អ៊ី វ៉ា ច្រានចោលព័ត៌មានចូលហង្សមាស និងថោន

កន្លងមកថ្មីនេះៗ ធ្លាប់មានលេចឮព័ត៌មានខ្សឹបខ្សៀវតៗគ្នាមកថា តារាចម្រៀងស្រីល្បីឈ្មោះនៅសាន់ដេនាង អ៊ី វ៉ា ត្រូវបានគេសង្ស័យថា បានស្ពាយបង្វេចដើរចេញពីផលិត​កម្មសាន់ដេទៅចូល​ហង្សមាសបាត់ទៅហើយ ព្រោះនាងបានចប់កុងត្រាជាមួយសាន់ដេហើយ ​ហើយតារាស្រីវ័យក្មេងរូបនេះត្រូវបានផលិតកម្មធំពីរចាប់អារម្មណ៍ និងកំពុងព្យាយាមអូសទាញមកធ្វើជាសមាជិកថ្មីរបស់ខ្លួនជាយូរមកហើយ។

តារាចម្រៀងដែលមានប្រភពមកពីខេត្តកំពង់ស្ពឺរូបនេះធ្លាប់បានសារភាពថា ផលិតកម្មហង្សមាស​ និងថោន ​គឺពិត​ជាធ្លាប់បានទាក់ទងមកនាងប្រាកដមែន តែនាងកំពុងពិចារណាឱ្យបានច្បាស់លាស់ជាមុនសិនថា តើគួរតែទៅនៅផលិតកម្មណា? ហើយពេលនេះទោះជានាងមិនទាន់បានបន្ដកុងត្រាថ្មីជាមួយសាន់ដេនៅឡើយមែន ប៉ុន្ដែខាងផលិតកម្មសាន់ដេនៅតែចាត់ទុកនាងជាតារាម្នាក់ដែលគេចង់រក្សាទុក ហើយមានលក្ខខណ្ឌល្អៗដែលអាចឱ្យនាងនៅបន្ដបាន…(មែនហ្អេ៎ អ៊ីវ៉ា?)។

យ៉ាងណាមិញថ្មីៗនេះ តារាចម្រៀងស្រីរូបនេះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំមិនមែនជាអ្នកចម្រៀងហង្សមាស ហើយក៏មិនបានចូលថោនដែរ នាងខ្ញុំមិន​ទាន់ចង់និយាយ​មុន​ទេ ព្រោះទោះជាចប់កុងត្រាជាមួយសាន់ដេមែន តែនាងខ្ញុំនៅតែជាអ្នកចម្រៀងរបស់សាន់ដេនៅឡើយ»។

បើតាមមតិមហាជន គេបានមើលឃើញថា កញ្ញាអ៊ី វ៉ាមានកេរ្តិ៍ឈ្មោះល្បីរហូតមកដល់ពេលនេះគឺដោយសារបានផលិតកម្មសាន់ដេជាអ្នកបណ្ដុះបណ្ដាលសុទ្ធសាធ ហេតុនេះហើយបើអ្នកចម្រៀងរូបនេះចេញពីសាន់ដេទៅជ្រកទ្រនំហង្សមាសនោះ វាអាចនឹងប្រឈមមុខចំពោះគូប្រជែងជាច្រើន ព្រោះទ្រនំធំមួយនោះប្រជុំទៅដោយកំពូលតារាចម្រៀងមានសមត្ថភាពខ្លាំងៗជាងអ៊ីវ៉ាច្រើនណាស់។ (គិតឱ្យស្រួលណា៎ អ៊ី វ៉ា បេលនៅចាំជួយជាកម្លាំងចិត្ត ឌើ!)៕

Advertisement