Rihanna ក្លាយជា​មហា​សេដ្ឋិនី​ជា​អ្នកចម្រៀង​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក

នាង Rihanna ក្លាយជា​តារាចម្រៀង​ស្រី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក និង​ជា​ស្ត្រី​ដែលមាន​លុយ​ច្រើនជាងគេ​លំដាប់​ទី​ពីរ នៅក្នុង​វិស័យ​សិល្បៈ បន្ទាប់ពី Oprah Winfrey។

យោងតាម​ស្ថិតិ​របស់​ទស្សនាវដ្ដី Forbes តារាចម្រៀង Robyn Rihanna Fenty ទើបតែ​បានក្លាយ​ជាម​ហា​សេដ្ឋិនី​ប្រាក់​ដុល្លារ​នាបច្ចុប្បន្ន។ Forbes បានធ្វើ​ការតាមដាន​ទិន្នន័យ​របស់​បុគ្គល​អ្នកមានៗនៅ​ទូទាំង​ពិភពលោក អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ។ ហើយ​កាលពី​ម្សិលមិញ (04 សីហា) តារាចម្រៀង​ប៉ុប វ័យ 33 ឆ្នាំ នាង Rihanna ត្រូវបាន Forbes គណនា​ឃើញថា មានទ្រព្យ​ក្នុង​ដៃ​ចំនួន 1.7 ពាន់​លាន​ដុល្លារ​ឯណោះ។ ប្រការនេះ ធ្វើឱ្យ​នាង​ក្លាយជា​តារាចម្រៀង​ស្រី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​សកលលោក និង​ជា​ស្ត្រី​ដែលមាន​លុយ​ច្រើនជាងគេ​លំដាប់​ទី​ពីរ នៅក្នុង​វិស័យ​សិល្បៈ បន្ទាប់ពី Oprah Winfrey។

រយៈពេល 5 ឆ្នាំ​មកហើយ រាប់​ចាប់តាំងពី​អា​ប៊ុ​ម Anti របស់ Rihanna បានបង្ហាញ​ខ្លួន និង​បាន​ឈរ​នៅលើ​កំពូល​តារាង​ចំណាត់ថ្នាក់ Billboard រយៈពេល 63 សប្ដាហ៍ នាង Rihanna មិនបាន​បញ្ចេញ​អាល់​ប៊ុ​ម​ថ្មី​ណាមួយ​ទៀតឡើយ ប៉ុន្តែ នាង​បាន​ផ្ដោតទៅលើ​មុខ​ជំនួញ តាមរយៈ​ស៊េរី​ផលិតផល​គ្រឿងសម្អាង Fenty Beauty និង​ឈុត​ខោអាវ​ទ្រនាប់ Savage x Fenty។

Forbes បាន​គណនា​ឃើញថា ស៊េរី​គ្រឿងសម្អាង Fenty Beauty មានតម្លៃ​រហូតដល់ 2.8 ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុង​ឆ្នាំ 2018 ផលិតផល​យីហោ​នេះ ត្រូវបាន​ដាក់លក់​ក្នុង​បណ្ដាញ​ហាង Sephora និង​រកចំណូលបាន​ជា​ង 550 លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ខ្ពស់ជាង​យីហោ KKW Beauty របស់ Kim Kardeshian, Kylie Cosmetics របស់ Kylie Jenner និង Honest របស់ Jessica Alba ទៅទៀត។

កត្តា​មួយ​ក្នុងចំណោម​កត្តា​សំខាន់​ដែល​ជួយ​ឱ្យ Rihanna ទទួលបាន​ជោគជ័យ​នៅក្នុង​វិស័យ​គ្រឿងសម្អាង និង​សម្លៀកបំពាក់ នោះ​គឺ ដោយសារ​ការផ្សព្វផ្សាយ​ផលិតផល​ដែល​សមស្រប​នឹង​ស្រី ដោយ​វា​តម្រូវ​តាម​ទម្រង់​រូបរាង គ្រប់​ទំហំ និង​គ្រប់​ពណ៌​ស្បែក។

ខណៈដែល Victoria’s Secret បាច​លុយ​រាប់លាន​ដុល្លារ ទៅក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដប្រណិតៗ Fenty Beauty របស់ Rihanna ឯណេះ​វិញ បែរជា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​អន​ឡាញ ដើម្បី​ស្វែងរក​អតិថិជន។ យីហោ​ខោអាវ​ទ្រនាប់​របស់ Victoria’s Secret មាន​ភាពល្បីល្បាញ​ជាមួយនឹង​កំពូលតារាៗបង្ហាញ​ម៉ូដ ប៉ុន្តែ Savage x Fenty របស់ Rihanna ក៏​បែរជា​លុបបំបាត់​រាល់​ឧបសគ្គ​ទាក់ទង​នឹង​សម្រស់​របស់​ស្ត្រី។

នៅក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​ដំបូង​របស់ Savage x Fenty គេ​ឃើញថា អ្នក​បង្ហាញ​ម៉ូដ​ជាច្រើន​ពិតជា​មាន​សម្រស់​ផ្ទុយ​ពី​តារា​បង្ហាញ​ម៉ូដ​ទូទៅ។ និយមន័យ​ស្ដីពី​សម្រស់​នៃ​រូបរាងកាយ ទំនងជា​ត្រូវបាន​បំបាត់ចោល​នៅក្នុង​ព្រឹត្តិការណ៍​នេះ។ Rihanna បាន​សង្កត់ធ្ងន់ថា៖ «ចូរ​ស្អាត​ទៅតាម​បែបបទ​រប​ស់​អ្នក»។

ការបោះ​ជំហាន​ដ៏​ឆ្លាត​វៃ និង​សារ​ដែល​ងាយ​ទទួលយក គឺជា មូលហេតុ​ដែលនាំឱ្យ​ឱ្យ​យីហោ​ខោអាវ​ទ្រនាប់​របស់ Rihanna ឆាប់​ទទួលបាន​ការគាំទ្រ​ពី​បងប្អូន​ស្ត្រី។

Rihanna និង​មហា​សេដ្ឋី​លំដាប់ទីមួយ​ Bernard

Forbes បាន​និយាយថា Rihanna កាន់កាប់​ភាគហ៊ុន 30% នៅក្នុង​ក្រុមហ៊ុន Savage x Fenty។ ក្រុមហ៊ុន​នេះ ប្រមូល​ទុន​បាន 115 លាន​ដុល្លារ កាលពី​ខែកុម្ភៈ ឆ្នាំ 2021 បន្ទាប់ពី​ត្រូវបាន​កំណត់​តម្លៃ 1 ពាន់​លាន​ដុល្លារ​អាមេរិក។ CEO របស់​ក្រុមហ៊ុន LVMH គឺ​មហាសេដ្ឋី Bernard Arnault និង​តារាចម្រៀង​រ៉ែ​ប Jay Z ក៏​ជា​អ្នកវិនិយោគ​សំខាន់​របស់​យីហោ Savage x Fenty នេះ​ផងដែរ៕

Advertisement