តារា​ក្បាច់​គុន​ ដូនី យ៉េន ​ថា «អាយុ 60 ឆ្នាំ​ ក៏​មិន​មាន​បញ្ហា» ពេល​កំពុង​ឃោសនា​ឱ្យ​រឿង “Dragon Babu: The Legend of Qiao Feng”

កំពូលតារា​ក្បាច់​គុន​ហុងកុង​លោក ដូនី យ៉េន និយាយថា មិន​បារម្ភ​ចំពោះ​បញ្ហា​​អាយុ​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ការ​ច្នៃ​ប្រឌិត​ឡើយ​ ហើយ​តែង​តែ​ភ្លេច​ថា ខ្លួន​មាន​អាយុ​ 60​ ឆ្នាំ​។

នៅ​លើ​ប៉ុស្តិ៍ HK01 កំពូល​តារា​សម្ដែង​ផ្នែក​ក្បាច់​គុន​ ដូនី យ៉េន បាន​ឱ្យ​ដឹង​ថា មិន​ធ្លាប់​មាន​ការ​បារម្ភ​នៅ​ពេល​ឆ្នាំ​នេះ​ឈាន​ចូល​ដល់​វ័យ​ 60 ដែល​ត្រូវ​បន្ថយ​ការ​សម្ដែង​។ តារា​សម្ដែង​រូប​នេះ​បង្ហើប​ឱ្យ​ដឹង​ថា ភរិយា​របស់​គាត់​ដែល​មាន​អាយុ​ប្អូន​គាត់ 18 ឆ្នាំ តែង​ប្រាប់​ថា គាត់​ដូចទៅ​នឹង​កំលោះ​ម្នាក់​ ចូល​ចិត្ត​ចង់ដឹង​ ចង់ស្វែង​យល់។

«ក្នុង​វិស័យ​ភាព​យន្ត គេ​ត្រូវ​ការ​ស្មារតី​ស្រាវជ្រាវ​ ទទួល​យក​ឧបសគ្គ។ អ្នក​ដឹង​ហើយថា Tom Cruise អាយុ 60 ឆ្នាំ​ហើយ នៅ​តែ​ប្រថុយ​តោង​ខ្សែ​ចេញ​ពី​យន្តហោះ​នៅ​លើ​អាកាស​ នៅ​តែ​ស្ថិត​នៅ​ចំណុចកំពូលដូច្នេះ» ដូនី​ យ៉េន បក​ស្រាយ​ដូច្នេះ​ និង​បន្ថែម​ថា ពេល​សម្ដែង គាត់​អាច​ប្រើប្រាស់​បទពិសោធន៍​​ដើម្បី​ប៉ះប៉ូវ​ឱ្យ​ចំណុចខ្សោយ​របស់​កម្លាំង​រាង​កាយ​។

ទោះយ៉ាង​ណា​ក៏ដោយ តារា​សម្ដែង​រូប​នេះ​បាន​ឱ្យ​ដឹង​ថា មាន​គម្រោង​កាត់​បន្ថយ​ការ​ថត​ភាពយន្ត ដោយ​ចង់​សម្ដែង​តែ​ក្នុង​រឿង​ដែល​មាន​ឧបសគ្គ​កម្រិត​ខ្ពស់​។ គាត់​មាន​បំណង​ផ្ដោត​ទៅ​លើ​វិស័យ​ផលិត និង​ដឹក​នាំ​រឿង​ជំនួស​ឱ្យការ​សម្ដែង​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។

បច្ចុប្បន្ន ដូនី យ៉េន កំពុង​ឃោសនាឱ្យ​ភាព​យន្ត​រឿង “Dragon Babu: The Legend of Qiao Feng” ដែល​គាត់​ជា​អ្នក​ដឹក​នាំ​រឿង​ អ្នក​ផលិត និង​អ្នក​សម្ដែង​ជា​តួ​អង្គ​ឯក។ ខ្សែភាព​យន្ត​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​ក្នុង​រោង​កុន​នៅ​ហុងកុង សិង្ហបុរី ម៉ាឡេស៊ី និង​បញ្ចាំង​តាម​អនឡាញ​នៅ​ទី​ផ្សារ​ចិនដីគោក និង​​កូរ៉េខាងត្បូង​។ល។

Advertisement