QR Code «ទប់ស្កាត់ Covid-19» មាន​ស្ថាប័នរដ្ឋ​និង​ឯកជន​ជាង1ម៉ឺន​កន្លែង កំពុង​ប្រើ

សណ្ឋាគារ ភោជនីយដ្ឋាន រោងចក្រ និង​គ្រឹះស្ថានសាធារណៈ​និង​ឯកជន ចំនួន 10,366 ទីតាំង បាន​ចុះឈ្មោះ​បង្កើត QR Code ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19 គិត​ត្រឹម​រសៀល​ថ្ងៃទី 22 កុម្ភៈ 2021 នេះ​បើតាម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា។

ប្រព័ន្ធ​បច្ចេកវិទ្យា QR Code «ទប់ស្កាត់​ជំងឺ Covid-19 ឬ Stop Covid» ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី 20 ខែកុម្ភៈ ក្រោយពី​កម្ពុ​ជាមាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ជា​លើក​ទី​ពីរ។ សាធារណជន​អាច​ស្កេ​ន QR Code នេះ នៅពេល​ចូលទៅ​កាន់​កន្លែង​ដែលមាន​មនុស្ស​ច្រើន រួច​នឹង​ទទួលបាន​ដំណឹង​យ៉ាង​ឆាប់រហ័ស បើសិន​ទីតាំង​នោះ​មាន​ករណី​ឆ្លង Covid-19។ ក្រសួង​ប្រៃសណីយ៍ អះអាងថា QR Code នេះ នឹង​ជួយ​បង្ការ​ហានិភ័យ​នៃ​ឆ្លង​រាលដាល​នៃ​វីរុស Covid-19 នៅក្នុង​សហគមន៍។

ក្រសួង​បានឱ្យដឹងថា គិត​មកដល់​ថ្ងៃទី 22 កុម្ភៈ​នេះ មានការ​ស្កេ​ន​ចំនួន 107,696 ដង នៅតាម​សណ្ឋាគារ ភោជនីយដ្ឋាន រោងចក្រ និង​គ្រឹះស្ថានសាធារណៈ​និង​ឯកជន សរុប​ចំនួន 10,366 ទីតាំង​ដែល​បាន​ចុះឈ្មោះ​បង្កើត QR Code ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19។

អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ បានឱ្យដឹងថា លោក​មានការ​ជឿជាក់​ខ្លាំង​ចំពោះ​ការដាក់ឱ្យ​ប្រើប្រាស់ QR Code នេះ។ លោក​បន្ថែមថា គ្រប់គ្នា​ត្រូវតែ​ប្រើ QR Code នេះ ដើម្បី​បានដឹង​អំពី​ដំណើរ​របស់​បុគ្គល​នីមួយ។ នៅពេល​មាន​បុគ្គល​ណាមួយ​មាន​ជំងឺ Covid-19 អាជ្ញាធរ​នឹងមាន​ភាពងាយស្រួល​ក្នុងការ​តាមរក តាមរយៈ​ទិន្នន័យ​ដែល​បាន​កត់ត្រា​ដោយ QR Code នេះ៕

Advertisement