Facebook បង្កើត​ច្បាប់​ពិន័យ​ថ្មី ចំពោះ​សមាជិក​ក្នុង Group ដែល​បំពាន​ច្បាប់

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Facebook បានសម្រេច​ចិ​ត្ដ​ថា អាច​នឹងធ្វើ​ការផាកពិន័យ ទៅលើ​សមាជិក​ណាមួយ ដែល​ធ្វើ​ខុសពី​គោលការណ៍ Group។ Facebook បាន​បញ្ជាក់ថា ផែនការ​ថ្មី​នេះ​នឹង​រឹតបន្តឹង​ច្បាប់​បន្ថែម ដោយ​ផ្តោត​ខ្លាំង​ទៅលើ Group ឬក៏​សមាជិក Group មួយចំនួន​ដូចជា៖ ការផាកពិន័យ​ដល់​អ្នកប្រើប្រាស់ ដែល​បាន​បំពាន​គោលការណ៍​ច្បាប់, ការកាត់បន្ថយ​លើ​ការផ្សព្វផ្សាយ Group ណា​ដែល​ទាក់ទង​ទៅនឹង​រឿង​នយោបាយ និង​រឹត​បន្ដឹងបន្ថែម​លើ Group ណា​ដែល​រំលោភបំពាន​គោលការណ៍​របស់ Facebook ជាដើម។

ការផាកពិន័យ​ចំពោះ​សមាជិក Group ដែល​មិនបាន​គោរព​តាម​គោល​កាណ៍ និង​តែងតែ​បំពានជារឿយៗនេះ Facebook នឹង​បិទ​ឬ​ហាមឃាត់​សមាជិក Group ទាំងនោះ​ជា​បណ្ដោះអាសន្ន មិនឱ្យ​ធ្វើការ​បង្ហោះ ឬ Comment នៅក្នុង Group រយៈពេល 7ថ្ងៃ ទៅ ១ខែ អាស្រ័យ​លើ​ករណី​ធ្ងន់ ឬ​ស្រាល​ដែល​សាមីខ្លួន បាន​បំពាន។ អ្នក​ដែល​ធ្វើ​ខុស​ច្រើនដង អាច​នឹងមិន​អនុញ្ញាតឱ្យ Join, Invite ឬ Create Group ថ្មី​ទៀត​បានឡើយ។

Group ណាមួយ ដែល​រកឃើញថា មាន​ការបំពានច្បាប់ ក៏​នឹងត្រូវ​បានកត់សម្គាល់ ដោយ​ការព្រមាន​ទុកជាមុន ហើយ​នៅពេល​មាន​សមាជិក​ថ្មី​ចង់​ចូលរួម Facebook នឹង​បញ្ជាក់​ប្រាប់ថា Group នោះបាន​បំពាន​គោលការណ៍ និង​ណែ​នាំឱ្យ​ធ្វើការ Review ជាមុនសិន មុននឹង​ចូលរួម។ Group ទាំងនោះ​ក៏​អាច​នឹង​ត្រូវបាន​កាត់បន្ថយ​ការផ្សព្វផ្សាយ​នៅលើ News Feed ផងដែរ។

កន្លងមក​មាន Group មួយចំនួន​ព្យាយាម​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ច្រើន​ខ្លាំងពេក ជាពិសេស​ការចែក​ចាយ​ព័ត៌មាន​មិន​ពិត អំពី​បញ្ហា​កូ​វីដ-19 បង្កឱ្យមាន​ភាពចលាចល ក៏​ជា​ហេតុផល​បណ្ដាលឱ្យ Facebook បង្កើត​ច្បាប់​ពិន័យ​ថ្មី​នេះ​ចេញមក៕

Advertisement