យាន​អវកាស​ Starship របស់​មហាសេដ្ឋី Elon Musk ផ្ទុះ​នៅពេល​ចុះចត

យានអវកាស Starship គំរូ​ថ្មី​បំផុត​របស់​ក្រុមហ៊ុន SpaceX បាន​ផ្ទុះ​ម្ដងទៀត​នៅពេល​កំពុង​ចុះចត បើទោះជា​បាន​ហោះ​ចេញពី​ទីលាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ។

គំរូ​យានអវកាស Starship ថ្មី​បំផុត​នេះ ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី 2 កុម្ភៈ ប៉ុន្តែ​បាន​ផ្ទុះ​ដោយសារតែ​មានការ​ប៉ះទង្គិច​នៅក្នុង​ការព្យាយាម​ចុះចត​តាម​លក្ខណ​បញ្ឈរ​ត្រង់។ យាន​គំរូ​នេះ​មាន​លេខ​សម្គាល់​ជា​លេខ 9 ឬ SN9។ វា​ត្រូវបាន​បាញ់​បង្ហោះ​សាកល្បង​ក្នុង​រយៈកម្ពស់​ប្រហែល 10 គីឡូម៉ែត្រ ដូច​ទៅនឹង​យាន Starship មួយគ្រឿង​ផ្សេងទៀត​ដែល​បាន​ហោះ​ឡើង​កាលពី​ខែធ្នូ ឆ្នាំ 2020។ យាន SN8 ក៏បាន​ផ្ទុះ​នៅក្នុងពេល​ចុះចត។

John Insprucker ដែលជា​វិស្វករ​សំខាន់​របស់ SpaceX បានឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា៖ «យើង​ត្រូវ​ប្រឹងប្រែង​តែ​បន្តិចទៀត​ប៉ុណ្ណោះ នឹងមាន​ការចុះ​ចត​ដោយ​ជោគជ័យ»។

Starship មុន​ពេល​បាញ់​បង្ហោះ​

គំរូ​នៃ​យាន Starship របស់ Elon Musk ត្រូវបាន​រចនា​ឡើង​ដោយ​ប្រើប្រាស់​ដែក​អ៊ី​ណុ​ក ដូច​ទៅនឹង​កំណែ​ដំបូង​ដែល​ត្រូវបាន​ប្រកាស​កាលពី​ចុងឆ្នាំ​មុន។ ក្រុមហ៊ុន SpaceX កំពុងតែ​អភិវឌ្ឍ​យានអវកាស Starship ដើម្បី​ដឹកទំនិញ ឬ​មនុស្ស​ឱ្យបាន 100 នាក់ ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ និង​ពិភព​ព្រះ​អង្គារ​ដោយ​ចំណាយ​ការហោះហើរ​តែមួយ​លើក។

លោក Musk បាន​បង្វែរ​ចំណាប់អារម្មណ៍​របស់​សាធារណជន ទៅរក​យាន Starship កាលពី​ខែឧសភា ក្រោយពី SpaceX ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ទេសចរណ៍​អវកាស​ដំបូង​របស់ខ្លួន។ លោក Musk ចាត់ទុក Starship ជា​អាទិភាព​ដំបូង​របស់​ក្រុមហ៊ុន។ កាលពី​ឆ្នាំមុន ក្រុមហ៊ុន​បានស្នើ​ឱ្យមាន​ការ​ព​ន្លឿ​ន​កម្មវិធី​នេះភ្លាមៗផងដែរ។

បើទោះជា SN9 មាន​វាសនា​មិន​ខុសពី SN8 ដែល​បាន​ផ្ទុះ​កាលពី​ពីរ​ខែ​មុន ប៉ុន្តែ SpaceX បាន​ចាត់ទុកថា ការសាកល្បង​ហោះហើរ​នេះ​ជា​ជំហាន​ដ៏​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​រ៉ុ​ក​កែ​ត​របស់ខ្លួន។ SN10 អាច​នឹង​ជោគជ័យ​ក្នុង​ការហោះ​ឡើង និង​ចុះចត​នាពេលខាងមុខ៕

ប្រភព៖ CNBC

Advertisement