តារាចម្រៀង Britney Spears មាន​សុភមង្គល​យ៉ាងខ្លាំង ពេល​បាន​បើកបរ​រថយន្ត

តារាចម្រៀង​អាមេរិកាំង នាង Britney Spears បាន​បើកបរ​រថយន្ត​ជា​លើកដំបូង បន្ទាប់ពី​ត្រូវ​តុ​លាក​ហាមឃាត់​អស់​រយៈពេល 13 ឆ្នាំ ដោយ​ឱ្យ​រស់នៅ​ក្រោម​ការគ្រប់គ្រង​ទាំងស្រុង​ដូច​កូនតូច ពី​សំណាក់​ឪពុក។

យោងតាម​សារព័ត៌មាន People កាលពី​ថ្ងៃទី 21 កក្កដា ប្រភពព័ត៌មាន​ដែល​ស្និទ្ធ​នឹង Britney Spears បានឱ្យដឹងថា «តារាចម្រៀង​រូបនេះ រីករាយ​ខ្លាំងណាស់ នៅពេល​មាន​សិទ្ធិ​បើកបរ​រថយន្ត​ឡើងវិញ។ នាង​សប្បាយ​ចិត្តខ្លាំង និង​ដឹងគុណ​ចំពោះ​អ្នក​ដែល​បាន​ជួយ​ដល់​នាង​នាពេលថ្មីៗនេះ។ Britney Spears ក៏​ពេញ​ចិត្តនឹង​សវនាការ​របស់​តុលាការ​នាពេល​កន្លង​ផងដែរ។ នាង​សង្ឃឹមថា មេធាវី​ថ្មី អាចជួយ​នាង​ឱ្យ​រួច​ផុតពី​ការគ្រប់គ្រង (ដែលជា​បញ្ជា​របស់​តុលាការ)»។

Britney Spears ធ្លាប់​ត្រូវបាន​រិះគន់ នៅពេល​បណ្ដោយឱ្យ​កូនតូច​អង្គុយ​លើ​ភ្លៅ ដោយ​មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឱ្យ​កូន ក្នុងពេល​បើកបរ​រថ​យន្ត កាលពី​ឆ្នាំ 2006។ ក្រោយពី​ត្រូវបាន​តុលា​ការចេញ​សាលក្រម​ឆ្នាំ 2008 តារាចម្រៀង​រូបនេះ ក៏ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ឪពុក ហើយ​មិនមាន​សិទ្ធិ​បើកបរ​នោះទេ បើសិន​មិនមាន​ការអនុញ្ញាត​ពី​ឪពុក។ បងប្រុស​របស់​នាង ធ្លាប់បាន​និយាយថា Britney Spears គឺជា​អ្នកបើកបរ​មិនល្អ ហើយ​ថា ការហាម​មិនឱ្យ​នាង​បើកបរ​រថយន្ត គឺជា រឿង​ត្រឹមត្រូវ។

Britney Spears (ស្ដាំ)

នៅក្នុង​សវនាការ​កាលពី​ថ្ងៃទី 14 កក្កដា ចៅក្រម​បាន​យល់ព្រម​តាម​ការស្នើ​របស់ Britney Spears ដោយ​តែងតាំង​មេធាវី​ថ្មី ឈ្មោះ Mathew Rosengart បន្ទាប់ពី​លោក Samuel Ingham II បាន​សុំ​ឈប់​ពី​ការងារ។ នេះ​ជា​លើកដំបូង​ហើយ​ដែល​នាង​មាន​សិទ្ធិ​ជ្រើសរើស​មេធាវី​ផ្ទាល់ខ្លួន ក្រោយ​រយៈពេល 13 ឆ្នាំ​ដែល​ត្រូវ​តុលាការ​ហាមឃាត់។

នៅក្នុង​សវនាការ​ខាងលើ​នេះដែរ Britney Spears ក៏បាន​ចោទ​ឪពុក​របស់ខ្លួន​អំ​ពីបទ​រំលោភ​លើ​សិទ្ធិ​ជា​អាណាព្យាបាល។ នាង​ឱ្យដឹងថា ខ្លួន​ត្រូវបាន​គ្រប់គ្រង​យ៉ាង​ឃោរឃៅ។ តារាចម្រៀង​រូបនេះ ចង់ឱ្យ​តុលា​ការបើក​ការស៊ើបអង្កេត​លើ​ឪពុក​​ទៀត​ផង។​

លោក Jamie Spears ដែលជា​ឪពុក​របស់ Britney Spears ត្រូវបាន​តុលាការ​សម្រេច​ឱ្យធ្វើជា​អ្នកគ្រប់គ្រង​លើ Britney Spears ចាប់ពី​ឆ្នាំ 2018 ក្រោយពី​នាង​បាន​ឃុំ​ខ្លួនឯង និងកូនៗនៅក្នុង​បន្ទប់ បន្ទាប់ពី​ចាញ់ក្ដី​នៅ​តុលាការ ទាក់ទិន​នឹង​សិទ្ធិ​ចិញ្ចឹម​កូន​ក្រោយ​ការ​លែងលះ​ស្វាមី។ លោក Jamie Spears ទទួលបាន​ប្រាក់បៀវត្ស​ប្រចាំឆ្នាំ​ប្រហែល 130,000 ដុល្លារ សម្រាប់​តួនាទី​នេះ។ ប៉ុន្មាន​ឆ្នាំ​កន្លងទៅថ្មីៗនេះ Britney Spears បានស្នើ​តុលាការ ដក​បទបញ្ជា​ទាក់ទង​នឹង​សិទ្ធិ​ជា​អាណាព្យាបាល​លើ​រូបនាង​ពី​សំណាក់​ឪពុក ប៉ុន្តែ​មិនបាន​សម្រេច។ នៅក្នុង​វ័យ 40 ឆ្នាំ Britney Spears ពុំមាន​សិទ្ធិ​បោះឆ្នោត និង​ជួបកូនៗដោយ​សេរី​នោះឡើយ ហើយ​នាង​ថែមទាំង​ត្រូវ​គ្រប់គ្រង​លើ​បញ្ហា​ហិរញ្ញវត្ថុ ការឆ្លើយ​នឹង​កិច្ច​សម្ភាស។ល។

ប្រភព៖ People
ប្រែ​សម្រួល៖ បុត្រា

Advertisement