សន ផល្លីកា បង្ហាញសកម្មភាព ក្រោយពីមានដំណឹងថា តាំងគភ៌

ក្រោយពីមានលេចឮដំណឹងថា តារាចម្រៀងស្រីកញ្ញា សន ផល្លីកា កំពុងតែមានផ្ទៃពោះប្រមាណជាពី 7 ទៅ8ខែ និងទំហំគភ៌បានរីកយ៉ាងធំពេលជិតគ្រប់ខែហើយនោះ ស្រាប់តែថ្មីៗ​នេះ​នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន កញ្ញា សន ផល្លី​កា បាន​បង្ហោះ​រូបភាពជាច្រើនសន្លឹកដែលស្ដែងឱ្យឃើញពីសកម្មភាពក្រៅឆាកថត MV របស់បទចម្រៀង ​«​សប្បាយ​ចុះ​ ពេល​ខ្ញុំ​មិន​នៅ​» ដែលជាបទចម្រៀងថ្មីបស់នាង និងដឹកនាំសម្ដែងដោយ លោក Eco Vaksong បានបង្ហាញឱ្យឃើញថា ព័ត៌មានដែលបានចេញផ្សាយថា នាងកំពុងតាំងគភ៌នោះ គឺគ្រាន់តែជាដំណឹងលេចឮចចាមអារ៉ាមតែប៉ុណ្ណោះ។

ប្រភពពីមិត្តសិល្បៈរួមទ្រនំជាមួយគ្នា បានបង្ហើបប្រាប់សារព័ត៌មានឡារ៉ែនថា តារាស្រី សន ផល្លីកា បានចូលច្រៀងវិញហើយ និងកំពុងថតបទចម្រៀងថ្មីៗត្រៀមចេញលក់នៅក្នុងពេលឆាប់ៗនេះ ហើយនាងរំពឹងថា បទថ្មីៗនឹងទទួលបានការគាំទ្រខ្លាំងពីអ្នកគាំទ្ររបស់នាងទៀតផង។

គួររំឭកផងដែរថា កញ្ញា  សន ផល្លី​កា ធ្លាប់បានបកស្រាយពីបញ្ហាដែលបាន​បាត់​មុខ​ពី​ការ​ច្រៀង​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​អស់​រយៈពេល​ជាច្រើន​ខែ​​ ដោយសារតែនាងមានបញ្ហាសុខភាព ជាពិសេស​ត្រូវ​វះ​យកដុំគីស្ត​នៅលើ​ដៃចេញ។ ទន្ទឹមនឹងនោះ តារាស្រីរូបនេះ ក៏បានចេញវីដេអូបកស្រាយបញ្ចប់ការសង្ស័យនេះផងដែរ កាន់តែជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

Advertisement