សិស្ស​វិទ្យាល័យ​អាមេរិក​ម្នាក់ Hack ចូល Twitter ឥឡូវ ត្រូវ​តុលាការ​សម្រេច ឱ្យ​ជាប់គុក 3ឆ្នាំ

សិស្សសាលា​វ័យ 17ឆ្នាំ​ម្នាក់ ឈ្មោះ Graham Ivan Clark រៀន​នៅ​វិទ្យាល័យ Gaither នៅ​រដ្ឋ​ហ្វ្ល​រី​ដា សហរដ្ឋអាមេរិក ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បញ្ជូនទៅ​តុលាការ និង​ត្រូវ​តុលាការ​កាត់ក្តី សម្រេច​ឱ្យ​ជាប់ឃុំ រយៈពេល 3ឆ្នាំ ពីបទ​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ដោយ​ខុសច្បាប់(Hack)ចូលទៅក្នុង​បណ្ដាញ​សង្គម Twitter កាលពី​ខែកក្កដា ឆ្នាំ2020 កន្លងទៅ។

Graham Ivan Clark នៅមាន​គ្នា​របស់គេ​ប៉ុន្មាន​នាក់​ទៀត ដែល​បាន​លួច​ចូលទៅ​ប្រើប្រាស់​គណនី Twitter របស់​បុគ្គលល្បីៗ និង​ក្រុមហ៊ុន​តូច-ធំផ្សេងៗ ចំនួន 130គណនី​ទៀត​ឯណោះ។ បន្ទាប់ពី​លួច​ចូល​បានសម្រេច​ហើយ គ្នីគ្នា​របស់គេ ក៏បាន​បង្ហោះ​សារ ដើម្បី​ផ្សព្វផ្សាយ​បញ្ឆោត ឱ្យ​អ្នកគាំទ្រ​របស់​បុគ្គលល្បីៗ ក៏ដូចជា​ក្រុមហ៊ុន​តូច-ធំ​ទាំងអស់នោះ ធ្វើ​ការផ្ញើ​ប្រាក់​ជា Bitcoin ទៅឱ្យ​ពួកគេ។

គ្រាន់តែ​សារ​ដែល​ពួកគេ បាន​បង្ហោះ​នោះ ចេញ​ជា​សាធារណៈ​បាន​ប៉ុន្មាន​ម៉ោង ពួកគេ​អាច​ប្រមូលប្រាក់ Bitcoin បាន​សរុប​ច្រើនជាង 10ម៉ឺន​ដុល្លារ។

ដោយសារតែ​ក្មេង​ជំទង់​ម្នាក់នេះ ធ្វើអំពើ​ខុសច្បាប់ នៅពេលដែល​គេ​ទើប​មាន​អាយុ 17ឆ្នាំ (ឆ្នាំមុន​នៅ​មិនទាន់​គ្រប់​អាយុ​នៅឡើយ) ដូច្នេះហើយ ទើបត្រូវ​ជាប់ពន្ធនាគា​រ​តែ 3ឆ្នាំ​ប៉ុណ្ណោះ ព្រោះ​មិនទាន់​គ្រប់ 18ឆ្នាំ តែបើ​គ្រប់​វិញ អាច​ជាប់ទោស​លើស 10ឆ្នាំ។

ក្រុមហ៊ុនធំៗ និង​គណនី​បុគ្គលល្បីៗជាច្រើន​បាន​រងគ្រោះ​ដូចជា Twitter របស់ ក្រុមហ៊ុន Apple, CEO របស់ Tesla លោក Elon Musk, ក្រុមហ៊ុន Uber គណនី​អតីត​ប្រធានាធិបតី Barack Obama, CEO Microsoft លោក Bill Gats, CEO Amazon លោក Jeff Bezos លោក Warren Buffet គណនី​តារា​ល្បី Kim Kardashian កីឡាប្រដាល់ Floyd Mayweather និង​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន Joe Biden ជាដើម។

ក្រុម​របស់​ពួកគេ​មាន​ចេតនា ដើម្បី​បោក​បញ្ឆោត​អ្នកប្រើប្រាស់ Twitter និង​លួច​យកលុយ Bitcoin ជាពិសេស គឺ​ខ្ចីដៃ​គណនី​បុគ្គលល្បីៗខាងលើ ឬ​ក្រុមហ៊ុនធំៗ ដើម្បី​បោក​បញ្ឆោត​អ្នកលេង Twitter តែម្ដង៕

Advertisement