លោក ឡេង ណា​វ៉ា​ត់​ត្រា យកប្រាក់​ចំណេញ​ពី​ការ​បញ្ចាំង​រឿង​បរិច្ចាគ​ជួយ​ជនក្រីក្រ​

ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ​ទាល់តែសោះ ខណៈដែល​លោក ឡេង ណា​វ៉ា​ត់​ត្រា ដែលជា​ផលិតករ និង​ជា​អ្នកធ្វើ​ជំនួញ​ជាមួយ​វិស័យ​ភាពយន្ត យក​ថវិកា​យ៉ាង​សន្ធឹកសន្ធាប់​ដែល​ចំណេញ​បាន​ពី​ការផលិត និង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត ទៅ​បរិច្ចាគ​ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ​ជាង100គ្រួសារ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ស្នា ឃុំ​ព្រះ​និព្វាន ស្រុក​គង់​ពិសី ខេត្តកំពង់ស្ពឺ ។ យ៉ាងណាក៏ដោយ ជាមួយនឹង​ទឹកចិត្ត​សប្បុរស​ចូលរួម​ចែករំលែក​នូវ​ធនធាន​ផ្ទាល់ខ្លួន​ខាងលើនេះ លោក ឡេង ណា​វ៉ា​ត់​ត្រា ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា ការជួយឧបត្ថម្ភ​នេះ​មិនមែនជា​ការសម្ដែង​ដើម្បី​ទទួលបាន​ប្រជាប្រិយភាព​នោះទេ ប៉ុន្តែ​វា​ជា​ទង្វើ​ដែល​ផុស​ចេញពី​បេះដូងពិតៗ ខណៈដែល​លោក​ក៏​ធ្លាប់​ឆ្លងកាត់​ជីវភាព​ខ្សត់ខ្សោយ​ផងដែរ​នោះ ។

ថ្លែង​នៅក្នុង​ឱកាស​នៃ​ការផ្តល់​អំណោយ​ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ​សរុប​ចំនួន101គ្រួសារ​ខាងលើ ដែល​រួមមាន អង្ករ ទឹកស៊ីអ៊ីវ ប្រេងឆា ប៊ីចេង និង​ថវិកា​មួយចំនួន​ផងដែរ​នោះ ចាងហ្វាង​ផលិតកម្ម Galaxy លោក ឡេង ណា​វ៉ា​ត់​ត្រា បាន​លើកឡើងថា ថវិកា​ដែល​លោក​នាំយកមក​ជូន​ដល់​ប្រជាពលរដ្ឋ​ខាងលើនេះ​មាន​ចំនួន​ប្រមាណ​ជា 20លាន​រៀល ដែល​បានមកពី​ការ​ចំណេញ​ពី​ការផលិត និង​ចាក់​បញ្ចាំង​រឿង​ដំបូង​របស់លោក​ដែលមាន​ចំណងជើង​ថា «កំពូល​ល្ងង់​នៅ​អាស៊ី» ។ លោក​បាន​សង្កត់ធ្ងន់ថា ថ្វីត្បិតតែ​ថវិកា ក៏ដូចជា​គ្រឿងឧបភោគ បរិភោគ​ទាំងនេះ​មាន​ចំនួន​តិចតួច​ក៏ពិតមែន ប៉ុន្តែ​វា​អាចជួយ​ដោះស្រាយ​ទុក្ខលំបាក​បាន​មួយគ្រា ហើយ​លោក​ក៏​នៅតែ​បន្ត​ស្វែងរក​ជំនួយផ្សេងៗទៀត​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ។

Advertisement

អតីត​ពលករ​បម្រើកា​រងារ​នៅ​ប្រទេស​កូរ៉េ រូបនេះ​បាន​បញ្ជាក់ថា ៖ «ខ្ញុំ​យល់​ពី​ភាពលំបាក និង​ស្គាល់​ពី​រសជាតិ​ក្រីក្រ​យ៉ាងច្បាស់ ព្រោះ​មុន​នឹងមាន​ទ្រព្យធន​ដូច​ពេល​បច្ចុប្បន្ននេះ ខ្ញុំ​ក៏​ធ្លាប់​ក្រ បាន​ព្រឹក​ខ្វះ​ល្ងាច បាន​ល្ងាច​ខ្វះ​ព្រឹក ដូចជា​បងប្អូន​ដែលជា​ប្រជាពលរដ្ឋ​ទាំង101គ្រួសារ​នេះដែរ ប៉ុន្តែ​ក្រោម​ការព្យាយាម​ជំនះ​ភាពលំបាក​ទាំងឡាយ ទើប​ខ្ញុំ​អាច​គេចចេញ​ផុតពី​ជីវភាព​ខ្សត់ខ្សោយ​ទាំងនោះ » ។ លោក​បាន​បន្តថា ៖ «សម្រាប់​ការជួយឧបត្ថម្ភ​ក្នុងនាម​ជា​សប្បុរសជន​ទាំងនេះ​នៅតែ​បន្ត ជាពិសេស បន្ទាប់ពី​ការចាក់​បញ្ចាំ​ងុ​រឿង «កំពូល​ល្ងង់​នៅ​អាស៊ី» របស់ខ្ញុំ​ត្រូវបាន​បញ្ចប់ នោះ​ប្រាក់​ដែល​ចំណេញ​បាន​ទាំង​ប៉ុន្មាន ខ្ញុំ​នឹង​យកមកប្រើ​ជា​មូល​នី​ធី​សប្បុរស សម្រាប់​ចែកជូន​បងប្អូន​ក្រីក្រ​ដែល​ស្ថិតនៅ​តំបន់ផ្សេងៗទៀត » ៕

Advertisement