បន្ទាប់ពី Youtube, Twitter និង Facebook បណ្ដាញ​​ទំនាក់​ទំនង​ Snapchat​ ក៏​បិទ​គណនី​របស់ Trump ក្រោយ​អំពើហិង្សា​នៅ​វិមាន​សភា​អាមេរិក

ក្រុមហ៊ុន​បច្ចេកវិទ្យា Snap Inc បានប្រកាសថា នឹង​បិទ​គណនី​របស់លោក Donald Trump នៅលើ​កម្មវិធី​ទំនាក់ទំនង Snapchat ជា​រៀងរហូត ដោយសារ​ព្រួយបារម្ភ ក្រោយពី​មាន​ករណី​ហិង្សា​នៅ Capitol Hill កាលពី​សប្ដាហ៍​មុន។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Snap Inc កាលពី​ថ្ងៃទី 13 មករា បានឱ្យដឹងថា ទង្វើ​នេះ​ត្រូវបាន​ធ្វើឡើង​ព្រោះតែ​ប្រធានាធិបតី Donald Trump បាន «ព្យាយាម​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ថ្លែង​សារ​ដែល​បង្កឱ្យមាន​កំហឹង និង​អំពើហិង្សា ដែល​ទង្វើ​នេះ ពិតជា​រំលោភ​លើ​ការ​គោលការណ៍​របស់​យើង»។

អ្នកនាំពាក្យ​ខាងលើ​អះអាងថា ការបិទ​ចោល​គណនី Snapchat របស់លោក Trump គឺ «ដើម្បី​សុវត្ថិភាព​សាធារណៈ» និង «ដើម្បី​ផលប្រយោជន៍​ល្អ​បំផុត​សម្រាប់​ពិភព Snapchat»។

ការសម្រេច​ខាងលើនេះ ត្រូវបាន​លើកឡើង​ក្រោយពី Snap Inc កាលពី​សប្ដាហ៍​មុន​បានប្រកាស​ផ្អាក​ដោយ​មិនមាន​កាលកំណត់​ចំពោះ​គណនី Snapchat របស់លោក Trump បន្ទាប់ពី​ករណី​វឹកវរ​ដែល​បង្កឡើង​ដោយ​ក្រុមបាតុករ​គាំទ្រ​លោក Trump នៅ​វិមាន​សភា​អាមេរិក ដែល​បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 5 នាក់​បាន​បាត់​បង់ជីវិត។

Snapchat គឺជា​បណ្ដាញ​សង្គម​ថ្មី​បំផុត​ដែល​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ក្នុងការ «ដាក់ទណ្ឌកម្ម» ទៅលើ​លោក Trump។ មុននេះ Facebook ក៏បាន​ប្រកាស​បិទ​បណ្ដោះអាសន្ន​ដោយ​គ្មាន​កាលកំណត់​ទៅលើ​គណនីរ​ប​ស់លោក Trump ផងដែរ ខណៈ Twitter ក៏បាន​បិទ​គណនី​របស់លោក Trump ជា​រៀងរហូត «ដោយសារ​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​នៃ​ការ​បញ្ឆេះ​អំពើហិង្សា»។

ក្រៅពីនេះ កាលពី​ថ្ងៃទី 12 មករា Youtube ក៏បាន​ប្រកាស​បិទ​គណ​នី​របស់លោក Trump ក្នុង​រយៈពេល​យ៉ាងតិច​មួយ​សប្ដាហ៍ ឬ​អាច​យូរ​ជាង​នេះ ដោយសារតែ​មានការ​រំលោភ​លើ​គោលការណ៍​របស់​បណ្ដាញ​សង្គម​នេះ៕

ប្រភព៖ Reuters, Yahoo

Advertisement