Karina (Aespa) បន្ត​យកឈ្នះ​លើ Jennie (Black Pink) ដោយ​ដណ្ដើមបាន No.1 នៃ​តារាង​ចំណាត់​ថ្នាក់លើ​ភាព​ល្បីឈ្មោះ សម្រាប់​ខែកក្កដា

Karina (카리나) (ឈ្មោះ​ពេញ ៖ Yoo Ji-min)

Karina ទទួលបាន​ចំណាត់ថ្នាក់ No.1 ពីរលើក​បន្តបន្ទាប់ នៅលើ​តារាង​ចំណាត់​ថ្នាក់លើ​ភាពល្បីល្បាញ​ផ្ទាល់ខ្លួន​នៃ​សមាជិក​ទាំងឡាយ​របស់​បណ្ដា​ក្រុម​ចម្រៀង​ស្រី​កូរ៉េខាងត្បូង។ Karina (카리나) គឺជា​តារាចម្រៀង​នៅ កូរ៉េខាងត្បូង របស់​ផលិតកម្ម SM Entertainment។ នាង​គឺជា​ប្រធាន​ក្រុម និង​ជា​អ្នករាំ​សំខាន់​របស់​ក្រុម​ចម្រៀង​ស្រី Aespa។

កាលពី​ថ្ងៃទី 18 ខែកក្កដា វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម កូរ៉េខាងត្បូង បាន​បញ្ចេញ​តារាង​ចំណាត់ថ្នាក់​ភាពល្បីល្បាញ​នៃ​ខែ​នេះ សម្រាប់​សមាជិក​ក្រុម​ចម្រៀង​ស្រី​នានា ដែល​កំពុង​ធ្វើ​សកម្មភាព។ ទិន្នន័យ​របស់​តារាង​ចំណាត់ថ្នាក់ ត្រូវបាន​កំណត់​ដោយយោង​ទៅតាម​ស្ដង់ដា​មួយចំនួន ដូចជា កម្រិត​នៃ​ការចូលរួម​របស់​អ្នកប្រើប្រាស់ កម្រិត​នៃ​ការ​គ្របដណ្ដប់​លើ​បណ្ដាញ​ផ្សព្វផ្សាយ ស​ន្ទ​ស្សន៍​នៃ​បណ្ដាញ​ផ្សព្វផ្សាយ និង​ការយល់ឃើញ​របស់​សាធារណជន។ ទិន្នន័យ​ខាងលើ ត្រូវបាន​ប្រមូល​ចាប់តាំងពី​ថ្ងៃទី 18 មី​ថុ​នា ដល់​ថ្ងៃទី 1 កក្កដា។

Karina, Jennie និង​ Yu Jeong

តារាចម្រៀង Karina របស់​ក្រុម Aespa រក្សាបាន​ចំណាត់ថ្នាក់​លេខ​មួយ នៅក្នុង​តារាង​ចំណាត់ថ្នាក់ ដោ​យស​ន្ទ​ស្សន៍​នៃ​ភាពល្បីល្បាញ​ស្មើនឹង 3,648,118 ពិន្ទុ (ថយចុះ 0.56% ធៀប​នឹង​ខែ​មុន)។ ឃ្លា​ដែលមាន​ចំណាត់​ថ្នាក់ខ្ពស់ នៅក្នុង​ការវិភាគ​ពាក្យ​គន្លឹះ រួមមាន «Next Level», «concert», «ទាក់ទាញ» និង «ដូច​ឆ្មា» ។ល។ ការវិភាគ​លើ​អត្រា​វិជ្ជមាន-អវិជ្ជមាន ទៅលើ Karina បង្ហាញថា អត្រា​ប្រតិកម្ម​វិជ្ជមាន ស្មើនឹង 64.02%។

ចំណែក Jennie (Black Pink) តាម​ពីក្រោយ ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ ជាមួយនឹង​ពិន្ទុ 3,613,982 (ថយចុះ 0.19% ធៀប​នឹង​ខែមិថុនា)។ Jennie គឺជា idol ស្រី​តែ​ម្នាក់​គត់ ដែល​មិនទាន់​ធ្លាក់​ចេញពី top 10 នៃ​តារាង​ចំណាត់ថ្នាក់​នេះ នៅក្នុង​រយៈពេល 18 ខែ​បន្តបន្ទាប់។

Top 30 នៃ​តារាង​ចំណាត់​ថ្នាក់​

រីឯ Yu Jeong (Brave Girls) បាន​ឡើងដល់​ចំណាត់ថ្នាក់​លេខ​បី ជាមួយនឹង​ស​ន្ទ​ស្សន៍​នៃ​ភាព​ល្បីឈ្មោះ​ស្មើនឹង 3,354,420 ពិន្ទុ កើន 44.13% ធៀប​នឹង​ខែមិថុនា។

ចំណាត់ថ្នាក់​ចំនួន​ពីរ​ចុងក្រោយ​នៅក្នុង top 5 គឺ​បាន​ទៅលើ Joy នៃ​ក្រុម Red Velvet (3.279.802 ពិន្ទុ) និង Yuna នៃ​ក្រុម Brave Girls (3,161,880 ពិន្ទុ)៕

Advertisement