ក្រុម​អ្នកស្រាវជ្រាវ រកឃើញ​កម្មវិធី មេរោគ​ថ្មី កំពុង​វាយលុក​លើ WhatsApp

កាលពីពេលថ្មីៗនេះ ក្រុម​អ្នកស្រាវជ្រាវ ទើបតែ​រកឃើញ​កម្មវិធី​មេរោគ​ថ្មី នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​អាច​ឆ្លង​រីក​រាលដាល ដោយ​ស្វ័យប្រវត្តិ តាមរយៈ​កម្មវិធី WhatsApp។

វិធីសាស្ត្រ​នៃ​ការចម្លង​មេរោគ​នេះ​គឺ ពួកគេ​បាន​ប្រើប្រាស់​មុខងារ​ឆ្លើយតប ដោយ​ស្វ័យប្រវត្តិ ដែលមាន​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​កម្មវិធី WhatsApp។ នៅពេល​ទូរស័ព្ទ ដែលមាន​មេរោគ​ទទួលបាន​សារ តាមរយៈ​កម្មវិធី WhatsApp  ហើយ វា​នឹង​ឆ្លើយតប​ទៅ​អ្នក​ផ្ញើ​វិញ ជាមួយនឹង​តំណ​ភ្ជាប់ ឱ្យ​បញ្ចូល​កម្មវិធី​ក្លែងក្លាយ “Huawei Mobile” តាមរយៈ​គេហទំព័រ​ក្លែងក្លាយ ដែលមាន​រូបរាង​ស្រដៀង​គ្នា​នឹង គេហទំព័រ Google Play Store។

បន្ទាប់ពី​លោកអ្នក​បញ្ចូល​កម្មវិធី​មេរោគ​នេះហើយ វា​នឹងធ្វើ​ការស្នើសុំ ដើម្បី​អាច​ផ្ញើ​សារ​ចេញ​ដោយ​ស្វ័យប្រវត្តិ ដែល​ការណ៍​នេះ នឹង​ធ្វើឱ្យ​ទូរស័ព្ទ​លោកអ្នក ក្លាយជា​ឧបករណ៍ សម្រាប់​ចែកចាយ​មេរោគ បន្តទៅ​ទូរស័ព្ទផ្សេងៗទៀត។

ជាងនេះទៅទៀត ក្រុម​អ្នកស្រាវជ្រាវ ក៏បាន​រកឃើញ​ផងដែរ​ថា មេរោគ​នេះ ក៏​អាច​បន្ថែម​ស្គ្រី​ន​ទៅលើ​កម្មវិធីផ្សេងៗទៀត ដើម្បី​លួច​យក​ព័ត៌មានសំខាន់ៗ ដូចជា​ឈ្មោះ និង​លេខ​សម្ងាត់​ជាដើម​បាន​ទៀតផង។

បច្ចុប្បន្ន​កម្មវិធី​មេរោគ​នេះ អាច​ចម្លង​បាន​តាមតែ​រយៈ​កម្មវិធី WhatsApp ប៉ុណ្ណោះ ប៉ុន្តែ​ជនខិលខូច​ក៏​អាចធ្វើ​ការកែសម្រួល​វា ដែល​អាចឱ្យ​ដំណើរការបាន ជាមួយនឹង​កម្មវិធី​ទំនាក់ទំនង​សង្គមផ្សេងៗទៀត​នៅពេល​អនាគត។

ដូច្នេះ​ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា សូម​លោកអ្នក កុំ​ធ្វើ​ការទាញយក​កម្មវិធី ពី​តំណ​ភ្ជាប់​មួយណា ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ហើយ​លោកអ្នក​គួរតែ​ទាញយក​កម្មវិធី តែ​ពី​ក្នុង​កម្មវិធី​ផ្លូវការ ដែលមាន​នៅក្នុង​ទូរស័ព្ទ​ស្រាប់៕

Advertisement