ឆុំ វ​ត្តី និយាយពីរឿងសម្ដែងដំបូងជាមួយអ្នកនាង អម្ពរ ទេវី  

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី ឆុំ វ​ត្ដី នៅថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាស្រីរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងតារារៀមច្បងជាច្រើនដួង ដែលនាងបានទទួលសម្ដែងរឿងភាគថ្មីមួយទៀតមានចំណងជើងថា « ម្ចាស់ក្រោលដំរី » ។

តាមរយៈរូបភាពដែលបានបង្ហោះនោះ គេមើលឃើញថា តារាស្រី ឆុំ វ​ត្តី បានបង្ហាញភាពស្និទ្ធស្នាល និងគោរពស្រឡាញ់តារាស្រីរៀមច្បងខ្លាំងមែនទែន នោះគឺ អ្នកនាង អម្ពរ ទេវី  នាងថែមទាំងបានរៀបរាប់ប្រាប់ថា « ទី​បំផុតខ្ញុំបានជួបនឹងសំដែងជាមួយរៀមច្បងនឹង​ជា​ Idol របស់ខ្ញុំ​ហើយ​ សូមកុំភ្លេចរង់ចាំទស្សនា​ក្នុងពេលឆាប់ៗនេះ..រឿង (ម្ចាស់ក្រោលដំរី) »។ តារាសម្បុរស្រអែមរូបនេះបានបន្ថែមថា «នៅតូចធ្លាប់តែមើលគាត់ ចង់ថតធ្វើតួដូចគាត់ ឥលូវបានថតរឿងថ្មីជាមួយគាត់ហើយ គាត់នៅតែក្មេងឯងខ្ញុំវិញចាស់ជិតប៉ុនគាត់ហើយ  ប្រជ្រុយខុសគ្នាមួយលើមួយក្រោមតើ….Idol របស់ខ្ញុំ »។

សូមជម្រាបបន្ថែមថា ក្រោយបានត្រឡប់​មកដល់​ស្រុក​ខ្មែរ​កាលពី​ខែមករា​ភ្លាម​តារា​សម្តែង​ជើងចាស់ អម្ពរ ទេវី បាន​សម្រុក​ថត​រឿង​ភាគ​ដំបូង​របស់​ទូរទស្សន៍​ស៊ី​ធី​អិនដែលមាន​ចំណងជើង​ថា «​ឆន្ទា​» ។ អ្វីដែល​កត់សម្គាល់​ថត​រឿង​ភាគ​មួយ​នេះ​មិនទាន់​ចប​ស្រួលបួល​ផង អម្ពរ ទេវី បាន​ថត​រឿង​ទី​ពីរ​ដែលបាន​ក្រុង​ពាលី​កាលពី​ថ្ងៃទី 22 នៅ​ខេត្តបាត់ដំបង ។ ក្រៅពី​អ្នកនាង អម្ពរ ទេវី ក៏មាន​ការចូលរួម​សម្តែង​ពី​សំណាក់​ដៃគូ​ដ៏​សក្តិសម​របស់ អ្នកនាង​គឺ​លោក ទេព រិ​ន​ដា​រ៉ូ ។ សម្រាប់​តួឯក​គឺ​លោក អ៊ុន សិទ្ធា និង ស្រី​ស្អាត ឆុំ វ​ត្តី ។​ ក្រៅពីនេះក៏មានការចូលរួមសម្តែងពីសំណាក់តារាល្បីៗជាច្រើនដែលមានដូចជាលោក ជា សំណាង និង នាងអ៊ីត ជាដើម ៕

Advertisement