មកស្គាល់តារាចម្រៀងខ្មែរ 7ដួង ដែលល្បីឈ្មោះក្នុងអំឡុងទសវត្សរ៍1990-2000

តាមរយៈទំព័រហ្វេសប៊ុក Movie Star Research នៅថ្ងៃទី29 ខែមករា ឆ្នាំ2018 នេះបានឱ្យដឹងថា ការប្រមូលផ្តុំតារាជើងចាស់ប្រុសស្រីល្បីៗកាលពីទសវត្សរ៍ឆ្នាំ1990-2000 បន្ទាប់ពីពួកគាត់បានបាត់មុខពីពិភពសិល្បៈអស់ពេលដ៏យូរមក ឥឡូវនេះពួកគាត់បានវិលត្រឡប់មកកាន់វិថីសិល្បៈសាជាថ្មី និងមានវត្តមានម្ដងទៀតនៅក្នុងក្រុមតារាខ្មែរ Popular ដែលបានបង្កើត និងរៀបចំដោយអ្នកនាង ស៊ិន ឧត្ដមផល្លា រួមជាមួយអ្នកនាង ចិន្ដា រ៉ាវី។

ចង់ដឹងថា តើមានតារាណាខ្លះនោះ សូមតាមដានបន្ត…។

1- លោក ម៉េង ប៊ុនឡូ គឺជាតារាឯកប្រុសនៅក្នុងរឿង “ចៅពស់កេងកង”។ លោក ឡូ បានបាត់មុខមួយរយៈដោយសារតែលោកជាប់រវល់ជាមួយមុខរបរបើកស្ទូឌីយោ និងបង្កើតវង់ភ្លេង។

2- កញ្ញា ឡាយ លក្ខិណា គឺជាតារាសម្ដែង តារាចម្រៀង និងជាពិធីការិនីដ៏ល្បីល្បាញក្នុងអំឡុងទសវត្សរ៍1990-2000  តែក្រោយមកបានបាត់មុខមួយរយៈយ៉ាងយូរពីពិភពសិល្បៈ ដោយសារតែកញ្ញាជាប់រវល់ជាមួយមុខជំនួញលក់សម្លៀកបំពាក់ តែបច្ចុប្បន្ននេះកញ្ញាបានវិលមកពិភពសិល្បៈវិញហើយ។

3- លោក ព្រីង ច័ន្ទបុត្រ គឺជាតារាសម្តែងដ៏ល្បីល្បាញមួយរូបកាលពីទសវត្សរ៍ 2000 លោកគឺជាតួអង្គនាយ ពេជ្រ នៅក្នុងរឿង “ទុំទាវ” និងបានបាត់មុខពីពិភពសិល្បៈអស់មួយរយៈធំកាលពីពេលកន្លងមក។

4- កញ្ញា ឡេង មុន្នីរចនា គឺជាតារាសម្តែង ពិធីការិនី និងជាតារាចម្រៀងយេៗដ៏ល្បីឈ្មោះមួយរូបកាលពីទសវត្សរ៍2000 រហូតមកដល់បច្ចុប្បន្នតារាស្រីរូបនេះបានបង្ហាញវត្តមានឡើងវិញនៅក្នុងក្រុមតារាខ្មែរ Popular ផងដែរ ។

5- កញ្ញា គង់ ច័ន្ទសូរីយា គឺជាតារាចម្រៀងយេៗដ៏ល្បីឈ្មោះមួយដួងផងដែរក្នុងទសវត្សរ៍1990-2000 តែក្រោយមកបានបាត់មុខពីពិភពសិល្បៈអស់មួយរយៈ ដោយសារកញ្ញាជាប់រវល់ជាមួយមុខជំនួញលក់ផលិតផលគ្រឿងក្រអូប បច្ចុប្បន្ននេះកញ្ញាបានវិលត្រឡប់ចូលមកដើរលើវិថីសិល្បៈវិញហើយ។

6- អ្នកនាង ចិន្ដា រ៉ាវី គឺជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់នៅក្នុងក្រុម ស្រមោចក្រហម ក្នុងទសវត្សរ៍ឆ្នាំ 2000 អ្នកនាងបានផ្អាកពីសិល្បៈមួយរយៈ ដោយសារអ្នកនាងរវល់ជាមួយមុខជំនួញ ឥឡូវនេះអ្នកនាងបានវិលមកចូលពិភពសិល្បៈវិញហើយ។

7- អ្នកនាង ស៊ិន ឧត្ដមផល្លា គឺជាតារាចម្រៀងខាងភាសាបរទេស តារារូបនេះបានបាត់មុខក្នុងពិភពសិល្បៈអស់រយៈពេលដ៏យូរ ព្រោះរវល់ជាមួយមុខរបរលក់សម្ភារបុណ្យ ឥឡូវនេះអ្នកនាងបានវិលត្រឡប់មកវិញហើយ ហើយអ្នកនាងក៏បានថតរឿងភាគជាបន្តបន្ទាប់ដែរ។ អ្នកនាងបានបង្កើតក្រុមតារាខ្មែរ Popular សម្រាប់ទទួលច្រៀងក្នុងកម្មវិធីមង្គលការ ជប់លៀង ខួបកំណើត និងកម្មវិធីខនសឺតជាដើម ដោយទទួលទាំង​ 25ខេត្ត-ក្រុង៕

Advertisement