ក្រុមហ៊ុន SpaceX ប្រកាស​បេសកកម្ម​ថ្មី នាំយក​មនុស្ស​ស្ម័គ្រចិត្ត 4នាក់ ទៅកាន់​លម្ហ​អវកាស

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​អវកាស​SpaceX បានប្រកាស​ឱ្យដឹងថា ពួកគេ​បាន​បង្កើត​បេសកកម្ម​មួយ ដែលមាន​ឈ្មោះថា Inspiration4 ដែលជា​បេសកកម្ម​ដំបូង​គេ​បំផុត​ក្នុង​ពិ​ព​ភ​លោក ដោយ​នឹងធ្វើ​ការនាំយក​ជន​ស៊ីវិល​ចំនួន 4រូប​ទៅកាន់​លម្ហ ដែល​មិន​ធ្លាប់មាន​វត្តមាន​អាវ​កាស​យានិក ទៅជា​មួយ​នោះទេ។

បេសកកម្ម​នោះដែរ ត្រូវបាន SpaceX កំណត់​យក​ពេលវេលា នៃ​ការបើក​ដំណើរការ​នៅក្នុង​អំឡុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ2021 នេះ ចេញពី​មជ្ឈមណ្ឌល​លម្ហ​អវកាស Kennedy Space Center ។ ការនាំយក​ជន​ស៊ីវិល​ទាំង 4នាក់ ទៅកាន់​លម្ហ​អាកាស​នោះ គឺ​ត្រូវ​ប្រើប្រាស់​យាន​អាវ​កាស Crew Dragon ។

អ្នកដឹកនាំ​ក្នុង​បេសកកម្ម​នោះ គឺ​លោក Jared Isaacman គឺជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Shift 4 Payments ដើរតួ​ធ្វើជា​មេបញ្ជាការ ក្នុងចំណោម​អ្នកដំណើរ​ទាំងអស់។ គាត់​នឹង​ក្លាយជា​ជន​ស៊ីវិល 1រូប​ក្នុងចំណោម 3រូប​ផ្សេងទៀត ដែល​នឹងធ្វើ​ដំណើរ​ទៅកាន់​លម្ហ ខណៈដែល​ជន​ស៊ីវិល​ទាំង 3នាក់​ទៀត​នោះ ត្រូវ​ឆ្លងកាត់​លក្ខខណ្ឌ​ធ្វើតេស្ត ខាង​កាយសម្បទា​ជាច្រើន។

បុគ្គល​ទាំង 4រូប ដែល​នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​លម្ហ​នោះ គឺ​នឹង​ទទួលបាន​ការហ្វឹកហាត់​ជាមុន ពី SpaceX នូវ​មុខជំនាញសំខាន់ៗជាច្រើន ដែល​នឹងត្រូវ​ប្រើប្រាស់​ក្នុងការ​ដំណើរ​នោះ ដែល​រួមមាន​ទាំង​របៀប​ប្រើប្រាស់​យានអវកាស ក៏ដូចជា​របៀប​នៃ​ការឆ្លើយតប​បន្ទាន់​ផងដែរ។

គោលបំណង នៃ​ក្នុង​បេសកកម្ម​ខាងលើ​នោះ គឺ​ដើម្បី​រៃអង្គាស​ថវិកា សម្រាប់​ផ្តល់ទៅឱ្យ​មន្ទីរពេទ្យ និង​កន្លែង​ស្រាវជ្រាវ ទាក់ទង​នឹង​ជំងឺ​របស់​កុមារ​មួយ ដែលមាន​ឈ្មោះថា St. Jude Children’s Research Hospital។

លោក Jared Isaacman នឹង​បរិច្ចាគ 2កៅអី ដែល​នៅសល់ ទៅកាន់​ជន​ស៊ីវិល 2រូប​ទៀត។ កៅអី​នៅសល់​នេះ នឹង​ផ្តល់ឱកាស​យ៉ាង​បើកចំហ ទៅកាន់​អ្នក​ដែល​បាន​ចូលរួម​ក្នុងការ​បរិច្ចាគ ទៅ​មន្ទីរពេទ្យ​ខាងលើ​ដែរ ហើយ​កន្លែង​សម្រាប់​ម្នាក់ទៀត នឹង​ផ្តល់ជូន​ទៅឱ្យ​អតិថិជន​ចាស់ និង​ថ្មី នៃ​ជំនួញ​តាម​អ៊ី​ន​ធើ​ណិ​ត Shift4Shop របស់លោក Isaacman សម្រាប់​កន្លែង​មួយ​ចុងក្រោយ ដែល​នៅសល់​នោះ គឺ​នឹងត្រូវ​ផ្តល់​ឱ្យទៅ ឯកអគ្គរដ្ឋទូត​នៃ​មន្ទីរពេទ្យ​ខាងលើ។

សូម​ជម្រាបជូន​ផងដែរ​ថា ក្រុមហ៊ុន​អវកាស SpaceX បាន​ក្លាយជា​ក្រុមហ៊ុន​ឯកជន​ដំបូង​គេ ដែល​ជោគជ័យ​លើ​ការបាញ់​បង្ហោះ​រ៉ុក្កែត ចូលទៅ​ស្ថានីយ​អវកាស​អន្តរជាតិ និង​ជា​ក្រុមហ៊ុន​ដំបូង​គេ ដែល​អាច​ផលិត​បាន​យានអវកាស អាចធ្វើ​ដំណើរ​ទៅកាន់​លម្ហ ដែល​អាច​វិល​ត្រឡប់មក​ផែនដី​បាន៕

Advertisement