​អ្នក​សម្ដែង​​របស់​ភាព​យន្ត​រឿង​ «Mission Impossible» ជាប់ចោទ​ពីបទ​សម្លាប់​មនុស្ស​ពេល​កំពុង​ថតកុន

(សហរដ្ឋ​អាម៉េរិក) – តារា​សម្ដែង​អាម៉េរិក Alec Baldwin ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​សម្លាប់​មនុស្ស​ដោយ​អ​ចេតនា ប្រឈម​នឹង​ការជាប់​ពន្ធនាគារ 5 ឆ្នាំ ក្រោយពី​គាត់​បាន​កេះកៃ​កាំភ្លើង​បណ្ដាល​ឱ្យ​​​មិត្ត​រួម​អាជីព​ម្នាក់​ស្លាប់​នៅ​កន្លែង​ថតកុន។

យោងតាម TMZ កាលពី​ថ្ងៃទី 19 មករា រដ្ឋអាជ្ញា​នៅ​ស្រុក Santa Fe រដ្ឋ New Mexico បានប្រកាសថា Alec Baldwin ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា ក្នុងនាម​ជា​ផលិតករ​ និង​អ្នក​សម្ដែង​ភាព​យន្ត​ ហើយ​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ 5 ឆ្នាំ។

មេធាវី​របស់ Alec Baldwin ប្រកាសថា ការចោទប្រកាន់​របស់​តុលាការ​ខាងលើ​គឺជា​ការ «មួលបង្កាច់​ការស្លាប់រ​បស់​អ្នកស្រី Halyan Hutchins» ហើយ​ថា នឹង​តស៊ូ​មតិផ្លូវ​ច្បាប់​​ដល់ទី​បញ្ចប់។

ក្រៅពី​លោក Alec Baldwin តុលាការ​ក៏បាន​ចោទប្រកាន់​ពីបទ​សម្លាប់​មនុស្ស​ដោយ​អ​ចេតនា​ចំពោះ Hannah Gutierrez-Reed ដែលជា​ប្រធាន​គម្រោង​ភាពយន្ត​រឿង «Rust» នេះដែរ។

អ្នក​ស្រី Halyna Hutchins

កាលពី​ខែតុលា 2021 Alec Baldwin ថត​ឈុត​ហិង្សា​របស់​ភាពយន្ត​រឿង Rust នៅក្នុង​រដ្ឋ New Mexico។ ក្រោយ​ត្រូវបាន​ប្រាប់ថា កាំភ្លើង​មិនមាន​គ្រាប់ អ្នក​សម្ដែង Alec Baldwin ក៏បាន​កេះកៃ​កាំភ្លើង ប៉ុន្តែ​ស្រាប់តែ​កាំភ្លើងនៅ​​មាន​គ្រាប់។ អ្នកដឹកនាំ​រឿង និង​ជា​អ្នកនិពន្ធ Joel Souza ត្រូវ​គ្រាប់កាំភ្លើង តែ​បាន​ព្យាបាល​ជាសះស្បើយ​។ ចំណែក​អ្នកដឹកនាំ​ផ្នែក​រូបភាព អ្នកស្រី Halyan Hutchins រងរបួស​ធ្ងន់ ហើយក៏​បាន​បាត់បង់​ជីវិត។

កាលពី​ខែកុម្ភៈ 2022 គ្រួសារ​របស់ Hutchins បានដាក់​ពាក្យ​ប្ដឹង​ប្រឆាំង Alec Baldwin ប៉ុន្តែ​បាន​ដក​ពាក្យបណ្ដឹង​វិញ​កាលពី​ខែតុលា 2022។ ទោះជា​យ៉ាងនេះ​ក៏ដោយ រដ្ឋអាជ្ញា​មួយរូប ពេល​នោះបាន​និយាយថា Alec Baldwin នៅតែ​អាច​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់ ព្រោះ​បាន​នាំឱ្យ​អ្នកដឹកនាំ​ផ្នែក​រូបភាព Halyna Hutchins អាយុ 42 ឆ្នាំ ត្រូវ​បាត់បង់​ជីវិត។ ដំណើរការ​រឿងក្ដី​នៅ​តុលាការ​បាន​ស៊ីពេល​អស់​ជាង​មួយឆ្នាំ ដោយសារតែ​រដ្ឋអាជ្ញា​ត្រូវ​រង់ចាំ​ការបញ្ជាក់​ពី FBI។

លោក Alec-Baldwin

លោក Alec Baldwin អាយុ 63 ឆ្នាំ គឺជា​តារា​សម្ដែង​ជនជាតិ​អាម៉េរិក​មួយរូប​ដែល​ធ្លាប់​ទទួលបាន​ពាន់រង្វាន់ Emmy និងពាន​រង្វាន់​​ផែនដី​មាស (Golden Globes) ជាច្រើនលើក។ តារា​សម្ដែង​រូបនេះ​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ភាពយន្ត​​រឿង The Hunt for Red October (1990), The Aviator (2004) និង Mission Impossible ជាដើម។ លោក Alec Baldwin មាន​ភរិយា​ឈ្មោះ Hilaria និង​មានកូន 7 នាក់៕

Advertisement