ប៊ុត សីហា ត្រូវសមត្ថកិច្ចចាប់ខ្លួនករណីប្រើប្រាស់គ្រឿងញៀន

នៅថ្ងៃម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក  «The Voice Cambodia» រដូវកាលទី១ គឺលោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្នុងករណីប្រើប្រាស់គ្រឿងញៀននៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា កម្លាំងនគរបាលពិតជាបានចាប់ខ្លូនលោក ប៊ុត សីហា ដែលជាម្ចាស់ជយលាភី «The Voice Cambodia» រដូវកាលទី១ របស់ស្ថានីយទូរទស្សន៍ ហង្សមាស ប្រាកដមែន នៅវេលាម៉ោងប្រមាណជា 5 និង30នាទីល្ងាច ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2018 នៅពេលដែលរូបគេកំពុងទៅទិញគ្រឿងញៀនដើម្បីជក់ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ បន្ទាប់ពីបានសួរនាំរួចមក សមត្ថកិច្ចរកឃើញថា ប៊ុត សីហា គ្រាន់តែពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះ មន្រ្តីមានសមត្ថកិច្ចក៏បានចាត់ចែងឱ្យកម្លាំងជំនាញទាក់ទងទៅអាណាព្យាបាល និងក្រុមគ្រួសារ ដើម្បីមកធានាយកទៅធ្វើការអប់រំ និងដាក់នៅមណ្ឌលបន្សាបគ្រឿងញៀនជាបន្ត។

សូមជម្រាបបន្ថែមថា តារាចម្រៀងរូបនេះទើបតែបានបង្ហាញវត្តមាននៅក្នុងពិភពសិល្បៈឡើងវិញ បន្ទាប់ពីបានបាត់មុខអស់មួយរយៈមក តែនៅមិនទាន់បានសាងប្រជាប្រិយភាពឡើងវិញផង ក៏ស្រាប់តែផ្ទុះរឿងអាស្រូវនេះឡើងទៀតតែម្ដង ធ្វើឱ្យអ្នកគាំទ្រ និងមហាជនទាំងឡាយមានក្ដីអស់សង្ឃឹមចំពោះរូបលោកជាខ្លាំង៕

Advertisement