យ Tel Aviv ប្រទេសអ៊ីស្រាអែល បានឱ្យដឹងថា៖ “នេះគឺជាការសិក្សាស្រាវជ្រាវដំបូងគេបង្អស់ក្នុងពិភពលោកដែលបញ្ជាក់ថា បច្ចេកវិទ្យាកែលម្អហ្សែន CRISPS មានតួនាទី “កាត់” DNA អាចមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺមហារីកនៅលើសត្វ”។

លទ្ធផលនៃការសិក្សាស្រាវជ្រាវខាងលើនេះ បានឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យផ្ទៀងផ្ទាត់ និងត្រូវបានចុះផ្សាយ​លើ​ទស្សនាវដ្ដីវិទ្យាសាស្ត្រ Science Advance។

សាស្ត្រាចារ្យ Peer ថ្លែងថា៖ “វិធីសាស្ត្រព្យាបាលនេះមិនផ្ដល់ផលវិបាក ហើយយើងខ្ញុំជឿជាក់ថា កោសិកាមហារីកដែលត្រូវបានព្យាបាលដោយវិធីសាស្ត្រនេះនឹងមិនដំណើរការត្រលប់ឡើងវិញឡើយ។ បច្ចេកវិទ្យានេះអាចពន្យារជីវិតរបស់អ្នកជំងឺមហារីក ហើយយើងសង្ឃឹមថា ថ្ងៃណាមួយវានឹងអាចព្យាបាលជំងឺនេះឱ្យជាសះស្បើយមិនខាន”។

លោក Peer សង្កត់ធ្ងន់ថា៖ “បើសិនយើងអាចប្រើប្រាស់បច្ចេកវិទ្យានេះ នោះការព្យាបាលតែ3លើកប៉ុណ្ណោះ គឺអាច​កម្ចាត់សាច់មហារីកបានមួយដុំ។ បច្ចេកទេសនេះអាចកាត់ DNA នៅក្នុងកោសិកាមហារីក ហើយកោសិកាមហារីកទាំងនោះនឹងមិនអាចមានវត្តមានឡើងវិញបានឡើយ”។

អ្នកវិទ្យាសាស្ត្ររកឃើញវិធីថ្មីសម្រាប់ព្យាបាលជំងឺមហារីក ដោយគ្មានផលប៉ះពាល់៖ វិធីនេះធ្លាប់ត្រូវបានគេបង្អាប់ថាជារឿងស្រមើស្រមៃកាលពីជាង10ឆ្នាំមុន!
លោក​សាស្ត្រាចារ្យ Dan Peer

សាស្ត្រាចារ្យ Peer បានហៅវាថា ជា “វិធីព្យាបាលពេញលេញជាងមុន” ហើយក៏សង្ឃឹមថា វានឹងជំនួសវិធីព្យាបាលដែលបង្កផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺមហារីក ព្រោះតែការព្យាបាលនាបច្ចុប្បន្នតែងតែជះឥទ្ធិពលដល់រាងកាយទាំងមូល។

ការស្រាវជ្រាវដែលប្រើប្រាស់បច្ចេកវិទ្យាកែលម្អហ្សែននាបច្ចុប្បន្ន ត្រូវបានគេប្រើប្រាស់សម្រាប់តែការព្យាបាលជំងឺកម្រមួយចំនួន និងនៅលើតែកោសិកាដែលត្រូវបានកម្ចាត់ចេញពីរាងកាយតែប៉ុណ្ណោះ។ វា (DNA) ត្រូវបានកែប្រែដើម្បីកែលម្អ ឬ “លុបបំបាត់” កោសិកាមហារីក។

