អ្នករាំ​របាំ វ័យ 26 ឆ្នាំ គ្រង​មកុដ​បវរ​កញ្ញាឯក​ភពផែនដី Miss Earth Japan របស់ ជប៉ុន ឆ្នាំ 2021

បេ​ក្ខ​នារី Konatsu Yoshida តំណាងឱ្យ​ខេត្ត Hokkaido បាន​គ្រង​មកុដ​បវរ​កញ្ញាឯក​ផែនដី​ជប៉ុន ឆ្នាំ 2021 បន្ទាប់ពី​បាន​យកឈ្នះ​លើ​បេ​ក្ខ​នារី​ចំនួន 26 នាក់ មកពី​តំបន់​នានា ក្នុងប្រទេស​នេះ។

នៅក្នុង​រាត្រី​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃទី 20 ខែកក្កដា នៅ​រាជធានី តូ​ខ្យូ នាង Konatsu Yoshida ត្រូវបាន​ប្រគល់​មកុដ​ពី Anna Tode ដែលជា​បវរ​កញ្ញាឯក​ផែនដី​ជប៉ុន ឆ្នាំ 2020 (Miss Earth Japan 2020)។ បវរ​កញ្ញាឯក​ថ្មី​នេះ មាន​កម្ពស់ 1.7 ម៉ែត្រ គឺជា​អ្នករាំ​របាំ​បា​ឡេ និង​ជា​អ្នកលេង​ព្យ៉ា​ណូ​ផងដែរ។ នាង​ធ្លាប់បាន​រៀន​នៅ​វិទ្យាស្ថាន​របាំ​អន្តរជាតិ​ក្នុង​ទីក្រុង ប៊ែ​កឡាំង និង​បានរស់នៅ​ក្នុងប្រទេស អាល្លឺម៉ង់ អស់​មួយ​រយៈពេល​ផងដែរ។ នេះ​បើតាម​សារព័ត៌មាន Missosology។

បវរកញ្ញាឯកភពផែនដី​របស់​ជប៉ុន ឆ្នាំ​ 2021 (Miss Earth Japan 2021)

បវរកញ្ញា​ភពផែនដី Konatsu Yoshida នឹង​ធ្វើជា​តំណាង​របស់ ជប៉ុន ទៅ​ចូលរួម​ប្រលង​បវរកញ្ញា​ភពផែនដី​ឆ្នាំ 2021 ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ប្រទេស ហ្វីលីពីន នៅ​ចុង​ឆ្នាំនេះ។

គណៈកម្មការ​ក៏​បានផ្ដល់​រង្វាន់ បវរកញ្ញា​ឯក​រង ក្នុងនាម​ជា Miss Air ដល់ Haruka Miura (តំណាងឱ្យ Aomori), Miss Water ដល់ Mari Fujita (Osaka) និង Miss Fire ដល់ Rina Takehara (តំណាងឱ្យ​រាជធានី)។

Miss Earth Japan គឺជា​ព្រឹត្តិការណ៍​ប្រលង​បវរកញ្ញា​ប្រចាំឆ្នាំ​របស់​ប្រទេស ជប៉ុន ដើម្បី​ជ្រើសរើស​បេក្ខភាព​ទៅ​ចូលរួម​ប្រកួតប្រជែង​នៅ Miss Earth អន្តរជាតិ៕

ប្រភព៖ Missosology
ប្រែ​សម្រួល៖ បុត្រា

Advertisement