គ្រោះថ្នាក់ធ្លាក់យន្តហោះនឹងលែងមានទៀតហើយ! Airbus ឧទ្ទេសនាមយន្តហោះអ៊ីដ្រូសែនដែលអាចដោះប្រអប់ម៉ាស៊ីនចេញពីស្លាបដោយស្វ័យប្រវត្តិ

ក្រុមហ៊ុន​អភិវឌ្ឍ និង​ផលិត​យន្តហោះ Airbus បានប្រកាស​បង្ហាញ​អំពី​គំរូ​យន្តហោះ​ដំណើរការ​ដោយ​ថាមពល​អ៊ីដ្រូសែន ដែលមាន​ប្រអប់​ម៉ាស៊ីន​ដាច់ដោយឡែក និង​ងាយស្រួល​ដោះចេញ នៅពេល​ជួប​បញ្ហា​ពេល​កំពុង​ហោះហើរ។

ថ្មីៗនេះ ក្រុមហ៊ុន Airbus បាន​ឧទ្ទេសនាម​ប្រភេទ​យន្តហោះ​ដំណើរការ​ដោយ​អ៊ីដ្រូសែន​ដែលមាន​លក្ខណពិសេស​ជាង​មុន ដោយ​ប្រព័ន្ធ​ថាមពល​អ៊ីដ្រូសែន​ត្រូវ​បានដាក់​នៅក្នុង​ប្រអប់​ដាច់ដោយឡែក ដែល​ងាយ​ឱ្យគេ​ដោះចេញ និង​បំពាក់​ឡើងវិញ​នៅលើ​ស្លាប​យន្តហោះ។

ប្រអប់​នេះ​នឹងមាន​ផ្ទុក​ឧស្ម័ន និង​ប្រព័ន្ធ​ម៉ាស៊ីន​ដោយឡែក​របស់​វា អនុញ្ញាតឱ្យ Airbus យក​ធុង​ដាក់​ឥន្ធនៈ​ទាំងអស់​ចេញពី​តួ​យន្តហោះ ដែល​ប្រការនេះ​នឹង​ជួយ​ឱ្យ​យន្តហោះ​មាន​កន្លែង​ទំនេរ​ច្រើនជាង​មុន​សម្រាប់​ដាក់​អីវ៉ាន់ និង​កៅអី​សម្រាប់​អ្នកដំណើរ។

Airbus នឹងបំពាក់ប្រអប់ម៉ាស៊ីនចំនួន 3 នៅលើស្លាបនីមួយៗរបស់យន្តហោះ

ប្រអប់​ម៉ាស៊ីន និង​ឥន្ធនៈ​ដាច់ដោយឡែក​នេះ ក៏​ជួយ​កែលម្អ​ផ្នែក​សុវត្ថិភាព​ដល់​យន្តហោះ​ផងដែរ ព្រោះថា បើសិន​ប្រអប់​ម៉ាស៊ីន​ណាមួយ​ត្រូវ​ខូច ឬ​ឆេះ អ្នកបើកបរ​អាច​ឈប់​ប្រើប្រាស់ ឬ​ទម្លាក់​វា​ចោល រួច​ធ្វើឱ្យមាន​តុល្យភាព​លើ​កម្លាំង​រុញច្រាន​ឡើងវិញ តាមរយៈ​ប្រអប់​ម៉ាស៊ីន​ដែល​នៅសល់។

តាម​គម្រោង Airbus នឹង​បំពាក់​ប្រអប់​ម៉ាស៊ីន​ចំនួន 3 ទៅលើ​ស្លាបនីមួយៗ ហើយ​ប្រអប់នីមួយៗមាន​ធុង​អ៊ីដ្រូសែន​រាវ​អម​ជាមួយនឹង​ប្រព័ន្ធ​ទប់ទល់​កម្ដៅ​ដោយឡែក។ ក្រៅពីនេះ ប្រអប់​ម៉ាស៊ីន​ក៏​នឹងមាន​អាគុយ​ថាមពល​មួយ​គ្រាប់ ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក​មួយឈុត និង​ម៉ាស៊ីន​មួយគ្រឿង​ផងដែរ។

នៅលើ​ដី គេ​អាច​ប្ដូរ​ប្រអប់​ម៉ាស៊ីន​មួយ ជំនួស​ដោយ​ប្រអប់​ម៉ាស៊ីន​មួយ​ផ្សេងទៀត និង​បំពេញ​ថាមពល​បាន​ដោយ​ងាយ។ ប្រការនេះ​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​បាន​ច្រើន​នៅក្នុង​ការចាក់​ឥន្ធនៈ ដែលជា​ដំណាក់កាល​មួយ ទាម​ទារ​ឱ្យមាន​ប្រព័ន្ធ​ស្មុគស្មាញ​ដើម្បី​រក្សា​អ៊ីដ្រូសែន​ឱ្យមាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង៕

ប្រភព៖ Next

Advertisement