មាស សុខសោភា បង្ហោះសារ​ទម្លាយអាថ៌កំបាំងស្នេហ៍កប់​ ១០ ឆ្នាំ​មកហើយ

ភ្នំពេញៈ ប្រិយ​មិត្ត​គាំទ្រ​មានការ​ភ្ញាក់​ផ្អើល​ផង និង​កោត​សរសើរ​ផង ទៅ​ដល់​តារា​ចម្រៀង​ស្រី​ដុះ​ស្លែ​ប្រចាំ​ផលិតកម្ម​ថោន​នាង​ មាស សុខសោភា ខណៈ​នៅ​ពេល​ថ្មីៗ​នាង​បាន​បង្ហោះ​រូបថត​ស្និទ្ធ​ស្នាល​​ស៊ី​អារម្មណ៍ ឈរ​កៀក​កើយ​នឹង​គូស្នេហ៍​ខ្លួន​នៅ​មាត់​ទឹក មាន​ទេស​ភាព​ថ្ងៃ​រៀប​លិច ហាក់​ដូចជា​ការ​សារ​ភាព​ទម្លាយ​រឿង​ពិត​ខ្លួន​មួយ ហើយក៏​បង្ហើរ​សារ​មួយ​ជា​ភាសា​អង់គ្លេស ដែល​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «ពេល​នេះ​មាន​រយៈ​ពេល ១០ ឆ្នាំ​បាត់! ហើយ​ក៏​សង្ឃឹម​ថា បង​ប្អូន​ប្រិយ​មិត្ត​គាំទ្រ​ទាំង​អស់ មេត្តា​បើក​ទូលាយ​ចិត្ត​បេះដូង និង​នៅ​តែ​បន្ត​ការ​គាំទ្រ​ដល់​នាងខ្ញុំ​ដដែល!» តាម​បណ្តាញ​សង្គម​អ៊ីនស្តាក្រាម។

មួយ​រំពេច​ក្រោយ​មក​ក៏​មាន​ប្រិយមិត្ត​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​​ចូលទៅ​ចុច Likes និង​ចូល Comments បញ្ចេញ​មតិ​យោបល់​ទៅ​នឹង​​សារ​ការពិត របស់​តារា​ស្រី​ដែល​ទើបតែ​បាន​បង្ហោះ​ទម្លាយ​​រឿង​ពិតថា ខ្លួន​បាន​មាន​គូស្នេហ៍​នែ​ប​និត្យ គិតទៅ​មាន​ពេល ១ ទសវត្សរ៍​ទៅ​ហើយ ដោយ​គេ​ឃើញ​មាន​ទាំង​អ្នក​ចូលរួម​អប​អរសាទរ និង​សម្តែង​អារម្មណ៍​បន្តការ​គាំទ្រ ដូចជា​មិនមាន​អ្នកណា​ម្នាក់​រំលេច​សំណេរ​អវិជ្ជ​មាន​​ឡើយ។ អ្នក​ខ្លះ​សរសេរ​ថា៖ «អប​អរ​សាទរ​បង​ស្រី សម្រាប់​គូស្នេហ៍​ដ៏​យូរ​លង់!» ខណៈ​អ្នក​ខ្លះទៀត​បង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​បែប​ជា​ការ​តាំងចិត្ត​គាំទ្រ​ថា៖ «មិន​ថា បង ភា រៀបការ មាន​កូនចៅ​ទេ ក៏​នៅតែ​ផ្តល់​សំឡេង​គាំទ្រ​រាល់​ទង្វើ​ល្អ​របស់​បង​ភា​ជា​និច្ច។ ខ្ញុំ​តែងតែ​ស្រឡាញ់ និង​នៅតែ​បន្ត​គាំ​ទ្របង​ជា​រៀង​រហូត និង​ខ្លាំង​ជាង​មុន​ទៀតផង!។ កុំ​បារម្ភ​អី ខ្ញុំ​នៅ​តែ​ជាអ្នក​គាំទ្រ​បង​ជា​និច្ច» ចំណែក​ឯអ្នក​ផ្សេង​ទៀត​​បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​ថា៖ «អី​យ៉ា!​ខួប​គូស្នេហ៍​រយៈពេល ១០ ឆ្នាំ​ផង ពិតជា​មិន​គួរ​ឲ្យ​ជឿ​សោះ​នៀក!»។

កាល​មុន​អ្នកនាង​ មាស សុខសោភា ក៏ធ្លាប់​បាន​បញ្ជាក់​បែប​មិន​លាក់​លៀម​ពីសម្ព័ន្ធ​ភាព​ដូចជា​ប្តី​ប្រពន្ធ​បាន​ប្រាប់​ដែរ​ថា៖ «នាពេល​កន្លង​មក​រ​ហូត​ដល់​ឥឡូវ​នេះ គឺ​គាត់​តែងតែ​ទៅ​ណា​មក​ណា​ជាមួយ​ខ្ញុំ​ជា​និច្ច ហើយ​ពេល​ថ្មីៗ​នេះ ដោយសារ​សុខភាព​នាងខ្ញុំ​មិនសូវ​ល្អធ្វើ​ឲ្យគាត់​បារម្ភ​ទើប​តម្រូវ​ឲ្យ​មានការ​ជូន​នាងខ្ញុំ​ជាប់​ញឹកញាប់​ជាង​រាល់ដង​ជាហេតុ​នាំឲ្យ​មហាជន​ឃើញ​ខុស​ប្លែក​​នោះ​ឯង»៕

 

Advertisement