Britney Spears! រឿងរ៉ាវ 13 ឆ្នាំ មុនពេល​ស្នើ​តុលាការ​ស៊ើបអង្កេត​លើ​ឪពុក

Britney Spears និយាយថា ការរស់នៅ​រយៈពេល 13 ឆ្នាំ​កន្លងទៅ​របស់​នាង ប្រៀបបាន​ទៅនឹង «ទាសករ» ព្រោះតែ​ត្រូវគេ​ដាក់​ក្រោម​សិទ្ធិ​អាណាព្យាបាល ដោយ​មិនដឹងថា ខ្លួន​អាចដាក់​ពាក្យ​ប្ដឹង​សុំ​សេរីភាព។

កាលពី​ថ្ងៃទី 14 កក្កដា ឆ្នាំ 2021 តារាចម្រៀង​ល្បីឈ្មោះ Britney Spears បាន​ឡើង​តុលាការ​ជា​លើកដំបូង ជាមួយនឹង​មេធាវី​ដែល​នាង​បានជ្រើសរើស។ នាង​បានស្នើ​តុលាការ បើក​ការស៊ើបអង្កេត​លើ​ឪពុក​របស់​នាង គឺ លោក Jamie Spears។ ក្នុងឱកាស​នោះ សារព័ត៌មាន Billboard បាន​ចុះផ្សាយ​អំពី​ដំណើរ​ជីវិត​រយៈពេល 13 ឆ្នាំ ដែល​តារាចម្រៀង​វ័យ 40 ឆ្នាំ រូបនេះ ត្រូវ​រស់​ក្រោម​អាណាព្យាបាល​ដ៏​តឹងរ៉ឹង​របស់​ឪពុក និង​ក្រុមការងារ។

ឆ្នាំ 2008

ដើមឆ្នាំ Britney Spears បានបញ្ចប់​សំណុំលិខិត​លែងលះ​ជាមួយនឹង​ស្វាមី​ទី​ពីរ (Kevin Federline)។ នាង​បាន​ចាញ់ក្ដី ក្នុង​សវនាការ ចំពោះ​សិទ្ធិ​ចិញ្ចឹម​កូនប្រុស​ទាំងពីរ។ នាង Britney Spears ក៏បាន​ឃុំ​ខ្លួនឯង និងកូនៗនៅក្នុង​បន្ទប់ទឹក ព្រោះ​មិនអាច​ទទួលយក​ការពិត​នេះ​បាន។ ប៉ូលិស Los Angeles ក៏​ចូលធ្វើ​អន្តរាគមន៍។ Britney Spears ត្រូវបាន​ចាប់ខ្លួន​យកទៅ​ធ្វើតេស្ត​សុខភាព។ កាសែត​ជាច្រើន​ចុះផ្សាយ​ថា Britney Spears បាន​ក្លាយជា​មនុស្ស​បាត់​បង់​សតិ។

Britney Spears ត្រូវ​បាន​គេ​យល់​ថា បាត់​បង់សតិ ក្រោយ​ការ​លែង​លះ​ស្វាមី

ខែមករា គ្រួសារ បាន​យក Britney Spears ទៅកាន់​មន្ទីរពេទ្យ និង​ត្រូវបាន​ឃុំខ្លួន​បន្ទាន់​រយៈពេល 72 ម៉ោង ដើម្បី​ធានា​សុវត្ថិភាព។ ក្រោយមក តុលាការ​ក៏បាន​ប្រគល់​សិទ្ធិ​ជា​អាណាព្យាបាល​បណ្ដោះអាសន្ន​ដ​ល់​លោក Jamie Spears។ គាត់​មាន​សិទ្ធិ​សម្រេច​គ្រប់យ៉ាង​ជំនួស Britney Spears។ ចាប់ពី​ខែតុលា តុលាការ​ក៏​ចេញ​សាលក្រម​លើ​សិទ្ធិ​ជា​អាណាព្យាបាល​បណ្ដោះអាសន្ន​ខា​ង​លើ ទៅជា​អចិន្ត្រៃយ៍។

ចាប់ពី​ឆ្នាំ 2009 ដល់ 2018

ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ Britney Spears មិនបាន​លើកឡើង​អំពី​ការដែល​នាង​ត្រូវ​ស្ថិតក្រោម​អាណាព្យាបាល​នោះទេ។ នាង​បន្តសកម្មភាព​សិល្បៈ​របស់ខ្លួន។

ឆ្នាំ 2012 ចៅក្រម Reva Goetz តែងតាំង Jason Trawick ដែលជា​មិត្ត​ប្រុស​របស់ Britney Spears ឱ្យធ្វើជា​អាណាព្យាបាល។ បុរស​នេះ មាន​សិទ្ធិ​សម្រេច​លើ​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​ជីវិត​ផ្ទាល់ខ្លួន និង​ហិរញ្ញវត្ថុ​របស់ Britney Spears។ ឆ្នាំ 2013 ពួកគេ​ក៏បាន​ចែកផ្លូវ​គ្នា។

ឆ្នាំ 2016 Britney Spears បាន​រំលឹក​អំពី​បញ្ហា​ដែល​ខ្លួន​ត្រូវ​ស្ថិតក្រោម​អាណាព្យាបាល​អស់​ជាច្រើន​ឆ្នាំ។ NY Times បាន​ផ្សាយ​ថា នាង​បាន​ព្យាយាម​តវ៉ា​ជាច្រើនលើក​មកហើយ ដើម្បី​គេច​ពី​ការដែល​ត្រូវគេ​គ្រប់គ្រង​គ្រប់យ៉ាង។

