ពាក្យតែ​មួយ​ម៉ាត់​នេះ ធ្វើ​ឱ្យ​មេ​របស់​ Xiaomi ​ត្រូវ​បាត់​បង់​តំណែង

ពាក្យតែមួយម៉ាត់នេះ ធ្វើឱ្យមេរបស់ Xiaomi ត្រូវបាត់បង់តំណែង

គ្រាន់តែនិយាយពាក្យមួយម៉ាត់សោះ បានបណ្ដាលឱ្យនាយិកាប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi នាង Wang Mei ត្រូវសុំលាលែងពីតំណែង ដោយខ្លួនឯង ដោយសារតែមានការខឹងសម្បាខ្លាំងពីក្រុមអ្នកលេងបណ្ដាញសង្គម។

ហេតុការណ៍ខាងលើបានចាប់ផ្ដើមឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្ដីអំពីការគ្រប់គ្រងប្រភពធនធានមនុស្សនៅប្រទេសចិន ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី21វិច្ឆិកា។ នៅទីនោះ Wang Mei ដែលជានាយិកាប្រតិបត្តិ និងជាអនុប្រធាននៃសាកលវិទ្យាល័យ Qinghe របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi នៅក្នុងសុន្ទរកថាមួយ បាននិយាយថា៖ “Xiaomi ជឿជាក់ថា អនាគត អ្នកដែលក្ដាប់បាន Diaosi នឹងជាអ្នកឈ្នះលើសាធារណជន ចូរធ្វើជាយុវវ័យ និងលាតសន្ធឹងទៅកាន់ពិភពលោក”។

ក៏ប៉ុន្តែ ពាក្យថា “Diaosi” ដែលនាយិការូបនេះបានប្រើប្រាស់ គឺជាគ្រាមភាសាមួយនៅប្រទេសចិន ដែលតែងត្រូវបានប្រើជាលក្ខណកំប្លុកកំប្លែង សំដៅលើក្រុមយុវវ័យដែលត្រូវបានគេចាត់ទុកថាជាអ្នកបរាជ័យ (ឬហៅថា loser) មានរូបរាងមិនគួរឱ្យចាប់អារម្មណ៍ និងមិនមាន “ទឹកមាត់ប្រៃ” នៅក្នុងសង្គម។ ពាក្យ “Diaosi” នេះ ក៏តែងត្រូវបានអ្នកលេងបណ្ដាញសង្គមប្រើប្រាស់ដើម្បីបង្អាប់គ្នា ហើយវាក៏តែងត្រូវគេចាត់ទុកថា ជាពាក្យបង្ហាញអំពីការប្រកាន់ឋានៈ និងខ្វះការគោរព ឬ​ជា​ការ​មើល​ងាយ​ជា​ដើម។

ក៏ប៉ុន្តែ គំនិតរបស់អនុប្រធានសាកលវិទ្យាល័យរូបនេះ មិនមែនមានន័យថា មើលងាយអ្នកណាឡើយ។ គំនិតរបស់​នាងគឺថា យុវវ័យគឺជាអ្នកប្រើប្រាស់ដ៏សំខាន់ ហើយក្រុមហ៊ុនរបស់ខ្លួននឹងផលិតចេញនូវផលិតផលដែលឆ្លើយ​តបតាមតម្រូវការរបស់ក្រុមយុវវ័យនេះ។

យ៉ាងណាក៏ដោយ អ្នកលេងបណ្ដាញសង្គមចិន មិនបានគិតដូចនាយិកាប្រតិបត្តិរបស់ Xiaomi នេះឡើយ។ បន្ទាប់​​ពី​សុន្ទរ​កថា​ត្រូវ​បាន​គេបង្ហោះលើបណ្ដាញសង្គមភ្លាម វាបានធ្វើឱ្យមានរលកនៃការខឹងសម្បាជាបន្តបន្ទាប់ ក្នុងនោះក៏មានអ្នកគាំទ្ររបស់ Xiaomi ផងដែរ។

ពាក្យតែមួយម៉ាត់នេះ ធ្វើឱ្យមេរបស់ Xiaomi ត្រូវបាត់បង់តំណែង
ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន​ Xiaomi

មានអ្នកបណ្ដាញសង្គមម្នាក់ បានប្រតិកម្មថា៖ “គំនិតរបស់នាងគឺថា អ្នកប្រើប្រាស់ផលិតផលរបស់ Xiaomi គឺសុទ្ធតែជាក្រុមមនុស្សធុនអន់មែនទេ?”។

ម្នាក់ទៀតសរសេរថា៖ “កាន់ Redmi ក្នុងដៃ ហើយឮពាក្យនេះ ចង់តែគ្រវាត់វាចោលទេ”។

មនុស្សមួយចំនួនទៀតយល់ថា ក្រៅពីការខ្វះការគោរពដល់អ្នកប្រើប្រាស់ និងអ្នកគាំទ្រ សម្ដីរបស់ Wang Mei ​ក៏​ដើរ​បញ្ច្រាស​នឹង​ស្ថាន​ការណ៍​បច្ចុប្បន្ន នៅពេលដែល Xiaomi កំពុងប្រឹងប្រែងដើម្បី “រើបម្រាស” ខ្លួនចេញពីយីហោ​ “តម្លៃធូរថ្លៃ” ដោយងាកទៅផលិតស្មាតហ្វូនលំដាប់ខ្ពស់។

ហេតុការណ៍ខាងលើ មិនមែនធម្មតាឡើយ តែវាធ្ងន់ធ្ងររហូតដល់ថ្នាក់ ក្រុមហ៊ុន Xiaomi កាលពីថ្ងៃទី25វិច្ឆិកា ត្រូវធ្វើសេចក្ដីប្រកាសព័ត៌មានមួយ ឱ្យដឹងថា នាយិកាប្រតិបត្តិ Wang Mei របស់ក្រុមហ៊ុននេះ មានការស្ដាយក្រោយជាខ្លាំងចំពោះផលវិបាកដែលបង្កើតឡើងដោយសម្ដីរបស់ខ្លួន ដែលបានធ្វើឱ្យប៉ះពាល់ដល់អ្នកគាំទ្រ និងអ្នកប្រើប្រាស់ ដោយសារតែការយល់ឃើញមិនប្រកបដោយវិន័យ និងជាកំហុសឆ្គងមួយរបស់ខ្លួន។ នាងបានសុំលាលែងពីតំណែង ហើយក្រុមហ៊ុនក៏​បាន​យល់​ព្រម​តាម​សំណើ​របស់នាងហើយដែរ។

ចំណែក Wang Mei ក៏បានធ្វើការសុំអភ័យទោសជាសាធារណៈនៅក្នុងការប្រតិកម្មមួយរបស់ខ្លួន ដោយនិយាយ​ថា ការយល់ឃើញដែលទាក់ទងនឹងបញ្ហានេះ គ្រាន់តែជាកំហុសបុគ្គលរបស់ខ្លួននាងផ្ទាល់តែប៉ុណ្ណោះ ហើយវាមិនតំណាងឱ្យទស្សនៈ និងយោបល់របស់ក្រុមហ៊ុនឡើយ។

“សង្ឃឹមថា គ្រប់គ្នានឹងមិនយល់ច្រឡំលើក្រុមហ៊ុន Xiaomi” អតីតនាយិកាប្រតិបត្តិ Wang Mei របស់ក្រុមហ៊ុន Xiaomi និយាយដូច្នេះ៕

Advertisement