អ៊ីវ៉ា ភ្ញាក់ផ្អើលខ្លាំងនឹងដំណឹងថា នាងមានសុទ្ធតែឧកញ៉ាតាមសុំស្នេហ៍

ភ្នំពេញៈ ខណៈ​ប្រជា​ប្រិយ​ភាពខ្លួន​កំពុង​តែ​​​ឆក់​យក​​ចិត្ត​មហាជន​គាំទ្រ​ដោយ​ទឹក​ដម​សំនៀងរបស់​​កញ្ញា ​អ៊ីវ៉ា តារា​ចម្រៀង​រះ​នៅ​កំពូល​ក្នុង​ទ្រនំ​សាន់ដេ និង​ល្បី​ខ្លាំង​ជា​ទេព​ធីតា​សម្ផស្ស​មាន​មន្ត​ស្នេហ៍ អន្ទង​ស្នេហ៍​​បុរសៗ​ឲ្យ​លង់​ស្នេហ៍​ច្រើន​នាក់ ហើយ​ថ្មីៗ​នៅ​លេច​ឮ​ព័ត៌មាន​ថា នាង​​មាន​ឧកញ៉ា​ច្រើន​នាក់​តាម​ដាក់​ពាក្យ​សុំ​ស្នេហ៍ និង​ប្រកាស​ទ្រព្យ​ធន​ដើម្បី​ត្រៀម​ជំនួនជូន​នាង​ទៀត​ផង​បើ​ត្រូវ​ចិត្ត​​។​​

ដោយ​ឡែក​ដំណឹង​នេះ​គឺ​ផ្ទុយ​ស្រឡះតែម្តង​​ ខណៈ​សូម្បី​តែ​​នាង​ខ្លួនឯង​​ផ្ទាល់ កញ្ញា អ៊ីវ៉ា មាន​កំណើត​ពី​ទឹកដី​ខេត្តកំពង់ស្ពឺ ជា​តារា​ចម្រៀង​​​សម្លេង​​​ស្រទន់​ប្រចាំ​ផលិត​កម្ម​សាន់ដេ​​​ ក៏​ភ្ញាក់​ផ្អើល​នឹង​ព័ត៌មាន​នេះ​ទៀត​​​ផង​ដោយ​ថ្មីៗ​នេះក៏​​​ស្រាប់​តែ​មាន​ពាក្យ​រ​ន្ទឺ​នេះ​ឡើង​​​។ តែ​យ៉ាង​ណា​​តារាចម្រៀង​រូបនេះ ​ក៏​ហាក់​សម្តែង​ការ​ភ្ញាក់​ផ្អើល​និង​ព័ត៌មាន ​បង្ហាញ​ពី​ខ្លួន​មាន​មន្ត​ស្នេហ៍​​នោះ ​ខណៈ​នាងក៏​បាន​បង្ហោះបង្ហើរ​សារ​ជា​សា​ធារ​ណៈ​​​ក្នុង​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​មហា​ជន​គិត​ថា ទំនង​​ជា​នាង​ធុញ​​​​ទ្រាន់​នឹង​ស្នេហា​តាម​រញ៉េ​រញ៉ៃ​នោះ​ហើយ​បាន​ជា​នាង​ពោល​បែប​នោះ។ កញ្ញា អ៊ីវ៉ាសរសេរ​​ក្នុង​ហ្វេសប៊ុក​របស់​នាង​ថា៖​ «ដឹង​ស្អី​ទេ​​លោក​អើយ!​លោក​ហើយ​!ក៏​សំបូរ​ឧកញ៉ា​មក​ពី​ណា​ច្រើន​​ម្ល៉េះ​បើ​រាល់​ថ្ងៃ​រក​តែ​អ្នក​ធំ​មួយ​មក​ធ្វើ​ជា​គូស្នេហ៍​មិន​បាន​ផង»។

តារា​ចម្រៀង​ស្រី​សាច់​ស​ខ្ចី​ញេញ​ អ៊ីវ៉ា បន្ត​ថា៖ «បើ​ឲ្យ​ខ្ញុំ​មិន​នឿយ​ណាយ​នឹង​ព័ត៌​មាន​​​នេះ​ម៉េច បើ​ពេល​នេះ​ រក​តែ​ស្នេហា​ជាមួយ​អ្នក​ធម្មតា គ្មាន​ផង ​បែរ​​ជា​ល្បី​តែ​នឹង​រឿង​ឧក​ញ៉ា​​តាម​​ស្នេហ៍​ទៅ​វិញ។ មិន​គិត​ថា​យ៉ាងណា​ទេ​ នៅ​ពេល​នេះ​ខ្ញុំ​មិន​ទាន់​ចង់​គិត​រឿង​ដូច​អ្វី​ដែល​ល្បី​កន្លង​មក​ទេ»៕​

 

Advertisement