ស្ដាយ​ណាស់់! ទោះបី LG ទើប​ចេញលក់​ផលិតផល​ថ្មី​ក្ដី តែ​មេ​ប្រាប់ថា នឹង​ដកខ្លួន​ចេញពី​វិស័យ​ស្មា​ត​ហ្វូ​ន

ដំណឹង​ដ៏​គួរឱ្យ​សោកស្ដាយ ដែលថ្មីៗនេះ លោក Kwon Bong-seok ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន LG បាន​ផ្ញើ​សារ ជា​តម្រុយ​ប្រាប់​ទៅ​បុគ្គលិក​របស់ខ្លួន ឱ្យបាន​ដឹង​មុន​ថា នាពេល​ខាងមុខនេះ វិស័យ​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន អាច​នឹងមាន​ការផ្លាស់​ប្តូរ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែម្តង។

ដោយ​នៅក្នុង​សារ​នោះ បាន​សរសេរ​បញ្ជាក់ថា មិន​ថា​មានការ​ផ្លាស់ប្តូរ​អ្វី​កើតឡើង ចំពោះ​ផ្នែក​វិស័យ​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន​នោះទេ ការងារ​ដែល​បុគ្គលិក​ធ្លាប់ធ្វើ​ពីមុនមក គឺ​នៅតែ​រក្សា​ដូចដើម ដដែល​ហើយ​មិនបាច់​មានការ​ព្រួយបារម្ភ​នោះទេ។

តាមរយៈ​គេហទំព័រ​ក្នុងប្រទេស​កូរ៉េខាងត្បូង បាន​រាយការណ៍​មក​ថា 5ឆ្នាំ​មកនេះ LG ខាតបង់ សរុប​ជា​ទឹកប្រាក់​ដល់​ទៅ​ខ្ទង់ 4.5ពាន់​លាន​ដុល្លារ ឯណោះ ទៅលើ​ផ្នែក​វិស័យ​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន ហេតុដូច្នេះ ពួកគេ​អាច​នឹង​ដកខ្លួន​ចេញពី​វិស័យ​មួយ​នេះ។ ចំណែក​ទីផ្សារ​ទូរស័ព្ទ​វៃឆ្លាត របស់​ក្រុមហ៊ុន LG បាន​ធ្លាក់ចុះ​កាន់តែខ្លាំងទៅៗ បើទោះបីជា​ពួកគេ ខំព្យាយាម​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី ក៏ដូចជា​ផ្លាស់ប្តូរ​នាយក​ប្រតិបត្តិ​ថ្មី​ក៏ដោយ។ កាលពី​ឆ្នាំ ២០២០ កន្លងទៅ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន បាន​រាយការណ៍​ថា LG បានធ្វើការ​កាត់បន្ថយ​ចំនួន​បុគ្គលិក លើ​ផ្នែក​វិស័យ​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន​ថែម​ទៀតផង។

លោក Kwon Bong-seok បាន​បន្ថែមទៀតថា ចាប់តាំងពី​មានការ​ប្រកួតប្រជែង​ខាង​ផ្នែក​ទីផ្សារ​ទូរស័ព្ទ​វៃឆ្លាត មាន​សម្ទុះ​កាន់តែខ្លាំងឡើងៗមក  វា​ដល់​ពេលដែល LG ត្រូវធ្វើ​ការវិនិច្ឆ័យ និង​សម្រេចចិត្ត​សាជាថ្មី​ម្តងទៀត លើ​វិស័យ​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន  ដោយ​ក្រុមហ៊ុន​កំពុង​ពិចារណ លើ​រាល់​វិធានការ​ទាំងអស់ ដោយ​ក្នុងនោះ រាប់បញ្ចូល​ទាំង​ការលក់ ការដកខ្លួន​ចេញ ក៏ដូចជា​កាត់បន្ថយ​ផលិក​ម្ម​ទូរស័ព្ទ​វៃឆ្លាត​របស់ខ្លួន​ផងដែរ។

សូម​ជម្រាបជូន​ដែរ​ថា កាលពី​លោក Kwon Bong-seok ឡើងកាន់តំណែង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន LG កាលពី​ខែមករា ដើមឆ្នាំ2020  លោក​បាន​ប្តេជ្ញា​ថា នឹងធ្វើ​ឱ្យ​មុខ​ជំនួញ​ទូរស័ព្ទ​វៃឆ្លាត​របស់ LG ងើប​ឡើងវិញ​ជាថ្មី​ម្តងទៀត តែដោយសារ​វិបត្តិ​កូ​វីដ-19  វាយលុក​ពេក  ពេលនេះ LG ក៏​ដូច​ទៅនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យាឯទៀតៗដែរ គឺ​សុទ្ធ​រង​ផលប៉ះពាល់​ដូចគ្នា​ទាំងអស់៕

Advertisement