ភាពយន្ត​ស្ដីពី​ការប្រយុទ្ធ​នឹង COVID-19 នៅ Wuhan រកបាន​ចំណូល​បាន 154 លាន​ដុល្លារ​អាមេរិក

(ប្រទេស​ចិន)៖ «Chinese Doctors» ដែលជា​ខ្សែភាពយន្ត​ចិន និយាយ​អំពី​ការប្រយុទ្ធ​ប្រឆាំងនឹង​រោគរាតត្បាត COVID-19 នៅ​ទីក្រុង Wuhan រកបាន​ប្រាក់ចំណូល 1 ពាន់​លាន​យុន (ជាង 154 លាន​ដុល្លារ​អាមេរិក)។

យោងតាម​សារព័ត៌មាន Sina ខ្សែភាពយន្ត​ដែល​បានធ្វើឱ្យ​កក្រើក​បន្ទប់​លក់​សំបុត្រ​ក្នុង​រដូវក្ដៅ​ឆ្នាំនេះ កំពុងតែ​នាំមុខគេ​លើ​ប្រាក់ចំណូល បើ​ធៀប​នឹង​ខ្សែភាពយន្ត​ដែល​ចេញ​ដំណាលគ្នា មានដូចជា រឿង 1921 ឬ Realm of Terracotta ជាដើម។ ក្រុម​អ្នកជំនាញ បាន​ព្យាករ​ថា Chinese Doctors នឹង​រកបាន​ចំណូល​ប្រហែល 1.6 ពាន់​លាន​យុន ដែល​ស្មើនឹង 247 លាន​ដុល្លារ​អាមេរិក។

Chinese Doctors ដែល​បាន​ថត​កាលពី​ចុងឆ្នាំ 2020 គឺជា​ភាពយន្ត​មួយ យោងទៅតាម​ទិដ្ឋភាព​នៅឯ​មន្ទីរពេទ្យ​នានា​ក្នុង​ទីក្រុង Wuhan ចាប់តាំងពី COVID-19 បានបង្ហាញ​ខ្លួន រហូតដល់​ត្រូវបាន​គ្រប់គ្រង។ ស្នាដៃ​និពន្ធ​នេះ បង្ហាញ​ឡើងវិញ​នូវ​ទិដ្ឋភាព​នៃ​ប្រការ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 រួម​នឹង​ការតស៊ូ​ដើម្បី​រស់​របស់​ក្រុម​វេជ្ជបណ្ឌិត និង​បុគ្គលិក​សុខាភិបាល។ Chinese Doctors មានការ​ចូលរួម​សំដែង​ពី​តារាល្បីៗមួយចំនួន ដូចជា Zhang Hanyu (ដើរតួ​ជា Zhang Jingyu), Yuan Quan (Wen Ting), Zhu Yawen (Tao Jun), Li Chen (Wu Chenguang), Jackson Yee (Yang Xiaoyang), Oho Ou (Jin Zai) និង Zhou Ye (Xiao Wen)។ល។

ទោះជា​ជោគជ័យ​ក៏ដោយ ប៉ុន្តែ Chinese Doctors ក៏​ទទួលបាន​ការរិះគន់​មួយចំនួន ដូចជា​ថា ភាពយន្ត​នេះ មាន​កន្លែង​ខ្លះ​ខ្វះ​ភាពត្រឹមត្រូវ មិន​ដូច​ជាក់ស្ដែង។ អ្នកខ្លះ​ថា «រោគរាតត្បាត​មិនទាន់បាន​បញ្ចប់​ផង ប៉ុន្តែ សាច់​រឿងនេះ មើលទៅ​ដូច​បាន​កើតឡើង​តាំងពី​សតវត្សរ៍​មុន»។

 

Chinese Doctors គឺជា​ខ្សែភាពយន្ត​ដ៏​កម្រ ដែល​រកបាន​ចំណូល​ច្រើន​គួរសម​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ។ យោងតាម Mtime គិត​មកដល់​ថ្ងៃទី 21 កក្កដា ចំណូល​សរុប​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ មាន​ចំនូ​ន​ជាង 4.2 ពាន់​លាន​យុន ស្មើនឹង 648.6 លាន​ដុល្លារ​អាមេរិក ថយចុះ​ពាក់កណ្ដាល បើ​ធៀប​នឹង​អំឡុងពេល​ដូចគ្នា ក្នុង​ឆ្នាំ 2018 និង 2019៕

ប្រភព៖ Xinhuanet
ប្រែ​សម្រួល៖ បុត្រា

Advertisement