អត្ថបទដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Science Advance បានឱ្យដឹងអំពីការសាកល្បងប្រើប្រាស់បច្ចេក​ទេសនេះនៅលើសត្វកណ្ដុររាប់រយក្បាល ដែលក្នុងនោះសាស្ត្រាចារ្យ Peer បានបញ្ជាក់ថា វាអាចត្រូវបានប្រើប្រាស់នៅលើមនុស្សបន្ទាប់ពី2ឆ្នាំទៀត។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កណ្ដុរទាំងឡាយដែលកើតជំងឺមហារីក និងត្រូវបានព្យាបាលដោយវិធីសាស្ត្រខាង​លើ មានអាយុវែងជាងទ្វេដងធៀបនឹងក្រុមកណ្ដុរផ្ទុយពីនេះ ហើយអត្រានៃការរស់រានមានជីវិតក៏ខ្ពស់ជាង​30%​ផងដែរ។

សាស្ត្រាចារ្យ Peer ឱ្យដឹងថា នៅពេលត្រូវបានសម្រួលឱ្យសមស្របជាមួយមនុស្ស វិធីសាស្ត្រព្យាបាលនេះនឹងត្រូវបានធ្វើបដិរូបកម្មដែលអាចប្រើបានទៅតាមលក្ខខណ្ឌអំណោយផលរបស់អ្នកជំងឺម្នាក់ៗ ដោយយោងទៅតាមលទ្ធផលនៃការវាយតម្លៃជាក់ស្ដែង និងត្រូវបានធ្វើឡើងដោយការចាក់ថ្នាំដោយប្រយោល ឬដោយផ្ទាល់ទៅក្នុងដុំសាច់មហា​រីក ដែលនេះអាស្រ័យទៅតាមប្រភេទដែលសមស្របបំផុត។

អ្នកវិទ្យាសាស្ត្ររកឃើញវិធីថ្មីសម្រាប់ព្យាបាលជំងឺមហារីក ដោយគ្មានផលប៉ះពាល់៖ វិធីនេះធ្លាប់ត្រូវបានគេបង្អាប់ថាជារឿងស្រមើស្រមៃកាលពីជាង10ឆ្នាំមុន!
បច្ចេកវិទ្យាកែលម្អហ្សែន CRISPS មានតួនាទី “កាត់” DNA អាចមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺមហារីក

“បច្ចេកវិទ្យានេះ ត្រូវការអភិវឌ្ឍន៍បន្ថែមទៀង ប៉ុន្តែប្រការសំខាន់បំផុតនោះគឺថា យើងបានធ្វើការបញ្ជាក់ហើយ​ថា បច្ចេកវិទ្យានេះអាចកម្ចាត់កោសិកាមហារីកបាន” សាស្ត្រាចារ្យ Peer មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះ។

លោក Peer យល់ថា ថ្នាំចាក់ រួមមានសមាសធាតុចំនួន3៖ ទីមួយគឺ ណាណូ (nano) 1គ្រាប់ដែលត្រូវបានផ្សំឡើងអំពី lipid ទីពីរគឺ RNA ព័ត៌មានដែលត្រូវបានបំប្លែងជាកូដ និងមានតួនាទីជា “កន្ត្រៃល្អិត” ដើម្បីកាត់ DNA និងទីបីគឺប្រព័ន្ធកំណត់ទិសដែលអាចកំណត់អត្តសញ្ញាណរបស់កោសិកាមហារីក។

“នៅពេលដែលយើងខ្ញុំបានលើកឡើងជាលើកដំបូងអំពីវិធីសាស្ត្រព្យាបាលជាមួយនឹង RNA ព័ត៌មាន កាល​ពី​12​ឆ្នាំ​មុន គ្រប់គ្នាគិតថា នោះគឺជាវិទ្យាសាស្ត្របែបប្រឌិត។ ​ខ្ញុំជឿជាក់ថា នៅក្នុងអនាគតដ៏ខ្លីខាងមុខ យើងនឹងមាន​វិធីសាស្ត្រព្យាបាលជំងឺដទៃទៀតដែលត្រូវបានធ្វើបដិរូបកម្មដោយយោងទៅលើហ្សែន សម្រាប់អ្នកជំងឺមហារីក និងជំងឺតំណពូជផ្សេងៗទៀត”៕

ប្រភព៖ The Times of Israel

Advertisement