នៅពេល Hyundai និង Kia លែង​ចរចា រឿង​ផលិត​រថយន្ត ជាមួយ Apple ធ្វើឱ្យ​ធ្លាក់​តម្លៃ​ភាគហ៊ុន​ភ្លាម​តែម្ដង

កាលពី​ថ្ងៃ​ចន្ទ ទី8 កុម្ភៈ មាន​របាយការណ៍​ជាច្រើន បាន​ចុះផ្សាយ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត Hyundai Motor Co របស់​កូរ៉េខាងត្បូង និង​ក្រុមហ៊ុន Kia Corp បាន​និយាយថា ពួកគេ​មិនបាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន Apple ស្តីពី​ការដំឡើង​កម្មវិធី​លើ​ការផលិត​រថយន្ត​ទេ ដែល​ការណ៍​នេះ បាន​បណ្តាលឱ្យ​ភាគហ៊ុន​របស់​ពួកគេ​ធ្លាក់ចុះភ្លាមៗតែម្ដង។ ភាពមិនច្បាស់លាស់ នៃ​ភាពជា​ដៃគូ​វិនិយោគ​រវាង​គ្នា​នឹង​គ្នា បានធ្វើឱ្យ Hyundai ធ្លាក់ចុះ 8.4% និង​ភាគហ៊ុន​របស់ Kia ធ្លាក់ចុះ​ដល់​ទៅ 15.3%។

Hyundai និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Kia បាន​បញ្ជាក់ថា ពួកគេ​មិនបាន​ពិភាក្សា​ជាមួយ Apple ទាក់ទង​នឹង​ការផលិត​រថយន្ត​អគ្គិសនី និង​រថយន្ត​អគ្គិសនី អាច​បើក​បើកបរ​ដោយ​ខ្លួនឯង​នោះទេ។

ទោះ​មិនបាន​ពិភាក្សា​នឹង Apple ក្ដី ប៉ុន្ដែ​ក្រុមហ៊ុន​ទាំង2 ខាងលើ បាន​បញ្ជាក់ថា ពួកគេ​កំពុងតែ​ពិភាក្សាគ្នា ជាមួយ​ក្រុមហ៊ុន​ដទៃទៀត​ជាច្រើន អំពី​គម្រោង​ផលិត​រថយន្ត​អគ្គិសនី។  រីឯ Apple វិញ​កំពុង​ដាក់​លុយ​វិនិយោគ​ប្រមាណ 3.6ពាន់​លាន​ដុល្លារ ជាមួយ​ក្រុមហ៊ុន Kia និង​ជិត​ឈានដល់​ចុះ​កិច្ច​ព្រមព្រៀងគ្នា ក្នុង​ខែ​នេះ​ទៀតផង។ លើសពីនេះ​ទៀត Apple ក៏​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត យ៉ាងហោចណាស់​ចំនួន6 ដែរ សម្រាប់​ការផលិត​រថយន្ត​ដែល​ប្រើ​ចរន្តអគ្គិសនី និង​បើកបរ​ដោយ​ខ្លួនឯង។

ការឆ្លើយតប​ទាំងនេះ ជា​ដំណឹង​ធ្វើឱ្យ Apple អាក់អន់ស្រពន់ចិត្ត​ផងដែរ ដ្បិតអី​កន្លងមក Hyundai ធ្លាប់​បញ្ជា​ក់លើ Twitter ជា​ផ្លូវការ​ម្ដងមកហើយ​ថា គេ​កំពុង​ពិភាក្សា​នឹង Apple អំពី​គម្រោង​មួយ​នេះ គ្រាន់តែ​មិនទាន់មាន​សេចក្ដីសម្រេច​ណាមួយ​នៅឡើយ​ប៉ុណ្ណោះ។

ដូចនេះ Apple នៅតែ​មិនទាន់មាន​ដៃគូ​សហការ​ច្បាស់លាស់​នៅឡើយ លើ​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​របស់ខ្លួន៕

Advertisement