កំពូល​តារា​សំដែង Angelina Jolie ដើរទេស​ចរណ៍​ជាមួយកូនៗ ក្រោយ​ជាប់​ក្នុងផ្ទះ​ដោយសារ COVID-19

កំពូល​តារា​សំដែង​ជនជាតិ​អាមេរិកាំង នាង Angelina Jolie នាំកូនៗទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​លម្ហែកាយ បន្ទាប់ពី​ត្រូវ​នៅផ្ទះ​ជាង​មួយឆ្នាំ ដោយសារ​ខ្លាច COVID-19 និង​ដោះស្រាយ​បញ្ហា​នៅ​តុលាការ ទាក់ទិន​នឹង​សិទ្ធិ​ចិញ្ចឹមកូនៗ ជាមួយនឹង Brad Pitt។

យោងតាម Daily Mail កាលពី​ថ្ងៃទី 22 កក្កដា Jolie បាន​នាំកូនៗ រួមមាន Pax Thien, Zahara, Shiloh និង Knox ដើរ​កំសាន្ត និង​ទិញ​ទំនិញ។ កូនប្រុស​ច្បង Maddox និង​កូនស្រី​ពៅ Vivienne មិនបាន​បង្ហាញខ្លួន​ជាមួយ​ម្ដាយ​នោះទេ។ ពួកគេ​ទាំង 5 នាក់ ស្លៀកពាក់​យ៉ាង​សាមញ្ញ និង​ពាក់​ម៉ាស់​ផងដែរ។ ពួកគេ​ក៏បាន​ចូល​ភោជនីយដ្ឋាន​មួយ​នៅក្បែរ​តួ Eiffel ដើម្បី​ទទួលទាន​អាហារ។

ក្នុង​ខែមិថុនា កំពូល​តារា​សំដែង​រូបនេះ បាន​នាំកូនៗទៅកាន់​ទីក្រុង​នី​វ​យ៉​ក លេង​ប្រហែល​មួយ​សប្ដាហ៍ ក្នុងឱកាស​ខួប​អាយុ 46 ឆ្នាំ។ នៅទីនេះ នាង​ក៏បាន​ទៅសួរសុខទុក្ខ​អតីត​ស្វាមី Jonny Lee Miller ផងដែរ។ មុន​នោះ Angelina Jolie កម្រ​នឹង​ចេញទៅ​បរទេស​ណាស់ ក្នុងអំឡុង​ពេញ​មួយឆ្នាំ។ ភាគច្រើន នាង​នៅ California ដើម្បី​មើលថែកូនៗ ថតកុន និង​ចូលរួម​សវនាការ​ដណ្ដើម​សិទ្ធិ​ចិញ្ចឹម​កូន​ជាមួយនឹង Brad Pitt។

កាលពី​ចុងខែ​ឧសភា តុលាការ​បានអនុញ្ញាត​ឱ្យ Brad Pitt មាន​សិទ្ធិ​ចិញ្ចឹម​កូន ស្មើនឹង Angelina Jolie។ នាង​មិន​សុខចិត្ត ដោយ​យល់ថា ចៅក្រម​បាន​រំលោភ​លើ​ច្បាប់​របស់​រដ្ឋ California ព្រោះថា Brad Pitt ធ្លាប់ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ផ្ទុយ​ពី​ផលប្រយោជន៍​របស់ក្មេង។ នាង​នឹង​បន្តធ្វើ​ការតវ៉ា ដើម្បី​ទាមទារ​សិទ្ធិ​ចិញ្ចឹម​កូន​ទាំងស្រុង​ឡើងវិញ។

Brad Pitt និង Angelina Jolie បាន​ស្គាល់គ្នា នៅពេល​ថតកុន រឿង Mr. & Mrs. Smith (2005)។ ក្រោយមក Pitt បាន​លែងលះ​ជាមួយ​ភរិយា​ឈ្មោះ Jennifer Aniston ដើម្បី​មករក Jolie។ អ្នក​ទាំងពីរ​ក៏បាន​រៀបការ​កាលពី​ឆ្នាំ 2014 និង​មានកូន​ជាមួយគ្នា​ចំនួន 6 នាក់។ ឆ្នាំ 2016 Jolie បាន​ប្ដឹង​លែងលះ ដោយ​មូល​ហេតុថា មានការ​យល់ឃើញ​ខុសគ្នា​ជាច្រើន​ចំនុច ដែល​មិនអាច​ផ្សះផ្សា​នឹង​គ្នា​បាន៕

ប្រភព៖ Daily Mail
ប្រែ​សម្រួល៖ បុត្រា

Advertisement