ថៃបំភ្លៃប្រវត្តិសាស្រ្ដខ្មែរទៀតហើយ ក្នុងរឿង «บ่วงนาคราช»

នាពេលឆាប់ៗខាងមុខនេះ រឿងភាគទូរទស្សន៍ថៃដែលមានចំណងជើងថា “บ่วงนาคราช ( បួងណាឃរាត)” ដែលមានន័យជាខេមរៈភាសាថា “អន្ទាក់នាគរាជ” របស់ស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្ដិ៍លេខ 5​ ក្រោមការដឹកនាំសម្ដែងដោយលោក Mink Penchan របស់វណ្ណកម្ម Nakara 999 ចំកាត់ ហើយនឹងដាក់បញ្ចាំងរៀងរាល់ថ្ងៃអង្គារ៍ វេលាម៉ោង 20៖20នាទីយប់ ដល់ម៉ោង 21៖20នាទីយប់ ខាងមុខនេះ។

រឿងអន្ទាក់នាគរាជ ជារឿងរ៉ាវរបស់ “អាពូ” ដែលជាអ្នកនិពន្ធស្រីមានស្នាដៃល្បីល្បាញ ដែលនាងបានជួបរឿងរ៉ាងនៅអតីតកាល មានទាំងសេចក្ដីស្នេហា គំនុំ ការយល់ច្រឡំ ដែលបានធ្វើឱ្យទីក្រុងទាំងមូលរលំរលាយ ហើយមានពាក់ព័ន្ធជាមួយ ព្រះបាទជ័យវរ្ម័ន (พระเจ้าธัญญะวรมัน ) ព្រះនាង សោមាសិវិកាទេវៈទេវី (พระนางโสมาสีวิกาเทวะนาคเทวี ) និងព្រះនាង ក័ងសាតាវាទី ស្រីសុរិយវរ្ម័ន្ទ្រា (กังสตาลวาตี ศรีสุริยวรมัตตรา ) ជានារីសាហាវបំផុតនៅសម័យខម (ខ្មែរ) បុរាណ និងជាពេលវេលាវដ្ដកម្មតាមស្នងទាន់ហន់ ហើយទើបអន្ទាក់កម្មចាប់ផ្ដើមដំណើរការ នោះបានជាអ្នកនិពន្ធ អាពូ ត្រូវបានដោះស្រាយប្រស្នាកម្ម ដើម្បីរំលត់ចិត្តដែលបានជាប់ក្នុងអន្ទាក់កម្ម។

គួរកត់សម្គាល់ផងដែរថា មូលន័យរឿងទាំងស្រុងដែលបានរៀបរ៉ាប់ខាងលើនេះ បានបង្ហាញថា មិនមែនជារឿងរបស់ថៃឡើយ តែជារឿងរ៉ាវរបស់ជនជាតិខ្មែរ ក្នុងប្រទេសកម្ពុជា នាសម័យមហានគរ ក៏ប៉ុន្ដតែត្រូវអ្នកនិពន្ធថៃស្រីមួយរូប បានស្រមើលស្រម៉ៃ ច្នៃនិពន្ធរឿងឡើង សរសេរជារឿងប្រឌិតថ្មី ហើយសម្ដែងជារឿងភាគដាក់បញ្ចាំងទូរទស្សន៍ទៀត។ តើអ្នកយល់បែបណាក្នុងនាមអ្នកជាកូនខ្មែរមួយរូប ចំពោះរឿងនេះ? ប្រសិនបើអ្នកមិនបានសិក្សា​ពីប្រវត្តិសាស្ត្រខ្មែរ នោះអ្នកនឹងយល់ច្រឡំ ប៉ុន្តែបើសិនជាអ្នកបានសិក្សាពីប្រវត្តិសាស្ត្រខ្មែរ នោះអ្នកនឹងដឹងច្បាស់ថា រឿងថៃមួយនេះ គឺពិតជាបានកាឡៃប្រវត្តិសាស្ត្រខ្មែរពិតៗ។

គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃអង្គារ៍ទី 09 ខែឧសភា ឆ្នាំ2017 នេះនឹងមានការធ្វើពិធីបួងសួងក្រុងពាលីរឿងនៅខេត្តស្រះកែវ ហើយចាប់ផ្ដើមដំណើរការថតរឿងតែម្ដង៕

Advertisement