គ្រួសារ​តារា​កម្ពុជា ធ្វើឱ្យ​កក្រើក​ក្រុង​តាខ្មៅ​កាលពី​ល្ងាចម្សិលមិញ​

បន្ទាប់ពី​បាន​បង្កើត​ព្រឹត្តិការណ៍​ដ៏​កក្រើក និង​ជោគជ័យ នៃ​កម្មវិធី « រាំ-ច្រៀង និង​ដើរ​លើ​កម្រាលព្រំ» នៅ​សាកល​វិទ្យា ន័​រ​តុ​ន កាលពី​ឆ្នាំមុន ដើម្បី​ស្វែងរក​មូល​នី​ធី​មនុស្សធម៌​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ឧបត្ថម្ភ​កុមារកំព្រា រួមជាមួយ​នឹង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ផងដែរ​នោះ នៅ​ល្ងាច​ថ្ងៃទី09 ខែមេសា ឆ្នាំ2017 ម្សិលមិញ​នេះ គ្រួសារ​តារា​កម្ពុជា បានរៀបចំ​មហា​ព្រឹត្តិការណ៍​លើក​ទី 2 របស់ខ្លួន នៅក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុនសែន សេរីភាព ក្រុង​តាខ្មៅ ក្រោម​ការចូលរួម​ពី​សំណាក់​តារា​ដែលជា​សមាជិកគ្រួសារ​តារា​កម្ពុជា​ប្រមាណ​ជាង40នាក់ ព្រមទាំង​សិស្ស -និស្សិត យ៉ាងច្រើន​ណែនណាន់តាន់តាប់ សរុប​រហូត​ប្រមាណ​ជាង1000នាក់ ។

ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា លោក ផាត់ តារា​រដ្ឋ បានឱ្យ​ថា ចំពោះ​កម្មវិធី​មួយ​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ចម្បង​បំផុត​គឺអាច​ស្វែងរក​ថវិកា​ដើម្បី​ជួយឧបត្ថម្ភ និង​ចូលរួម​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក៏ដូចជា​ជួយ​ដល់​សកម្មភាព​សង្គម និង​មនុស្សធម៌​ផងដែរ ។ លោក​ថា ចំពោះ​ថវិកា​ដែល​ចំណាយ​ទៅលើ​ការ​រ៉ាប់រង​ចំពោះ​អ្នកសិល្បៈ ក៏ដូចជា​ថ្លៃ​ធ្វើដំណើរ ថ្លៃ​ឆាក​ប្រគំ​តន្ត្រី​ជាដើម គឺជា​ការចំណាយ​ផ្ទាល់​របស់​សមាជិកគ្រួសា​រ​តារា​កម្ពុជា រួមជាមួយ​នឹង​ក្រុម​ដំបូល​តែមួយ​ជា​អ្នក​ឧបត្ថម្ភ ដោយឡែក​ចំពោះ​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ភេសជ្ជៈ នំចំណី ក៏ដូចជា​ចំណូល​ពី​ការផ្ញើ​យានយន្ត​នានា ត្រូវបាន​រៀបចំ​ទុក​សម្រាប់​មូល​នី​ធិ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា។ លោក​បញ្ជាក់ថា ជាមួយនឹង​សកម្មភាព​មនុស្សធម៌​ខាងលើនេះ គ្រួសារ​តារា​កម្ពុជា នឹងមាន​គម្រោង​រៀបចំ​ជា​រៀងរាល់ឆ្នាំ ដើម្បី​លើកស្ទួយ​វិស័យ​សិល្បៈ​ផង ក៏ដូចជា​ចូលរួម​ជួយ​សម្រាល​បន្ទុក​សង្គម​ជាតិ​ផងដែរ ។

Advertisement

ថ្លែង​នៅក្នុង​ឱកាស​ដ៏​សែន​រីករាយ​នា​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះ កញ្ញា ទេ​ព្យ បូ​ព្រឹក្ស កំពូល​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​ប្រចាំ​នៅក្នុង​ផលិតកម្ម ហង្ស​មាស ដែល​ស្ថិតនៅក្នុង​មហា​ព្រឹត្តិការណ៍​មួយ​នេះ បានបង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​យ៉ាង​ដូច្នេះ​ថា ៖ « ខ្ញុំ​ពិតជា​រំភើប​មែនទែន នៅពេលដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ ជាពិសេស​នៅពេលដែល​បានឃើញ​បងប្អូន​មក​គាំទ្រ​យ៉ាងច្រើន​បែបនេះ ។ ទោះជា​ខ្ញុំ​មិនបាន​ទទួល​កម្រៃ ក៏​រីករាយ និង​សប្បាយ​ជាមួយ​បងប្អូន ហើយ​បើ​មានកម្ម​វិធី ឬ​ព្រឹត្តិការណ៍​ដូចនេះ​នៅពេលក្រោយៗទៀត ខ្ញុំ​នឹង​ព្យាយាម​ចូលរួម​ជា​បន្ត » ។

ស្រដៀង​គ្នា​ទៅនឹង​កំពូល​តារាចម្រៀង​ស្រី​ខាងលើនេះ ពិធីករ​វ័យក្មេង ដែលមាន​ប្រជាប្រិយភាព​គួរសម នាយ ព្រែក ក៏បាន​បង្ហាញ​ពី​ទស្សនៈ​ផងដែរ​ថា ៖ «ពិតជា​មិនធម្មតា​មែន នេះ​សម្រាប់​ថ្ងៃនេះ គឺជា​លើក​ទី2របស់ខ្ញុំ​ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​របស់​គ្រួសារ​តារា​កម្ពុជា ខណៈដែល​ការចូលរួម​លើក​ទី1 គឺ​នៅក្នុង​ព្រឹត្តិការណ៍ វិហារ​សួគ៌​ស​ង្ក្រា​ន ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី08 ខែមេសា ឆ្នាំ2017 ។ វា​ពិតជា​អស្ចារ្យ​បំផុត នៅពេលដែល​បងប្អូន ជាពិសេស សិស្ស- និស្សិត ភាគច្រើន​សុទ្ធតែ​បានបង្ហាញ​ពី​ភាព​រីករាយ សប្បាយ ជាមួយនឹង​កម្មវិធី រាំ – ច្រៀង ដើម្បី​ស្វែងរក​មូល​នី​ធី​សប្បុរសធម៌​នាពេលនេះ ហើយ​បើសិនជា​អាច ខ្ញុំ​ចង់ឃើញ​ព្រឹត្តិការ​បែបនេះ​ទៀត ដើម្បី​ខ្ញុំ​បាន​ចូលរួមចំណែក​ផង» ៕

Advertisement