LG ឌី​ហ្សា​ញ​គ្រែ​គេង បំពាក់​អេក្រង់ OLED ឆ្លាត​វៃ បញ្ជា​ដោយ​សំឡេង ដូច​ក្នុង​រឿង​ហូលីវូដ

ក្នុង​ព្រឹត្តិការណ៍ CES 2021 ក្រុមហ៊ុន​ទាំងអស់ ដែលមាន​ឈ្មោះ​ចូលរួម បាន​បញ្ចេញ Prototype (គំរូ) ផលិតផល​របស់ខ្លួន។ ជាក់ស្ដែង​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​ធំ​បំផុត​មួយ របស់​កូរ៉េខាងត្បូង LG បាន​បញ្ចេញឱ្យឃើញ នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​សន្លាង​មួយ​គឺ គ្រែ​គេង​ឆ្លាត​វៃ ភ្ជាប់​ជាមួយនឹង​អេក្រង់​ហូត​ឡើង​បញ្ជា​ដោយ​សំឡេង ហាក់បីដូចជា​នៅក្នុង​ខ្សែភាពយន្ត​ហូលីវូដ​ដូច្នេះ​ដែរ។

លោក Jong-sun Park ជា​អនុប្រធាន​ផ្នែក​ផលិត​អេក្រង់​របស់ LG បានបង្ហាញ​ចំណាប់អារម្មណ៍​ថា៖ “ជាមួយនឹង​ផលិតផល​នេះ វា​អាចឱ្យ​យើង​រីកចម្រើន​ទៅមុខ ទៅកាន់​ជំនាន់​ចុងក្រោយ​នៃ​អេក្រង់ ដែល​យើង​មាន​លទ្ធផល​គ្រប់គ្រាន់ ក្នុងការ​ផ្លាស់ប្តូរ​បែបផែន​នៃ​ការផលិត​អេក្រង់”

សូម​ជម្រាបជូន​ផងដែរ​ថា អេក្រង់​ទំហំ 55អ៊ី​ញ ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង ព្រោះ​មាន​តួនាទី ដូចនឹង​អេក្រង់​កុំព្យូទ័រ នៅ​ចុងជើង​របស់​យើង​តែម្ដង ពេលមុន ឬ​ក្រោយ​ក្រោក​ពី​គេង​មក អាច​បញ្ជា​បាន មិនចាំបាច់​រង់ចាំ​យូរ​ឡើយ។ មកទល់ពេលនេះ មិនទាន់មាន​ព័ត៌មាន​ច្រើន អំពី​គ្រែ​គេង​ដ៏​ទំនើប​មួយ​នេះ​នៅឡើយ៕

Advertisement