Lenovo បញ្ចេញ​ផលិតផល​វ៉ែនតា​ឆ្លាត​វៃ 3D និង AR អាច​បង្ហាញ​ម្ដង 5ផ្ទាំង​កម្មវិធី លើ​កុំព្យូទ័រ

ក្នុង​ព្រឹត្តិការណ៍ CES 2021 ជា​ព្រឹត្តិការណ៍​ដាក់តាំង​ពិព័រណ៍​បច្ចេក​វិទ្យា​ដ៏​ធំ នា​ដើមឆ្នាំ2021 នេះ ក្រុមហ៊ុន​ទាំងអស់ ដែលមាន​ឈ្មោះ​ចូលរួម បាន​បញ្ចេញ Prototype (គំរូ) ផលិតផល​របស់ខ្លួន ក៏ដូចជា​ដាក់​បង្ហាញ​ផលិតផល​របស់​ពួកគេ ជាបណ្តើរៗហើយ​ដែរ។

ជាក់ស្ដែង​ក្រុមហ៊ុន Lenovo ដែល​ល្បីល្បាញ​ខាង​ផលិត​គ្រឿង​អេឡិចត្រូនិក​យូរ​ឆ្នាំ​មកហើយ​នោះ ក៏បាន​បង្ហាញឱ្យឃើញ​ពី វ៉ែនតា​ឆ្លាត​វៃ ThinkReality A3 ដែល​ក្នុងនោះ វា​មាន 2ជម្រើស ទៅតាម​ប្រភេទ​អ្នកប្រើប្រាស់ ដែល​សុទ្ធ​តែមាន​សមត្ថភាព 3D visualizations និង AR-guided ដូចគ្នា។

Lenovo ក៏បាន​បញ្ជាក់ដែរថា គោលដៅ​នៃ​ការផលិត​វ៉ែនតា​ឆ្លាត​វៃ​ខាងលើនេះ មិនមែន​សម្រាប់​លក់​ឱ្យ​អតិថិជន​ទូទៅ​នោះទេ ផ្ទុយទៅវិញ​គឺ គោលដៅ​សម្រាប់​សហគ្រាស។

លក្ខណសម្បត្តិ​វ៉ែនតា AR ទាំង ២ម៉ូ​ដែល ស្ទើរតែ​ដូចគ្នា​ទាំងស្រុង គ្រាន់តែ​ថា វា​ទាំង2 ត្រូវបាន​ធ្វើឡើង ដើម្បី​តម្រូវ​ទៅតាម​ករណី នៃ​ការប្រើប្រាស់​ផ្សេងគ្នា។

សម្រាប់​ម៉ូ​ដែល ThinkReality A3 បំពាក់​មក​ជាមួយនឹង​ឈី​ប Snapdragon XR1 សម្រាប់​វ៉ែនតា​ឆ្លាត​វៃ និង 1ទៀត ម៉ូ​ដែល​ThinkReality A3 PC Edition ដែល​ត្រូវបាន​បង្កើតឡើង សម្រាប់​ឱ្យ​វា​ភ្ជាប់​ជាមួយនឹង PC តែម្ដង ដើម្បី​ធ្វើការ​ប្រើប្រាស់​វា ឱ្យ​អាចធ្វើ​ការបង្ហាញ​កម្មវិធី​នៅលើ Windows បាន5 នៅលើ​ផ្ទៃ​បង្ហាញ​និម្មិត​នៃ​វ៉ែនតា​នោះ។

ថាមពល​ថ្ម របស់​វា អាស្រ័យទៅលើ​ឧបករណ៍ ដែល​នឹង​ត​ភ្ជាប់​មកជា​មួយ​ប៉ុណ្ណោះ ដោយ​ធ្វើបែបនេះ នឹង​ជួយ​ឱ្យ​វា កាន់តែ​ស្រាល​ងាយស្រួល​ពាក់ ប៉ុន្តែ​អ្នក​ប្រើ​ត្រូវ​ការភ្ជាប់​វា​ដោយ​ប្រើ​ខ្សែ USB-C 3.1 ទៅកាន់​ឧបករណ៍​ដែល​ភ្ជាប់​ជាមួយ​នោះ។

សូម​ជម្រាបជូន​ដែរ​ថា Lenovo មិនទាន់​បញ្ជាក់​ពី​តម្លៃ​របស់ ThinkReality A3 ទាំង 2ម៉ូ​ដែល​ខាងលើ​នៅឡើយ​ទេ ប៉ុន្តែ​ត្រូវបាន​គេ​រំពឹងថា វ៉ែនតា​ឆ្លាត​វៃ​នោះ នឹង​បង្ហាញខ្លួន នៅ​អំឡុង​ពាក់កណ្ដាល​ឆ្នាំ2021 ខាងមុខនេះ៕

Advertisement