ហៃយ៉ា!! ករុណា ពេជ្រ ច្រឡោតចំពោះព័ត៌មាន មាស សុខសោភា ចូលហង្សមាស

ថ្មីនេះៗ បន្ទាប់ពីលេចឮឡើងនូវព័ត៌មានថា មាស សុខសោភា តារាចម្រៀងស្រីប្រចាំផលិតកម្មថោន បានដោះដៃពីទ្រនំ ចាស់ ហើយទៅចុះកុងត្រាថ្មីជាមួយផលិតកម្មហង្សមាសនោះ ភ្លាមៗស្រាប់តែអ្នកគ្រប់គ្រងផលិតកម្មថោនលោក ករុណា ពេជ្រ បានចេញមកលោតច្រឡោតតោតតូង(ដូចម៉ុងសាយ) និងពន្លះអ្នកសារព័ត៌មានញ៉ែតៗម៉ារយៗនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនតែម្ដង។

តារាប្រុសមានតំណែងធំនៅក្នុងផលិតកម្មរូបនេះ បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា  «សូមសរសើរ…នេះបានចំជាសារព័ត៌មានផស់គេមែន មានជំនាញពិតប្រាកដ…សម្ភាសអ្នកណា ដាក់ឈ្មោះអ្នកហ្នឹង អ៊ីចឹងបានឡូយ…សារព័ត៌មានដែលអត់ជំនាញ និងអត់ច្បាស់ការ គឺតែងតែសរសេរថា តាមពាក្យចចាមអារ៉ាម  តាមប្រភពស្និទ្ធ  តាមរយៈបុគ្គលិកដែលមានតួនាទីធំ…ល និងល។ សម័យនេះហើយនៅសល់សារព័ត៌មានអ៊ីចឹងទៀតឬ…hmmmmmmmmm…»។ លោកបានបញ្ជាក់នៅខាងក្រោមសារព័ត៌មានមួយថា «បងប្រុសកញ្ញា មាស សុខសោភា បានបញ្ជាក់ហើយថា ប្អូនស្រីគាត់អត់បានទៅណាទេ»(ឮ?!)។

សូមជម្រាបបន្ថែមថា លោក មាស សុខរតនៈ បងប្រុសបង្កើតមាស សុខសោភា បានច្រានចោលដំណឹងនេះដោយបកស្រាយប្រាប់​អ្នកសារព័ត៌មានថា «ខ្ញុំ ​និង​ប្អូន​ស្រី​បាន​​ផុត​កុង​ត្រា​នៅ​ថោន​​មែន​ ហើយ​មិន​​ចាំ​បាច់​ចុះ​កុង​ត្រា​តទៀត​ក៏​បាន​ដែរ​​ ព្រោះ​យើង​ធ្វើ​ការ​​​​នៅ​ថោន​ដោយ​ក្ដី​ស្រឡាញ់​ពេញ​បេះ​ដូង​ ដូច្នេះ​កុង​ត្រា​​​មិន​សំខាន់​ទេ។ បើ​សិន​ជា​យើង​ធ្វើ​ការនៅ​​កន្លែង​ណា​មួយ​ដែលផ្ដល់​ស្នាម​ញញឹម​ និង​ភាព​រីករាយ​ដល់​យើង​ហើយនោះ មាន​រឿង​អ្វី​ដែលយើង​ត្រូវ​ដើរ​ចេញ?!​»៕ ​

Advertisement