ឌុ​ច សុភា វិលចូលសិល្បៈវិញ និងបង្ហាញមុខសម្តែង​រឿង​ជាថ្មី​

បន្ទាប់ពីបានបាត់មុខចេញពីពិភពសិល្បៈអស់មួយរយៈធំមក ខណៈនេះតារាសម្ដែងស្រីដែលធ្លាប់មានប្រជាប្រិយភាពខ្លាំង គឺអ្នកនាង ឌុ​ច សុភា បានត្រឡប់មកសម្ដែងរឿងវិញហើយ។ បើតាមការបង្ហោះរូបភាពរបស់អ្នកនាងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេមើលឃើញថា អ្នកនាងកំពុងតែសម្ដែងរឿងភាគទូរទស្សន៍មួយ តែអ្នកនាងមិនបានបញ្ជាក់ប្រាប់ពីចំណងជើងរឿង និងជារឿងរបស់ស្ថានីយទូរទស្សន៍ណាមួយឡើយ។

សូមរំឭកបន្ដិចថា ការបាត់មុខពីវីដេអូចម្រៀងរបស់រស្មីហង្សមាស អស់រយៈពេល 3 ឆ្នាំមកនេះ អ្នកនាង ឌុច សុភា ក៏ហាក់បីដូចជាបាត់មុខពីពិភពសិល្បៈខ្មែរដូចគ្នាដែរ ដោយគេសង្កេតឃើញថា អ្នកនាងមិនមានសម្ដែងរឿង ឬវីដេអូចម្រៀង MV ណាមួយឡើយ។ គេសម្គាល់ឃើញថា បទចម្រៀងដែលតារាស្រីរូបនេះបានសម្ដែងចុងក្រោយគេមុនពេលបាត់មុខនោះ គឺបទ “Call មកបង ម្ដេចសុំលេខគេ” របស់ផលិតកម្មរស្មីហង្សមាស កាលពីឆ្នាំ 2014 ដែលជាបទមួយច្រៀងដោយលោក ព្រាប សុវត្ថិ និងជាបទដែលនិពន្ធទំនុកច្រៀងដោយលោក សុខ ចាន់ផល ។

គួរបញ្ជាក់ផងដែរថា ​ក្រោយពី​សម្ងំ​ហាត់ប្រាណ​សម្រក​រាង និងពត់​ធ្មេញ​អស់មួយរយៈ​មក ​តារា​សម្តែង​ដែល​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង ឌុ​ច សុភា បាន​ហក់​ចូលក្នុងការសម្តែង​ជាថ្មីម្ដងទៀត ​ដោយ​នាង​មានឱកាស​បាន​សម្តែង​ជា​តួ​សំខាន់​នៅក្នុង​រឿង​មួយ​ ដែល​ពេលនេះ​កំពុងដំណើរការ​ថត​បា​ន​មួយរយៈ​ហើយ។ ផងដែរនោះ អ្នកនាង ឌុ​ច សុភា មិនទាន់​ប្រាប់ថា ​នាង​សម្ដែងជា​តួ​ប្រភេទ​ណា​ឡើយ។ តែយ៉ាងណាមិញ ​បើតាម​ប្រភព​ដែលធ្លាប់​ស្និទ្ធស្នាល​ជាមួយ​តារា​រូបនេះ​បាន​និយាយថា​ កន្លងមក​ក្រៅតែពី​តួឯក ឌុ​ច សុភា មិន​ទទួល​សម្តែង​ឡើយ ​ព្រោះ​មិន​ចង់ឱ្យ​ធ្លាក់​តម្លៃ​ខ្លួន តែក៏មិនអាចទស្សន៍ទាយបានថា ឥឡូវនេះប្រជាប្រិយភាពរបស់នាងអាចទទួលបានការគាំទ្រដូចមុន ឬយ៉ាងណានោះទេ៕

Advertisement