«បើទោះជា​រកបាន​ប្រាក់​ច្រើន​ពី​សកម្មភាព​សិល្បៈ ប៉ុន្តែ Britney ទទួលបាន​ប្រហែល​តែ 2,000 ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ចាយ​ក្នុង​មួយ​សប្ដាហ៍។ នាង​ត្រូវ​ធ្វើការ​ដើម្បី​បើកប្រាក់​ខែ​ឱ្យ​មនុស្ស​នៅ​ជុំវិញខ្លួន» នេះ​បើតាម បុគ្គលិក​ស៊ើបអង្កេត​ម្នាក់។

ឆ្នាំ 2019

ខែមីនា ឪពុក​របស់ Britney ក្លាយជា​អ្នកគ្រប់គ្រង​តែ​ម្នាក់​គត់​របស់​នាង បន្ទាប់ពី Andrew Wallet សុំ​ឈប់​ពី​តួនាទី​ជា​សហ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​របស់ Britney។ អំឡុង​ពេលនេះ ក៏មាន​ចលនា​ទាមទារ​ឱ្យ​ផ្ដល់​សេរីភាព​ដល់ Britney។ ទំនាក់ទំនង​រវាង​ឪពុក និង​កូន ប្រែជា​អាក្រក់ឡើងៗ បន្ទាប់ពី​មាន​សវនាការ​មួយចំនួន​នៅ​តុលាការ។

ខែកញ្ញា Jamie Spears បានដាក់​ពាក្យសុំ​ផ្អាក​ការងារ​ជា​អាណាព្យាបាល​លើ​កូនស្រី​របស់ខ្លួន ព្រោះ​បញ្ហា​សុខភាព។ ចៅក្រម​ក៏បាន​តែងតាំង​បុគ្គលិក​ជំនាញ​ផ្នែក​គ្រប់គ្រង ឈ្មោះ Jodi Montgomery ចូលមក​ជំនួស។

ឆ្នាំ 2020

ខែតុលា Britney តវ៉ា មិន​ចង់ឱ្យ​ឪពុក​នាង​ត្រលប់មក​ធ្វើជា​អាណាព្យាបាល​តែឯង​ដូច​មុន។ ក្រោយមក តុលាការ​ក៏បាន​ចេញ​បទបញ្ជា អនុញ្ញាតឱ្យ​ក្រុមហ៊ុន Bessemer Trust Company ធ្វើជា​សហ​គ្រប់គ្រង​លើ​ទ្រព្យ​របស់​តារាចម្រៀង​រូបនេះ ​ជា​មួយ​នឹង​​លោក Jamie។

ខែវិច្ឆិកា Britney ស្នើ​តុលាការ ដកសិទ្ធិ​ជា​អាណាព្យាបាល ពី​ឪពុក និង​ដកសិទ្ធិ​គ្រប់គ្រង​ហិរញ្ញវត្ថុ ពី​ក្រុមហ៊ុន Bessemer Trust Company។

ឆ្នាំ 2021

ខែមីនា «លោក Jamie Spears និយាយថា ខ្លួន​រំពឹងថា កូនស្រី​នឹង​ឆាប់​ទទួលបាន​សេរីភាព ប៉ុន្តែ វា​អាស្រ័យ​លើ Britney» មេធាវី Vivian L. Thoreen តំណាងឱ្យ Jamie បាន​ប្រាប់ CNN ដូច្នេះ។ ប៉ុន្មាន​សប្ដាហ៍​ក្រោយមក Britney បានដាក់​ពាក្យ​ស្នើឱ្យ​អ្នកស្រី Jodi Montgomery បន្តធ្វើ​ជា​សហ​គ្រប់គ្រង​ជាមួយនឹង​ឪពុក​នាង។

ខែមិថុនា Britney Spears បាន​ឡើង​តុលាការ។ ក្នុង​សវនាការ នាង​និយាយថា ចង់​ដាក់ពន្ធនាគារ​ឪពុក​របស់​នាង និង​ក្រុមការងារ​គ្រប់គ្រង​របស់គាត់។ នាង​ថា ខ្លួន​ប្រៀបដូចជា​ទាសករ មិនមាន​សិទ្ធិ​យកប្ដី បង្កើតកូន និង​ត្រូវគេ​បង្ខំ​ឱ្យទៅ​សំដែង​ដើម្បី​រកប្រាក់។ Britney ក៏​រិះគន់​ចំពោះ​សមាជិកគ្រួសារ ដែល​នៅ​ស្ងៀម ព្រោះតែ​ទទួលបាន​ផលប្រយោជន៍​ពី​ការដែល​នាង​ត្រូវ​ស្ថិតក្រោម​សិទ្ធិ​អាណាព្យាបាល ឬ​ការគ្រប់គ្រង​របស់​ឪពុក និង​ក្រុមការងារ។

ក្រោយ​សវនាការ​នេះ បុគ្គល​ជាច្រើន​នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ បានដាក់​ពាក្យសុំ​ឈប់​ពី​ការងារ​ជា​បន្តបន្ទាប់ ព្រោះ​​ខ្លាច​​ទទួល​រង​​ការរិះគន់​ពី​ចលនា #FreeBritney៕

ប្រភព៖ Billboard
ប្រែ​សម្រួល៖ បុត្រា

Advertisement