ទេព បូព្រឹក្ស បានងារទូតសុឆន្ទៈ ក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីមេរោគអេដស៍ និងជំងឺអេដស៍

ភ្នំពេញៈ តារា​ចម្រៀង​ហង្ស​មាស​ពូកែ​ និង​មាន​ទេព្យ​កោសល្យ​រាំជាង​ច្រៀង កញ្ញា ទេព បូព្រឹក្ស កាល​ពី​ថ្ងៃ​​ម្សិល​មិញ​ទទួល​បាន​​ងារ​ជា​ទូត​សុឆន្ទៈ ក្នុង​ការ​ផ្សព្វ​ផ្សាយ​ និង​បញ្ជ្រាប​ការ​យល់​ដឹង​ពី​មេរោគ​អេដស៍ និង​ជំងឺ​​អេដស៍​ ប្រចាំ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍សម្រាប់ឆ្នាំ២០១៧-២០១៨ ជា​មួយ​នឹង​តារា​ចម្រៀង​​​​ប្រុស​កំពូល​ដែល​​ឈរ​លើ​ទ្រនំ​ផលិត​កម្ម​​សានដេ គឺ​លោក ខេមរៈ សិរីមន្ត​។

នេះ​បើ​តាម​ការ​បង្ហោះ​សារ​ដ៏​ត្រេក​អរ​ចិត្ត​របស់​តារា​ចម្រៀង​ស្រី​ ទេព បូព្រឹក្ស ថា៖​«​ថ្ងៃនេះ​នាងខ្ញុំ​មានកិត្តិ​យស​ណាស់​ដែល​បាន​ទទួល​ធ្វើជា​អគ្គរដ្ឋទូតសុឆន្ទៈ​ក្នុងការផ្សព្វផ្សាយ​និង​បញ្ជ្រាប​ការយល់ដឹង​អំពី​មេរោគ​អេដស៍/​ជំងឺ​អេដស៍ប្រចាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់ឆ្នាំ២០១៧-២០១៨»។

កាលពី​​មុន​ចូល​ឆ្នាំ​ថ្មី​ ដែល​កន្លង​ផុត​ទៅ​ តារា​ចម្រៀង​ស្រី ទេព បូព្រឹក្ស ដែល​ផុសចេញ​ភាព​ល្បី​​ព្រោះ​តែមាន​ក្បាច់​រាំដ៏​ទាក់​ទាញរស់​រវើក និង​និយមច្រៀង​តែ​បទបែប​កូនកាត់​ជាភាសា​ខ្មែរ​លាយឡំ​នឹង​​ភាសាអង់​គ្លេស​ មិនសូវ​ច្បាស់នោះ ក៏​បាន​ផ្វើ​ឲ្យ​រឿង​អាស្រូវ​​ខ្លួន​ដែរ​​ជាមួយ​នឹង​ក្រុម​រាំខ្លួន ដោយ​បាន​នាំ​គ្នា​​ស្លៀក​​ពាក់​ខ្លី សិចស៊ី រាំ​លេច​​គូទ​នៅ​ក្នុង​បរិវេណ​សាលា​រៀន​សន្ធរម៉ុក​ ដែល​មហា​ជន​បាន​រិះគន់​យ៉ាង​​ខ្លាំង​ក្លា​ពី​ឥទ្ធិព​មិន​ល្អ។ តែ​ក្រោយ​មកនាង​តារាចម្រៀងស្រី​យ៉េយ៉េ សម្បូរ​ក្បាច់​រាំ​ញ័រញាក់​យ៉ាង​រស់​រវើក​​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស​ កញ្ញា ​​ទេព បូព្រឹក្ស ត្រូវ​បាន ក៏​បាន​ចេញ​វីដេអូ​សុំ​ទោស​មហាជន​ផង​ដែរ៕​

Advertisement