មហាសេដ្ឋី កូរ៉េខាងត្បូង ដែល​នៅ​ពីក្រោយ​ក្រុម​ចម្រៀង BTS

ទ្រព្យសម្បត្តិ​របស់ Bang Si-hyuk ដែលជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​នៅ​ពីក្រោយ​ក្រុម​ចម្រៀង K-pop BTS កើនឡើង​ជាង​ទ្វេដង ដោយ​ប្រើពេល​ត្រឹមតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។

យោងតាម​ទំព័រ Bloomberg Billionaires Index លោក Bang Si-hyuk មានទ្រព្យ​សុទ្ធ​ប្រមាណ 3.2 ពាន់​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​មូល​ប​ត្រ​ក្រុមហ៊ុន Hybe របស់លោក កើន​បន្ថែម 131% រាប់​ចាប់ពី​ពេល​ត្រូវបាន​បោះផ្សាយ​មូល​ប​ត្រ (IPO) នៅ​ប្រទេស កូរ៉េខាងត្បូង កាលពី​ខែតុលា។ ក្នុងអំឡុង​ធ្វើ IPO ទ្រព្យសម្បត្តិ​របស់លោក Bang មានតម្លៃ​ស្មើនឹង 1.5 ពាន់​លាន​ដុល្លារ​អាមេរិក។

មហា​សេដ្ឋី Bang Si-hyuk

នោះ​គឺជា​ភ័ស្ដុតាង​បង្ហាញ​អំពី​ភាពល្បីល្បាញ​របស់​ក្រុម​ចម្រៀង BTS ដែលមាន​កម្រង​ចម្រៀង​មួយចំនួន ទទួលបាន​ការគាំទ្រ​បំផុត​ក្នុង​ពិភពលោក។ ទន្ទឹមនឹងនេះ ក្រុម​អ្នកវិនិយោគ​ក៏មាន​ការជឿជាក់​លើ​មហិច្ឆតា​ក្ដោប​ក្ដាប់​ពិភព​តន្ត្រី​របស់​ក្រុមហ៊ុន Hybe ក្រោយពី​ទិញ​បាន​ក្រុមហ៊ុន​ដែល​នៅ​ពីក្រោយ​តារាចម្រៀង​អន្តរជាតិ​ពីររូប គឺ Justin Bieber និង Ariana Grande។

លោក Bang កាន់កាប់​ភាគហ៊ុន​ចំនួន 34% របស់​ក្រុមហ៊ុន Hybe និង​ត្រូវបាន​គេ​ហៅថា «Hitman» នៅ កូរ៉េខាងត្បូង ទៀតផង។

តារាចម្រៀង Bieber និង Grande

កាលពី​ខែមេសា ក្រុមហ៊ុន Hybe ប្រកាសថា បាន​ចំណាយ​ប្រាក់ 1.05 ពាន់​លាន​ដុល្លារ សម្រាប់ Ithaca Holding ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​នៅ​ពីក្រោយ​តារាចម្រៀង Bieber និង Grande។ Scooter Braun ដែលជា​អ្នកដឹកនាំ​ក្រុមហ៊ុន Ithaca ក្លាយជា​សហ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Hybe America ក្រោយ​ការទិញ​ដូរ​នេះ។

លោក Braun កាន់កាប់​ភាគហ៊ុន​ចំនួន 1% របស់ Hybe ដែលមាន​តម្លៃ​ស្មើនឹង 124.8 លាន​ដុល្លារ​អាមេរិក។ សមាជិក​របស់​ក្រុមហ៊ុន BTS ដែល​សុទ្ធ​តែមាន​វ័យ 20 ឆ្នាំ កាន់កាប់​ភាគហ៊ុន​ដែលមាន​តម្លៃ 18.5 លាន​ដុល្លារស្មើៗគ្នា ខណៈដែល Bieber និង Grande ម្នាក់ៗកាន់កាប់​ភាគហ៊ុន​ដែលមាន​តម្លៃ 14.5 លាន​ដុល្លារ។

Bang Si-hyuk បាន​បង្កើត Big Hit Entertainment ដែលជា​ឈ្មោះ​ដើម​របស់ Hybe កាលពី​ឆ្នាំ 2005។ ដំបូង​ឡើយ ក្រុមហ៊ុន​នេះ មិនសូវមាន​សកម្មភាព​នោះទេ ហើយ​វា​ស្ទើរតែ​ដួលរលំ នៅក្នុង​ដំណាក់កាល​ដំបូង មុនពេល BTS ចេញ​អាល់​ប៊ុ​ម ដំបូង​កាលពី​ឆ្នាំ 2013។

បទ​ចម្រៀង​ថ្មី ល្បី​បំផុត​របស់ BTS គឺ Butter ធ្លាប់​ស្ថិតនៅលើ​កំពូល​តារាង​ចំណាត់ថ្នាក់ Billboard Hot 100 អស់​ជាច្រើន​សប្ដាហ៍។ ក្រុមហ៊ុន Hybe ឱ្យដឹង​កាលពី​ឆ្នាំ 2020 ថា ប្រាក់ចំណូល​ជិត 88% នៅក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ 2020 គឺ​បានមកពី BTS។

ក្រុមអ្នកវិភាគ​យល់ថា Hybe ត្រូវការ​ស្វែងរក «BTS បន្ទាប់» ហើយ​មហាសេដ្ឋី Bang Si-hyuk ក៏​យល់ឃើញ​បែបនេះ​ដែរ។ «ពួកគេ​កំពុងកាន់​បន្ថយ​ការពឹង​ផ្អែកទៅលើ​ក្រុម​ចម្រៀង BTS។ ក្រុម​ចម្រៀង​ប្រុស​ផ្សេងទៀត​របស់ Hybe បាន​ប្រែជា​ល្បីឈ្មោះ​ជាង​មុន ហើយ​ក្រុមហ៊ុន​ក៏មាន​តារាចម្រៀង​អន្តរជាតិ​បន្ថែមទៀត» Gina An អ្នកវិភាគ​របស់​ក្រុមហ៊ុន eBest Investment & Securities វាយតម្លៃ​ដូច្នេះ៕

ប្រភព៖ Bloomberg
ប្រែ​សម្រួល៖ បុត្រា

Advertisement