ឮថាយក់ ឋិតរដ្ឋា ចង់ក្លាយជាតួកុន ក្រោយចូលទ្រនំថ្មីថោន

ភ្នំពេញៈ តារា​ចម្រៀង​ស្រី​ដែល​ទើប​ដើរ​​ចេញ​​ពីទ្រនំ​ចាស់​​​ហង្សមាស មក​ជ្រក​ទ្រនំ​ថ្មី​ផលិត​កម្ម​​ថោន អ្នកនាង យក់ ឋិតរដ្ឋា នោះ ស្រាប់​តែ​​ល្បី​ថា នាង​មានក្តី​ប្រាថ្នា​ចង់​ក្លាយ​ខ្លួនជា​តារា​សម្តែង​ភាពយន្ត​ព្រោះ​មាន​ទីផ្សារ​ល្អជាង​ចម្រៀងបង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​មហា​​​​ជន​យ៉ាងខ្លាំង​​។​

ពេល​សាក​សួរ​​សាមី​​​ខ្លួន​ បើ​​ទោះ​បីជា​​មិន​មាន​ការ​បក​ស្រាយ​ផ្ទាល់​ពី​តារា​ចម្រៀង​ស្រី​យក់ ឋិត​រដ្ឋា ក្តី តែ​​បើ​តាម​ស្វាមី​នាង​គឺ​លោក ឃុំ ប៉ុណ្ណាដែត លាន់​មាត់​ឆ្ងល់​​ថា៖ «មាន​​ព័ត៌មានបែប​ណុង​​ផង​? ដូចជា​មិនពិត​ទេព្រោះ​​ភរិយា​ខ្ញុំមិន​ធ្លាប់​ប្រាប់ថា​ចង់​ក្លាយជា​តួ​សម្តែងនោះទេ»។ លោក ឃុំ ប៉ុណ្ណាដែត រំឮក​បញ្ជាក់​ថា៖ «ខ្ញុំ​គិតថា​ប្រហែល​ជា​យល់​ផ្សេងពី​មតិ​យោបល់​របស់​ប្រពន្ធ​ខ្ញុំ​ ​អ្នកសារ​ព័ត៌មាន​ធ្វើ​បទ​សម្ភាស​​កាល​ពី​សម្ពោធ​​រឿង​ទឹក​ចិត្ត​ម្តាយ​​សម័យ​ថ្មី​នោះ​ហើយ ខណៈ​​ពួកយើង​សុទ្ធតែ​ជាអ្នក​ចម្រៀង ថា​​ចង់​ដើរ​តួកុន​នោះ ដូចជា​មិនបាន​ប្រាប់ចឹង​ទេ!​»។

គូ​ស្វាមី​ជា​តារា​ចម្រៀង​អ្នកនាង យក់ ឋិត​រដ្ឋា និងលោក ឃុំ ប៉ុណ្ណា​ដែត គឺ​​ជាម្ចាស់​ភោជនីយដ្ឋាន Factory-Pub ខណៈពេល​ឃ្លាត​ឆ្ងាយ​ពីសិល្បៈ​មួយរយៈ​ទៅ​ផ្តោត​លើការ​រកស៊ី​នោះ​ ខណៈ​អ្នក​ទាំងពីរ​បាន​ក្រាបផ្ទឹម​រៀបចំ​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៥។ លោក ឃុំ ប៉ុណ្ណា​ដែត ក៏បាន​រំឭក​ប្រាប់ពី​ពេលមុន​ធ្លាប់​មាន​ផលិតកម្ម​ខ្លះបាន​ទាក់ទង​ប្តី​ ប្រពន្ធ​លោក​ទៅ​ថតកុន​ដែរ តែ​ដោយសារ​គ្មាន​ពេល​វេលា គ្រប់គ្រាន់​ក៏​បដិសេធគឺ​​ផលិតកម្ម​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៥ និង​លេខ ៣ ៕

Advertisement